អាជ្ញាធរ​កោះកុង​គ្រោង​ចាត់វិធានការ​ចំពោះ​សំណង់​អណាធិបតេយ្យ​តាម​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​ខែឧសភា​

888
ចែករម្លែក

​ដោយ​: សុ​ផានី​តា / កោះកុង​: អភិបាលខេត្ត​កោះកុង គ្រោង​នឹង​ចាត់វិធានការ​ដោះស្រាយ​បន្ទាន់​មួយ​ទៅលើ​សំណង់​អនាធិបតេយ្យ នៅតាម​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ក្រោយ​ពិនិត្យ​សិក្សា​រកឃើញថា បាន​លួច​សាងសង់​ជា​សំណង់​រឹងមាំ និង​រុករាន​កាន់កាប់​ដីធ្លី​សម្បត្តិ​រដ្ឋ ដោយ​រំលោភ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ស្រុក​។​

​បើ​គ្មានអ្វី​កែប្រែ​ទេនោះ នៅ​ខែឧសភា ខាងមុខនេះ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង នឹងមាន​ចំណាត់ការ​ក្តៅ​ណាមួយ ទៅលើ​ក្រុម​ម្ចាស់​អាជីវករ​ដែល​ឆ្លៀតឱកាស​លួច​សាងសង់​សំណង់​រឹងមាំ ឬ​រំលោភ​ដីធ្លី​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​ប៉ាក់​ខ្លង ពុំ​អនុញ្ញាត​បញ្ហា​នេះ​កើតមានឡើង​បន្ត​ទៀតឡើយ​។​

​ថ្លែង​តាមរយៈ​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៣ មេសា ថ្មីៗ​នេះ លោកជំទាវ​អភិបាលខេត្ត​កោះកុង លើកឡើងថា របាយការណ៍​វាយតម្លៃ​ពី​អំពើ​ប៉ះពាល់​តាម​តំបន់ឆ្នេរ​សមុទ្រ​ប៉ាក់​ខ្លង របស់​រដ្ឋបាល​ស្រុក​មណ្ឌលសីមា គឺ​បានមក​ដល់ដៃ​របស់លោក​ជំទាវ​ហើយ​។ លោកជំទាវ បន្ថែមថា មូល​ហេតុដែល​ពុំទាន់​អាចមាន​ជា​វិធានការ​ភ្លាមៗ ក៏​ព្រោះ​តែមាន​ភារកិច្ច​ដោះស្រាយ​បន្ទាន់​ជាច្រើន ពិសេស​គាប់​ជួន​មមាញឹក​រៀបចំ​ព្រឹត្តិការណ៍​កោះកុង​សង្ក្រាន្ត​បុណ្យចូលឆ្នាំថ្មី​ផង​។ ដូច្នេះ ទើប​រក្សាទុក​បញ្ហា​នេះ​បន្តិច​សិន ដោយ​រង់ចាំ​ខែឧសភា នឹង​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ពិនិត្យ​រក​វិធីសាស្ត្រ​ដោះស្រាយ​។​

​បើតាម​របាយការណ៍​ចុះ​ត្រួតពិនិត្យ​លម្អិត​បន្ថែម​លើ​សំណង់​អនាធិបតេយ្យ​របស់លោក អន ភារៈ អភិបាលរង​ខេត្ត ដែល​រស្មី​កម្ពុជា​ទទួលបាន​ល្ងាច​ថ្ងៃទី​២៦ មេសា​នេះ រកឃើញ​សំណង់ផ្ទះ និង​ដីធ្លី​ចំនួន​៣​ទីតាំង ដោយ​សំណង់​ទី​១- កំពុង​សាងសង់​ចំនួន​២​ខ្នង​ជា​ប្រភេទ​ផ្ទះ​ស្នាក់ សំណង់​ទី​២- សំណង់ផ្ទះ​ដែល​បាន​សង់​រួច និង​មាន​ដាំ​ណាំ​ជាច្រើន រីឯ​សំណង់​ទី​៣​នោះ គឺ​សំណង់​ទើប​សាងសង់​មាន​១​ខ្នង ស្ថិតនៅ​ចុង​ឆ្នេរសមុទ្រ​ក្បែរ​ខ្លោងទ្វារ​ចូល​ទីបញ្ជាការ​កងទ័ព​កោះ​យ៉​។ ការចុះពិនិត្យ​ទិដ្ឋភាព​ប៉ះពាល់​ជាក់ស្តែង​ខាងលើ ធ្វើឡើង​តាម​បញ្ជា​របស់លោក​ជំទាវ​អភិបាលខេត្ត​កោះកុង ក្រោយពី​រដ្ឋបាល​ស្រុក មណ្ឌលសីមា​សំណូមពរ​សុំ​អាជ្ញាធរខេត្ត​រៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ថ្នាក់​ខេត្ត​មួយ ដើម្បី​រិះរក​នីតិវិធី​ដោះស្រាយ​ឱ្យ​ឆាប់រហ័ស​។​

​លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា គាំទ្រ​ចំពោះ​វិធានការ​អោយបាន​ទាន់ពេលវេលា​ដែល​កំពុងតែ​បញ្ហា​ប្រឈម​នៅ​ចំពោះមុខ ដោយសារតែ​សព្វថ្ងៃ ម្ចាស់​តូប​បម្រើ​សេវាកម្ម​ហូ​បក​ម្សា​ន្ត​មួយចំនួន​កំពុង​លួច​សង់​សំណង់​យ៉ាងរឹងមាំ ផ្ទុយ​ពី​កិច្ចសន្យា​ដែល​ចុះ​ព្រមព្រៀងគ្នា​ជាមួយ​អាជ្ញាធរ​។ លោក​អភិបាលស្រុក​មណ្ឌលសីមា ក៏​រំពឹង​ដែរ​ថា វិធានការ​ដោះស្រាយ​រប​ស់​អាជ្ញាធរខេត្ត នឹងមាន​ប្រសិទ្ធិភាព​ខ្ពស់​តាមរយៈ​បើកប្រជុំ​គណៈបញ្ជាការ​ឯកភាព ខណៈ​ការរំលោភបំពាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ក៏​កើតមាន​ជា​បន្តបន្ទាប់​។​

​គួររម្លឹកថា រដ្ឋបាល​ស្រុក​មណ្ឌលសីមា កាលពីដើម​ខែមេសា​ថ្មីៗ​នេះ បាន​បញ្ជូន​របាយការណ៍​លទ្ធផល​ត្រួតពិនិត្យ​ស្រង់​ស្ថិតិ​រកឃើញថា មាន​ក្រុម​ម្ចាស់​អា​ជីករ​មួយចំនួន​បាន​រំលោភ​លើ​កិច្ចសន្យា​ទៅកាន់​ការិយាល័យ​រដ្ឋបាល​ខេត្ត សម្រាប់​ដាក់ជូន​លោកជំទាវ​ខេត្ត​ពិនិត្យ​ដោះស្រាយ​។
​ក្នុង​កិច្ចសន្យា​រវាង​អាជ្ញាធរ​ស្រុក និង​ម្ចាស់​អាជីវករ​តាម​តំបន់​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង បាន​ហាមឃាត់​មិនមាន​ការ​លួច​បោះបង្គោល​ព្រំដី ទិញ​លក់​ដី​ចំណី​ឆ្នេរ ការចាក់ដី​បំពេញ​អាចម៍ដី​គ្មាន​ការអនុញ្ញាត សកម្មភាព​សាងសង់​តូប​លក់ដូរ​រឹងមាំ​ខុសពី​ស្តង់ដារ​កំនត់ និង​ការកាប់បំផ្លាញ​ដើមឈើ​លើដី​ចំណី​ឆ្នេរសមុទ្រ គឺ​សុទ្ធតែជា​ការហាម​ប្រាមរ​បស់​អាជ្ញាធរ​ឃុំ និង​ស្រុក​មណ្ឌលសីមា ដោយ​មិន​ឯកភាព​ឱ្យ​អា​ជីករ​ធ្វើ​ដូច្នេះ​ទេ​។​

​កន្លងទៅ អ្នកស្រី តិច ដែន និង​លោក គាន សំណាង ជា​អាជីវករ​លក់ដូរ​ម្ហូប​អាហារ​តាម​ឆ្នេរ​ប៉ាក់​ខ្លង មិន​បដិសេធ​នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ទេ ប្រសិនបើ​អាជ្ញាធរ​ពិតជា​ចង់​រៀបចំ​ដី គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​ដោយ​តម្លាភាព​តាម​តាម​មាត់​ឆ្នេរ​ស្របច្បាប់​មែន​នោះ​។ ផ្ទុយទៅវិញ ក្រុមអាជីវករ​ផ្សេង​មួយចំនួន​តូច​ប៉ុណ្ណោះ ដែលមាន​ចិត្ត​រំលោភបំពាន​យក​ដីធ្លី​រដ្ឋ​ជា​កម្មសិទ្ធិ​ខ្លួនឯង​។​
​ជាង​៣​ឆ្នាំ​មកហើយ ដែល​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា បាន​តម្រូវឱ្យ​ពលរដ្ឋ​ជា​អា​ជីករ​លក់ដូរ​តាម​តំបន់​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​ទាំងអស់​មក​បំពេញ​កិច្ចសន្យា​ទៅតាម​ច្បាប់ ដើម្បី​ប្រកប​អាជីវកម្ម ដោយ​ម្ចាស់​តូប​ម្នាក់ អាច​ប្រើប្រាស់​ដី​ដែល​ជួល​ទំហំ​ចាប់ពី​បណ្តោយ​២០​ទៅ​៣០​ម៉ែត្រ​។ ករណី​ម្ចាស់​តូប បង្កើត​សកម្មភាព​បទល្មើស​ផ្ទុយ​នឹង​កិច្ចសន្យា គឺ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕ ល​