អាជ្ញាធរ​កោះកុង​ដាក់តាំង​បង្ហាញ​នាវា​ល្បាត​ឆ្នាំ​៨០ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ថ្ងៃបុណ្យ​សមុទ្រ​

1197
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: អាជ្ញាធរ​កោះកុង ចំណាយ​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក លើ​ការងារ​ជួសជុល​កែលម្អ និង​ដាក់តាំង​នាវា​ល្បាត​សមុទ្រ​អំឡុង​ឆ្នាំ​១៩៨០ ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​មុខមាត់​ខេត្ត និង​បង្ហាញ​ការទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសនា បាន​មកលេង​កម្សាន្ត​កាន់តែច្រើន ខណៈ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២ ជិត​ខិត​មកដល់​។​

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ លោកស្រី មិថុនា ភូ​ថង ខេត្តកោះកុង បានសម្រេច​ដាក់តាំង​បង្ហាញ​នូវ​នាវា​ល្បាត​ទម្ងន់​៣៥​តោន ក្នុងអំឡុង​សម័យ​ឆ្នាំ​១៩៨០ ចំនួន​១​គ្រឿង ប្រវែង​១៥​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ ដោយ​ថវិកា ជួសជុល​កែលម្អ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព និង​បង្កើន​ការទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អោយ​មកលេង​កម្សាន្ត​កាន់តែ​ច្រើនឡើង​ក្នុង​ទឹកដី​ខេត្ត​របស់ខ្លួន ក្នុងឱកាស​ថ្ងៃ​ពិធីបុណ្យ​សមុទ្រ​។​

​លោកស្រី​អភិបាលខេត្ត បន្ថែមថា នាវា​ល្បាត​សមុទ្រ​ឆ្នាំ​៨០​នេះ ជា​កម្មសិទ្ធិ​របស់​ស្នងការ​នគរបាល ដោយ​អាជ្ញាធរ​ស្នើសុំ​យកមក​កែលម្អ​អោយ​ស្អាត​ល្អ សម្រាប់​បង្ហាញ​ដល់​ភ្នែក​អ្នកទេសចរ ជៀសវាង​ទុក​វា​ចោល​។ គួរ​កត់សម្គាល់ថា ជាង​៣​ខែ​មកនេះ អាជ្ញាធរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តកោះកុង បាន​ផ្តោត​ការយកចិត្តទុកដាក់​ជួសជុល​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ជាច្រើន​រួមមាន​៖ ផ្លូវថ្នល់ សួនច្បារ និង​តម្លើង​បង្គោល​ភ្លើងអគ្គិសនី​ថ្មីៗ ដែល​បម្រើការ​ដល់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២​។

​តាម​គម្រោង បន្ទាប់ពី​ស្ទួ​ច និង​រៀបចំ​កែលម្អ​ឃឿន​ប្រវែង​៤០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ​តម្លើង​តាំង​រូបសំណាក់​នាវា​ល្បាត​ឆ្នាំ​៨០​នេះ​រួចរាល់ អាជ្ញាធរ​នឹងមាន​ពិធី​ក្រុង​ពាលី​សម្ពោធ​ជា​ផ្លូវការ​នៅពេល​ខាងមុខ​។ កន្លងទៅ លោកស្រី​អភិបាលខេត្ត ធ្លាប់​ថ្លែង​ឱ្យដឹង​ដែរ​ថា លោកស្រី​ចង់​ដាក់តាំង​ទូក​នេសាទ​បែប​បូរ​ណ​មួយគ្រឿង​ទៀត ដោយ​គ្រោង​ដាក់តាំង​នៅមុខ​សួនច្បារ​កាណាឌីយ៉ា ប៉ុន្តែ​ត្រូវបាន​លុបចោល​វិញ ដោយសារតែ​ខ្វះខាត​ថវិកា​អនុវត្ត​ការងារ​នេះ​។​

​សម្រាប់​លោកពូ យន្ត វាសនា និង​អ្នកស្រី លក្ខិណា ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ បានបង្ហាញ​ការចាប់អារម្មណ៍​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ​ថា ពួកគាត់​ពេញចិត្ត​នឹង​អ្វីដែល​ជាការ​ខិតខំ​រប​ស់​អាជ្ញាធរ ដោយ​ពួកគាត់​រំពឹងថា សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​ជួសជុល​កែលម្អ​រួចរាល់ នឹង​បង្កើន​ចំនួន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​កាន់តែ​ច្រើនឡើងៗ គ្រា​ដែល​ខេត្ត​មាន​សក្តានុពល​ខាង​ផ្នែក​វិស័យ​ទេសចរណ៍​។​

​ពលរដ្ឋ​អ្នក​កោះកុង ក៏​ជំ​រុញឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​កែច្នៃ​តំបន់​ទេសចរ​អោយបាន​ច្រើន​បន្ថែមទៀត ខណៈ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ មាន​សក្តានុពល​ខ្ពស់​ខាង​ផ្នែក​វិស័យ​ទេសចរ​ធម្មជាតិ​។​

​ខេត្តកោះកុង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ដែល​ប្រារព្ធ​ទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ចុងឆ្នាំ​២០១៨​ខាងមុខ​។ តាម​គម្រោង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បង្ហាញ​ភាព​ជឿជាក់ថា ថ្ងៃបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ពី​២៥​ម៉ឺ​ន​នាក់ ដល់​៣០​ម៉ឺន​នាក់​មកលេង​កម្សាន្ត​។ ចំពោះ​ខេត្ត​ដែល​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​បន្ត​ពី​ខេត្តកោះកុង នៅ​ឆ្នាំ​២០១៩​គឺ​ខេត្តកំពត​៕

#