ថៃបញ្ជូនប្រជាពលរដ្ឋខ្មែរ២នាក់មកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ

609
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ឲ្យវិល​មកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងចេញពីពន្ធនាគារ នាខេត្តស៊ីសាកេត ប្រទេស​ថៃរួចមក ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ក្នុងទឹកដីថៃ។

ពិធីប្រគល់និងទទួលប្រជាពលរដ្ឋចំនួន២នាក់ពីអាជ្ញាធរថៃ បានធ្វើឡើងកាលពី វេលាម៉ោង​១៥និង២០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ តាមច្រកអន្តរជាតិ ជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរ ចំនួន​២នាក់ ដែលត្រូវបានអាជ្ញាធរថៃប្រគល់ឲ្យមកភាគីកម្ពុជានោះ គឺត្រូវបានចាប់ខ្លួនកាល​ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ដោយចូលតាមច្រករបៀងអូរខ្សាច់ ជាប់ស្រុកអន្លង់់វែង ដោយឈមនឹងស្រុកកាប់ជើង ខេត្តស៊ីសាកេត ប្រទេសថៃ ហើយត្រូវបានថៃបញ្ជូនខ្លួនទៅជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ចាប់ពីពេលនោះ មករហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ ទើបដោះលែងឲ្យមាន សេរីភាពរួចបញ្ជូនមកស្រុកកំណើតវិញ។

សមត្ថកិច្ចបានបន្តថា ប្រជាពលរដ្ឋដែលត្រូវបានថៃដោះលែងគឺមានឈ្មោះ នៅ ស៊ុត ភេទ​ប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ាន់ ញ៉ក់ ភេទប្រុស អាយុ៣៤ឆ្នាំ។ អ្នកទាំងពីរ រស់នៅភូមិបន្ទាយចាស់ ឃុំត្រពាំងប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្រោយពីទទួលពីភាគីថៃរួចមក ភាគីកម្ពុជាបានធ្វើការអប់រំនិងណែនាំមិនឲ្យ​ធ្វើការឆ្លងដែនដោយខុសច្បាប់បែបនេះទៀតទេ ព្រោះវាប្រឈមមុខ​នឹងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង រួចឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ដើម្បីជួបជុំក្រុមគ្រួសារវិញ៕B/Ha



#