អាជ្ញាធរ​កោះកុង ដោះស្រាយ​បញ្ចប់​ជា​ស្ថា​រពរ​នូវ​សំណើសុំ​កាត់​ដី​ចេញពី​សារពើ​ភណ្ឌ​មន្ទីរ​ឧ​ស្សហកម្ម​

716
ចែករម្លែក

​ដោយ​: សុ​ផានី​តា / កោះកុង​: អាជ្ញាធរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ខេត្តកោះកុង ផ្តើម​ចុះ​វាស់វែង​ដី​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ អតីត និង​ជាម​ន្ត្រី​មន្ទីរ​ឧ​ស្សហកម្ម​បញ្ចប់​ជា​ស្ថាពរ​ហើយ បន្ទាប់ពី​មានការ​តវ៉ា​សំណើ​សុំឱ្យ​កាត់​ចេញពី​ដី​សារពើ​ភណ្ឌ​រដ្ឋ​អស់​ជាច្រើនលើក ច្រើនសារ​រួចមក​។​

​គ្មានអ្វី​ប្រែប្រួល​ទេ អាជ្ញាធរ​ខេត្តកោះកុង និង​មន្ទីរជំនាញ​នានា បាន​ឯកភាព​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ចប់ទំនាស់​ជុំវិញ​សំណើសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​រដ្ឋ​របស់​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ជា​ស្ថាពរ​ហើយដោយ​ចាត់​មន្ត្រី​ដែនដី​ចុះ​វាស់វែង​ភ្លាមៗ​ជូន​ពលរដ្ឋ​អតីត និង​មន្ត្រីរាជការ​។​

​លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន អភិបាលរង​ខេត្តកោះកុង បានបញ្ជាក់ កាលពី​ថ្ងៃទី​៣ កក្កដា ថា យន្តការ​ដោះស្រាយ​កាត់​ដី​ចេញពី​សារពើ​ភណ្ឌ​រដ្ឋ​របស់​មន្ទីរ​ឧស្ស​ហ​កម្មនេះ ក៏​ដោយសារតែ​មានការ​ឯកភាព​សម្រេច​ពី​ឯកឧត្តម ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម ទៅតាម​ការ​សំណើសុំ​អតីត និង​មន្ត្រីរាជការ​ថ្នាក់ក្រោម​ចំនួន​១៨​គ្រួសារ​។​
​អភិបាលរង​ខេត្តកោះកុង បន្ថែមថា ការចុះវាស់វែង​ធ្វើជា​ប្លង់​វិនិច្ឆ័យ​ដីធ្លី នឹង​អនុវត្ត​ទៅតាម​ទំហំ​ដីធ្លី​រស់នៅ​ជាក់ស្តែង​របស់​ក្រុម​អតីត និង​មន្ត្រីរាជការ​មន្ទីរ​ឧ​ស្សហកម្ម​។ ទោះយ៉ាងណា លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន ពុំ​អាច​ពន្យល់​លម្អិត​បន្ថែម​ចំពោះ​ពេលវេលា​ចុះ​វាស់វែង​បានទេ ប៉ុន្តែ​ការងារ​នេះ​នឹង​សម្រេចបាន​ដោយ​ឥត​កែប្រែ​។​

​ដោយឡែក លោក​អ៊ុំ ធី សារឿ​ម និង​អ្នកស្រី កោ ស្រ៊ា​វ ប្រជាពលរដ្ឋ​ជា​អតីតមន្ត្រី​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​មន្ទីរ បាន​សាទរ​យ៉ាងខ្លាំង​ចំពោះ​វិធាន ការដោះស្រាយ​ដ៏​មាន​តម្លាភាព​ជូន​ពួកគាត់​នៅពេលនេះ ខណៈ​ពួកគាត់​បានរស់នៅ​អាស្រ័យ​ផល​លើដី​សារពើភ័ណ្ឌ​តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ​។​

​ជា​ក្តី​រំពឹង អតីតមន្ត្រី និង​មន្ត្រី​នៅ​មន្ទីរ​ឧ​ស្សហកម្ម អះអាងថា នៅពេល​មាន​ប្លន់​កាន់កាប់​ដី​ស្របច្បាប់ ពួកគាត់​នឹង​បង្កើន​ដំណាំ​កសិកម្ម​ជុំវិញ និង​សាង​ជា​តូប​លក់​ឥ​វ៉ាន់​បន្តិចបន្តួច គ្រាន់តែ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ទៅ​ថ្ងៃមុខ​ទៀត​។ បន្ថែម​លើ​នេះ អតីត និង​មន្ត្រី​មន្ទីរ​ឧ​ស្សហកម្ម ក៏​ថ្លែង​អំណ​គុណ​យ៉ាងខ្លាំង​ដល់​សម្តេច​តេ​ជោ ប្រមុខ​រដ្ឋាភិបាល ក្រសួង​ឧ​ស្សហកម្ម និង​អាជ្ញាធរខេត្ត​ទាំងអស់​ដែល​បាន​យកចិត្ត​ទុក​ជួយ​ដោះស្រាយ​ជូន​ពួក គាត់​ទទួលបាន​ដី​ស្របច្បាប់​។​

​គួរ​កត់សម្គាល់ថា យន្ត​ការចុះវាស់វែង​វិ​ច្ឆ័​យ​លើដី​សារពើភ័ណ្ឌ​រដ្ឋ​ចេញ​មន្ទីរ​ឧ​ស្សហកម្ម នឹង​អនុវត្ត​លើ​ទំហំ​ផ្ទៃដី​ជិត​១​ហិកតា សម្រាប់តែ​គ្រួសារ​អតីតមន្ត្រី និង​មន្ត្រី​ដែលមាន​លំនៅដ្ឋាន​រស់នៅ​ជាក់លាក់ ដូច​មាន​ក្នុង​ប្លង់គោល​រួចជាស្រេច​។ កន្លងមក ក៏​ធ្លាប់មាន​តវ៉ា​ទាមទារ​ជាច្រើនលើក ច្រើនសារ​មកហើយ​ដែរ ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ ពោល ទើបតែ​មានការ​សម្របសម្រួល​ដោះស្រាយ​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អា​ណិ​ត្ត​ទី​៦​ប៉ុណ្ណោះ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ខែសីហា ឆ្នាំ​២០១៦ ដោយ​ក្រសួង​តម្រូវ​អង្គភាព មន្ទីរ​រដ្ឋ​ទាំងអស់ ត្រូវ​ព​ន្លឿ​ន​នីតិវិធី​ជម្រះ​ចេញ​នូវ​ដី និង​កន្លែង​ស្នាក់នៅ​កំពុង​រស់នៅ​រយៈពេល​ជាច្រើន​ឆ្នាំ ចេញពី​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ប្រគល់ជូន​ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​ទទួលបាន​កម្មសិទ្ធិ​ស្របច្បាប់ ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព សុខដុមរមនា និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​បន្ត​៕ ល​