អាជ្ញាធរជាតិអប្សរាបូមទឹកបំពេញ​ស្រះប្រាសាទអង្គរវត្ត

119
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត ដោយក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងអង្គរចាប់ពីថ្ងៃទី២៧ ខែធ្នូមកម៉្លេះ។

ចំពោះការងារនេះដែរនឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ កុម្ភៈតទៅ តែដោយសារឆ្នាំនេះរដូវវស្សាខ្លី ហើយអាកាសធាតុក្ដៅជាងរាល់ឆ្នាំបានធ្វើឱ្យទឹកក្នុងស្រះនេះឆាប់ស្រកដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងថា គោលបំណងនៃការងារនេះ គឺដើម្បីលើកតម្លៃទេសភាពវប្បធម៌ក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ស្អាត ក៏ដូចជាសម្រាប់ឱ្យភ្ញៀវទេសចរបានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែលកន្លងមកភ្ញៀវទាំងនោះមិនដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។

គួរបញ្ជាក់ថា ការងារបូមទឹកនេះគឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយឡែកស្រះខាងជើងវិញក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលនិងស្ដារឡើងវិញ៕B/