អាជ្ញាធរ​កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​១២២​នាក់​ទៅ​ប្រទេស​ដើម​វិញ​តាម​ច្រក​យន្តហោះ​ខេត្តសៀមរាប​

898
ចែករម្លែក

​(​សៀមរាប​)៖​កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានធ្វើ​ការបញ្ជូន​ជនជាតិ​ចិន​ចំនួន​១២២​នាក់​ចេញពី​ព្រះរាជណាចក្រ​កម្ពុជា​ទៅ​ប្រទេស​ដើម​វិញ​។​ជន​ជាតិចិន​ទាំងនោះ​មាន​ស្រី​ចំនួន​១៦​នាក់​ដែល​ពួកគេ​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (VOIP)​។​

ការបញ្ជូន​ជនជាតិ​ចិន​ទាំងនេះ​បានធ្វើ​ឡើង​អនុវត្តន៍​តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ សហការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ដោយ យក​យន្តហោះ​ពិសេស ចំនួន ២​គ្រឿង មក​ទទួល នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​កាលពី​រសៀល ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ នគរបាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចូលរួម សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បើក​ប្រតិបត្តិ​ការណ៍ បាន​ចុះបង្ក្រាប​ជនបរទេស​ខុសច្បាប់ ចំនួន ២​គោលដៅ​។​

​ប្រភពពី​មន្ត្រី​ដដែល​បាន​បន្តថា​គោលដៅ នៅ​ចំណុច ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស ឆបោក គំរាម​គំហែង ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ បច្ចេកវិទ្យា ទូ​គមនាគមន៍ (VOIP) ជា​ជន​ជាតិចិន ចំនួន​ជិត ២០០​នាក់​។

ក្នុងនោះ ស្រី ៣២​នាក់ រឹបអូស​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​មួយចំនួនធំ និង​បញ្ជី​ឈ្មោះ​ជនរងគ្រោះ​នៅ​ប្រទេស​ចិន ដែល​ពួកគេ​ខ​ល​ទៅ​គំរាម​ជំរិត​ទារប្រាក់ ។ ក្រោយពី​ធ្វើការ​សាកសួរ ទើប​ដឹងថា ជនសង្ស័យ​មានតែ ចំនួន ១២២​នាក់ ក្នុងនោះ ស្រី ១៦​នាក់ ប៉ុណ្ណោះ ដោយឡែក​អ្នកផ្សេង​មិន​ជាប់​ពាក់ព័ន្ធ​នោះទេ ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​បង្ក្រាបបាន ជនជាតិ​ចិន ប្រុស ស្រី ទាំងអស់នោះ ត្រូវបាន​សមត្ថកិច្ច​ស​ម្រេច​បញ្ជូន​យកទៅ​កន្លែង​ត្រៀម​បណ្ដេញចេញ របស់​ក្រុម​ប្រតិបត្តិការ​ទី​១ ខេត្ត សៀមរាប នៃ​នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី​រៀបចំ​ឯកសារ​គតិ​យុ​ត បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​៕S/​ដោយ​៖​ហូ​សាន់

​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​១២២​នាក់​ទៅ​ប្រទេស​ដើម​វិញ(រូប៖វ៉េបសាយ)