អាជ្ញាធរ​កូរ៉េខាងត្បូង​ប្តេជ្ញា​ចាប់​ក្រុម​ចម្រៀង BTS ឱ្យចូល​បម្រើកងទ័ព ដោយ​គ្មាន​ការលើកលែង ទោះ​ល្បី​ខ្លាំង​ដល់​ណាក៏ដោយ​

156
ចែករម្លែក

​ច្បាប់​របស់​កូរ៉េខាងត្បូង​តម្រូវឱ្យ​បុរស​វ័យក្មេង​ដែលមាន​សុខភាព​ល្អ​ទាំងអស់​ត្រូវ​បម្រើ​ក្នុង​វិស័យ​យោធា​របស់​ប្រទេស​យ៉ាងតិច​ពីរ​ឆ្នាំ​។ យុវជន ៧ នាក់​នៅក្នុង​ក្រុម​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព BTS នឹងត្រូវ​លះបង់​អាជីព​ច្រៀង​រាំ​ដើម្បី​ចំណាយ​ពេលវេលា​ក្រោម​ក្រសែភ្នែក​របស់​ពលទាហាន​ដែលជា​អ្នក​បង្វឹក​ម្នាក់​។​

​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា​ថា អាជ្ញាធរ​កូរ៉េខាងត្បូង​កំពុង​ប្រឈមមុខ​នឹង​ការអំពាវនាវ​ជា​សាធារណៈ​ខ្លាំង​ឡើង​ដើម្បី​លើកលែង​ដល់​ក្រុម BTS ដែលជា​ការលើកលែង​មួយ​ធ្លាប់​ផ្តល់ជូន​ដល់​សិល្បករ​សិល្បការិនី​និង​អត្ត​ព​លិ​ក​សំខាន់ៗ​របស់​ប្រទេស​នេះ​ម្តងម្កាល​ដែរ​។​

​យ៉ុ​ន​ហាប់​បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កូរ៉េខាងត្បូង​លោកស្រី ផាក យ៉ាង​វូ ថា “​ក្នុងករណី BTS ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​អនុញ្ញាត​ឱ្យមាន​ការលើក​លែង​សម្រាប់​ពួកគេ​ក្រោម​បទដ្ឋាន​ជាក់លាក់​ប៉ុន្តែ​រដ្ឋបាល​កម្លាំងយោធា​និង​ក្រសួងការពារជាតិ (​ទទួលបន្ទុក​ផ្នែក​កេណ្ឌ​ទាហាន​) មាន​ទំនោរ​ពង្រួម​វិសាលភាព​ទូទៅ​នៃ​ការលើកលែង​។ ខុសពី​ក្នុង​សិល្បៈ​បុរាណ​ឬ​កីឡា វា​ពិតជា​លំបាក​ក្នុង​ការកំណត់​លក្ខណៈវិនិច្ឆ័យ​នៃ​ការជ្រើសរើស​នៅក្នុង​វិស័យ​វប្បធម៌​និង​សិល្បៈ​ប្រជាប្រិយ ដែល​ធ្វើឱ្យ​វា​មានការ​លំបាក​ក្នុង​ការដាក់​ប្រព័ន្ធ​លើក​លែងឱ្យ​ក្លាយទៅជា​ស្ថាប័ន​មួយ​”​។​

​យោងតាម​លោកស្រី​រដ្ឋមន្ត្រី ក្រុម​តារាចម្រៀង BTS ត្រូវ​ប្រឈម​នឹង​ការ​រឹតត្បិត​ក្នុងការ​ចេញទៅ​ក្រៅប្រទេស ដោយសារ​ពួកគេ​មិនបាន​បំពេញ​កាតព្វកិច្ច​យោធា​របស់​ពួកគេ​។ យ៉ុ​ន​ហាប់​បាន​រាយការណ៍​ថា ព័ត៌មាន​លម្អិត​នេះ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ដល់​ផលិតករ​របស់​តារា K-pop ដែល​ចង់បាន​ការធ្វើដំណើរ​ប្រគំ​តន្ត្រី​នៅក្រៅ​ប្រទេស​ដោយ​សេរី​សម្រាប់​សិល្បករ​សិល្បការិនី​។​

​ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បាន​និយាយថា អាជ្ញាធរ​កំពុង​បង្កើត​គោលការណ៍​ណែនាំ​ថ្មី​សម្រាប់​សិល្បករ​សិល្បការិនី​និង​កំពុង​ឆ្ពោះទៅរក​ការដកចេញ​នូវ​ការ​រឹតត្បិត​សម្រាប់​អ្នក​ដែល​ត្រូវបាន​ណែនាំ​ដោយ​ក្រសួង​វប្បធម៌​។​

​រដ្ឋមន្ត្រី​បាន​និយាយថា​គោលការណ៍​ណែនាំ​នោះ​នឹង​រក្សា​ការលើកលែង​កាតព្វកិច្ច​យោធា​នាពេល​បច្ចុប្បន្ន​ដែលជា​ធម្មតា​ត្រូវ​បានផ្តល់​ចំពោះ​អត្ត​ព​លិ​ក​និង​សិល្បករ​សិល្បការិនី​ពិសេស​មួយចំនួន ប៉ុន្តែ​នឹង​តម្រូវឱ្យ​ពួកគេ​ចូលរួម​វិភាគទាន​សង្គម​កាន់តែច្រើន​។​

​គួរកត់សម្គាល់ តារាចម្រៀង​ជីន សមាជិក​អាយុ​ច្រើនជាងគេ​របស់ BTS ដែលមាន​ឈ្មោះ​ពិត​ថា គីម សឹក​ជីន ត្រូវបាន​តម្រូវ​ដោយ​ច្បាប់​ដើម្បី​ចុះឈ្មោះ​ចូល​បម្រើ​ជួរ​កងទ័ព​កូរ៉េខាងត្បូង​នៅ​ឆ្នាំ ២០២០ នៅពេលដែល​គាត់​មាន​អាយុ ២៨ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

BTS នឹងមិន​ទទួលបាន​ការលើកលែង​ក្នុងការ​បម្រើកងទ័ព​នោះឡើយ