អាជ្ញាធរខេត្ត​អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ទទួលបាន​លទ្ធផល​ល្អប្រសើរ​

821
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: មានប្រសាសន៍​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​ការងារ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គណបក្សនយោបាយ អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ និង អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត និង គោរព​ច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និង ក្រមសីលធម៌​សម្រាប់​ការបោះឆ្នោត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង ភាពថ្លៃថ្នូរ ធ្វើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ទិដ្ឋភាព​ច្បាប់ និង ទាំង​ទិដ្ឋភាព​បច្ចេកទេស ក្រោម​បរិយាកាស​សន្តិភាព មាន​ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ និង មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ ដោយ​គ្មាន​ការ​គម្រាមកំហែង និង គ្មាន​អំពើហិង្សា​នោះឡើយ ។​

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​ទៀតថា សមិទ្ធផល​ដែល​សម្រេចបាន​ទាំងនេះ អាស្រ័យ​ដោយ​យើងទាំងអស់គ្នា ទាំង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់ គណបក្សនយោបាយ និង អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ធ្វើការ​កែលម្អ​ដំណើរការ​បោះឆ្នោត ទាំង​ក្របខណ្ឌ​ច្បាប់ និង ក្របខណ្ឌ​បច្ចេកទេស ពី​ការបោះឆ្នោត​មួយ ទៅ​ការបោះឆ្នោត​មួយទៀត ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការប្រមែប្រមូល​អនុសាសន៍ និង ធាតុ​ចូល​ពី​គ្រប់​មជ្ឈដ្ឋាន និង ធ្វើការ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង ច្បាប់បោះឆ្នោត ការរៀបចំ​បញ្ជី​បោះឆ្នោត ។​

​ចំណែក​លោក នឹម វ៉ាន់​សំ ប្រធាន​គណ​:​កម្ម​ការរៀបចំ​កាត​បោះឆ្នោត​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ជាទូទៅ​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ត្រូវបាន​មតិ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​សង្កេតមើល​ការបោះឆ្នោត ភាគច្រើន​វាយតម្លៃថា បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សន្តិភាព ស្ងប់ស្ងាត់​ល្អ គ្មាន​ការ​គម្រាមកំហែង គ្មាន​អំពើហិង្សា ប្រកបដោយ​ភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម​លទ្ធិប្រជាធិបតេយ្យ ហើយ​ការបោះឆ្នោត​ត្រូវបាន​រៀបចំ​កាន់តែ​ល្អប្រសើរ​ឡើង ទាំង​ទិដ្ឋភាព​ច្បាប់ និង ទាំង​ទិដ្ឋភាព​បច្ចេកទេស បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​ឆ្នាំ​២០១៣ ។​

​លោក នឹម វ៉ាន់​សំ បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គណបក្សនយោបាយ​ទាំង​១៨ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ​ខេត្តសៀមរាប ដែល​អនុវត្តបាន​យ៉ាង​ពេញលេញ​នូវ​សិទ្ធិ និង​ករណី​កិច្ច​របស់ខ្លួន ដូច​មានចែង​ក្នុង​ច្បាប់ បទបញ្ជា និង នីតិវិធី និង ក្រមសីលធម៌​សម្រាប់​គណបក្សនយោបាយ បេក្ខជន និង ភ្នាក់ងារ​គណបក្សនយោបាយ ប្រកបដោយ​ភាពថ្លៃថ្នូរ និង ការទទួលខុសត្រូវ​ខ្ពស់ ដែល​កាយវិការ​ដ៏​ប្រសើរ​នេះ សរ​បញ្ជាក់​ឲ្យ​ឃើញច្បាស់​នូវ​ភាពចាស់ទុំ​ខាង​នយោបាយ និង រួមចំណែក​ក្នុងការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា​៕ ល​