អាជ្ញាធរ​កោះកុង​ទទួល​រទេះ​ជនពិការ​៣០​គ្រឿង​ពី​សមាគម​ជនពិការ​អន្តរជាតិ​ថៃ

275
ចែករម្លែក
  • 84
    Shares

ដោយ:សុ​ផានី​តា​/​កោះកុង ៖ សមាគម​ជនពិការ​អន្តរជាតិ​ទីក្រុង​បាងកក ប្រទេស​ថៃ បានប្រគល់​រទេះរុញ និង​រទេះ​កង់​បី​ចំនួន​៣០ គ្រឿង​ជូន​ជនពិការ និង​ជន​ចាស់ជរា តាមរយៈ​អភិបាលខេត្ត​កោះកុង ដើម្បី​ជួយ​សម្រួល​ការលំបាក​ធ្វើដំណើរ​ប្រចាំថ្ងៃ​។ ជំនួយ​ជា​សម្ភារៈ​សម្រាប់​ជនពិការ ត្រូវបាន​អាជ្ញាធរខេត្ត ក៏​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​ថៃ ដែល​យកចិត្ត​ទុក​លើកកម្ពស់​សិទ្ធិ​ជនពិការ​ដោយ​មិន​ប្រកាន់​ពូជសាសន៍​។​

តាមរយៈ​កិច្ចសហប្រតិបត្តិការ​ស​ប្បុ​រសធម៌ និង​ទំនាក់ទំនង​សាមគ្គីភាព​រវាង​ប្រទេស​ជិត សមាគម​ជនពិការ​អន្តរជាតិ​ថៃ នាំយក​រទេះរុញ និង​រទេះ​កង់​បី​មក​ប្រគល់ជូន​អាជ្ញាធរ​ខេត្តកោះកុង សម្រាប់​ប្រគល់ជូន​ពលរដ្ឋ​ពិការភាព តាម​បណ្តា​មូលដ្ឋាន ខណៈ​ពួកគេ​មាន​តម្រូវការ​ខ្ពស់​លើ​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំថ្ងៃ​។​

លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន អភិបាលរង​ខេត្តកោះកុង បានលើកឡើង​នៅ​ថ្ងៃទី​២៨ ខែ មីនា​នេះ​ថា លើកដំបូង​ហើយ​ដែល​រដ្ឋបាល​ខេត្តកោះកុង​ទទួល​អំណោយ​ផ្នែក​មនុស្ស ធម៌​ជា​រទេះ​សម្រាប់​ជនពិការ​ ពី​សមាគម​ជនពិការ​អន្តរជាតិ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ សម្ភារៈ​ដែល​បម្រើការ​ដ​ល់បង​ប្អូន​ជនពិការ​នេះ នឹង​ភាព​កាន់តែ​ងាយស្រួល ដើម្បី​ធ្វើ ដំណើរ​ទៅមក​តាម​តម្រូវការ​ចិត្ត​ខ្លួន​ចង់បាន​។

ក្នុងនាម​រដ្ឋបាលខេត្ត​កោះកុង ក៏ដូចជា​បងប្អូន​ជនពិការ​នៅ​ទូទាំង​ខេត្តកោះកុង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម​ជនពិការ​អន្តរជាតិ​ទីក្រុង​បាងកក​ដែល មាន​ទឹកចិត្ត​ថ្លៃថ្លា ក្នុងការ​នាំយកមករ​ទេះ​ប្រគល់ជូន​បងប្អូន​ជនពិការ​ក្នុង​ខេត្តកោះកុង​។ ហើយ​ថា ជំនួយ​នេះដែរ ធ្វើឡើង​មិន​ប្រកាន់ពូជសាសន៍​នោះទេ ដូច្នេះ​លោក​រំពឹងថា ភាគី​ថៃ​នឹង​ជួយ​គាំទ្រ​លើកស្ទួយ​ផ្នែក​ពិការភាព​បន្តទៀត​។​

លោក សិរិ​ឆ័យ ស័​ព្យ​សិរិ ប្រធាន​សមាគម​ជនពិការ​អន្តរជាតិ​នៅ​ទីក្រុង​បាង​កង បាន​ថ្លែងថា ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ជីវភាព​រស់នៅ​របស់​ជ​ន​ពិការ​នៅ​ខេត្តកោះកុង ក៏ដូច​ជា​ពិភពលោក រទេះ​ជនពិការ​ចំនួន​៣០​គ្រឿង​នេះ អាច​នឹង​បន្ថយ​ការលំបាក​បាន​មួយ​កម្រិត​ចំពោះ​អ្នក​ពិការភាព ឬ​ជន​ចាស់ជរា​អាចធ្វើ​ដំណើរ​ទីជិត ឬ​ឆ្ងាយ​យ៉ាង​ល្អប្រសើរ​។

ប្រធាន​សមាគម​ជនពិការ​អន្តរជាតិ​ថៃ បន្ថែមថា ថ្វី​ត្បិត​សកម្មភាព​ផ្តល់ជូន​រទេះ​ជន ពិការ​លើកដំបូង​ក៏ដោយ ក៏ប៉ុន្តែ​សមាគម​លោក​មិន​បញ្ចប់​បេសកម្ម​ត្រឹម​ថ្ងៃនេះ​ទេ ពោលគឺ​ទៅ​ថ្ងៃ​ខាងមុខ ក្រុមការងារ​នឹង​ចុះ​ស្វែងយល់​ពីអ្វី​ដែលជា​តម្រូវ​ការចង់​របស់​ជនពិកា​រ​នៅ​ខេត្តកោះកុង​ហើយ​ និង​ដោះស្រាយ​តាមតែ​លទ្ធភាព​អាចធ្វើ​ទៅបាន​។​

ដោយឡែក ក្នុងចំណោម​ជនពិការ​ជាង​១០​នាក់ ដែល​មក​ទទួល​រទេះ​ពី​អាជ្ញាធរ កញ្ញា យី ហ៊ីម ជា​ជនពិការ​ជើង​ដោយសារតែ​ការចាក់​ថ្នាំ​ខុស​សរសៃ រស់នៅ​សង្កាត់​ដងទង់ និង​អ្នកស្រី សុះ ប៉ាត់​ទ្រី ជា​អាណាព្យាបាល​កុមារ​ពិការភាព បង្ហាញ​អារម្មណ៍​របស់ខ្លួន​ស្រដៀង​គ្នា ក្រោយពី​ទទួលបាន​រទេះរុញ និង​រទេះ​កង់​បី ថា ពួកគាត់​ពិតជា​សប្បាយ​រីករាយ​ពេល​ទទួលបាន​រទេះ​កង់​បី​ពី​អាជ្ញាធរខេត្ត និង​សមាគម​ជនពិការ​របស់​ថៃ​។​

អ្នក​ទាំងពីរ ក៏បាន​លើកឡើង​ពី​ការលំបាក​ពេល​មិនទាន់មាន​រទេះ​ថា ពេល​ចង់​ចូល​បន្ទប់ទឹក ឬ​ធ្វើដំណើរ​ទៅ​ទីកន្លែង​ណាមួយ ដោយមាន​បងប្អូន​ជួយ​លើកដាក់​មើលថែ​គ្រប់ពេលវេលា ប៉ុន្តែ​ឥឡូវ​បាន​ធូរស្រាល​ខ្លាំង​ហើយ​ដែរ ព្រោះ​តែមាន​រទេះ​។ ទន្ទឹម​នោះ អ្នក​ទាំងពីរ​សូម​អរគុណ​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​កោះកុង និង​ភាគី​ដែល​យកចិត្ត​ដាក់​ពី​ភាពលំបាក​របស់​ពួកគាត់​។​

គួរ​កត់សម្គាល់ថា ជាង​១៧​ឆ្នាំ​មកនេះ សមាគម​ជនពិការ​អន្តរជាតិ​ទីក្រុង​បាងកក បានផ្ដល់​រទេះរុញ​ប្រមាណ​៣០០០​គ្រឿង ​ដល់​ជនពិការ​មិន​ប្រកាន់​ពណ៌​សម្បុរ​ឬ​ពូជសាសន៍​អ្វី​ឡើយ ​ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​ដល់​ជនពិការ​គ្រប់រូប​ដែលមាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ ឱ្យមាន​ភាពប្រសើរឡើង​ដូច​មនុស្ស​ដទៃ​ដែរ​៕B/