អាជ្ញាធរ​កោះកុង ត្រៀម​មាន​វិធានការ​ចំពោះ​អ្នក​លួច​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​កម្មសិទ្ធិ​លក់​

727
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង ប្រកាស​ជា​សាធារណជន​ប្រាប់​ដល់​បុគ្គល​ប្រមាណ​ជា​៤០​នាក់ ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើ​កម្មសិទ្ធិឯកជន ចាំបាច់​ដកខ្លួន​ចេញពី​បន្ទាន់ ហើយ​ប្រគល់​ដី​ដែល​បាន​កាប់​ទន្ទ្រាន​ជូន​រដ្ឋ​វិញ​។ បើ​មិន​ដូច្នេះ​ទេ ក្នុងនាម​ជា​អាជ្ញាធរ នឹង​វិធានការ​ប្តឹងទៅ​តុលាការ​ជាមិនខាន​។​

​លោក សុខ សុ​ទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​ខេត្តកោះកុង បាន​ចេញមុខ​ពន្យល់​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ថា បច្ចុប្បន្ន នៅតាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្ត កើតមាន​សកម្មភាព​លួច​កាប់ឆ្ការ​រុករាន​យក​ដីព្រៃ ឬ​ដី​លិច​ទឹក​ធ្វើ ជា​កម្មសិទ្ធិឯកជន​ទិញ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​ដែលជា​ទង្វើ​ខុសច្បាប់​។​

​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង បានឱ្យដឹង​ទៀតថា ក្រុម​ជនខិលខូច​មួយចំនួន​ដែល​ឆ្លៀតឱកាស​លួច​ទន្ទ្រាន​យក​ដីព្រៃ​ស្ទើរតែ​គ្រប់​ស្រុក​ទាំងអស់ រួមមាន​៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ខាងក្រៅ​មូលដ្ឋាន ឈ្នួ​ញ​ទិញ​លក់​ដី និង​មន្ត្រីរាជការ​ក្នុង អង្គភាព​ផ្សេងៗ​។ ជាក់ស្តែង ស្រុក​មាន​បញ្ហា​រឿង​វិវាទ​ដីធ្លី​ច្រើនជាងគេ គឺ​ស្រុក​បុ​ទុម​សាគរ ស្រុក​គិរីសាគរ និង​ស្រុក​ស្រែអំបិល ជាដើម​។​
​ព្រោះតែ​មិន​ចង់អោយ​បញ្ហាដីធ្លី​រីកដុះដាល​ខ្លាំង​លំបាក​ដោះស្រាយ​ទៅ​ថ្ងៃមុខ រដ្ឋបាលខេត្ត ស្នើឱ្យ​បុគ្គល​ចំនួន​៤០​នាក់​ដែល​បាន​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ការទន្ទ្រាន​ដីព្រៃ​ក្នុង ដី​ព្រែក​ធម្មជាតិ ឬ​តំបន់​ឧទ្យាន​ការពារ​អភិរក្ស ចាំបាច់​ដកខ្លួន​ចេញ ហើយ​ត្រូវប្រគល់​ដី​ដែល​កាន់កាប់​ជូន​រដ្ឋ​វិញ​។ បើ​មិន​ដូច្នេះ​ទេ ក្នុងនាម​អាជ្ញាធរ​រដ្ឋ នឹងដាក់ បណ្តឹង​ទៅ​តុលាការ ដើម្បី​ចាត់ការ​អនុវត្ត​តាមច្បាប់​។ ទោះយ៉ាងណា អ្នកនាំពាក្យ​ពុំបាន​ប្រាប់​ពី​ទំហំ​ដីព្រៃ​ដែល​រង​ការរំលោភបំពាន​ប៉ុន្មាន​ហិច​តា​នោះទេ​។​

​គួររម្លឹកថា នេះ​ពុំមែន​ជា​លើកដំបូង​ទេ ដែល​អាជ្ញាធរ​ខេត្តកោះកុង ប្រកាសជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បានដឹង​ជា​ព័ត៌មាន​ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​ទុក​លក់ដូរ ក្រោម​ហេតុផល​ថា គ្មាន​ដីធ្លី​ធ្វើស្រែ​ចម្ការ ជឿ​តាម​ពាក្យ​បំផុសបំផុល​របស់​ក្រុម​ឈ្នួ​ញ ដី​ដែល​ពួកគេ​ទិញ​លក់​មាន​ប្លង់​ឯកសារ​កាន់កាប់​ត្រឹមត្រូវ ឬ​ហាងឆេង​ដី​លក់បាន​ថ្លៃ និង​តាម​រូបភាព​ផ្សេងៗ​ទៀត​។​

​ទាក់ទិន​នឹង​បទ​ល្មើ​ល​លួច​កាប់​រុករាន​យក​ដី​រដ្ឋ​ធ្វើជា​កម្ម​សិ​ទិ្ធ​ទិញ​នេះដែរ កន្លងទៅ មាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ជាច្រើន បាននាំគ្នា​ផ្តល់ព័ត៌មាន​ជា​បន្ត​បន្ទាប់មក​អ្នកសារព័ត៌មាន និង​អាជ្ញាធរខេត្ត អោយជួយ​វិធានការ​បង្ក្រាប​ឱ្យទាន់​ពេលវេលា ជៀសវាង​កកើត​មាន​ភា​ព​អនាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់ ម្យ៉ាងទៀត កាន់តែ​បង្ក​ឱ្យ​ដីព្រៃ​ឈើ​រង​ការបាត់បង់​ច្រើនឡើងៗ​។

​ទោះយ៉ាងណា​ក្តី អាជ្ញាធរ​ឃុំ​ស្រុក មន្ត្រី​បរិស្ថាន និង​មន្ត្រី​ភូមិបាល អះអាងថា ខ្លួន​នឹង​ចុះ​ពិនិត្យ​អោយ​បានដឹង​ច្បាស់ ប៉ុន្តែ​ហាក់​មាន​លទ្ធផល​តិចតួច​ណាស់​តប​មកវិញ​។ ចំណែកឯ​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ក៏​ធ្លាប់​ទទួលស្គាល់ថា ទីតាំង​ស្រុក​ខាងលើ ពិតជា​កើតមាន​បទល្មើស​រុករាន​ដីធ្លី​មែន ដូចនឹង​អ្វីដែល​ពលរដ្ឋ​រាយការណ៍​ព័ត៌មាន​មែន​។ ហើយ​លោក​ចាត់​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​រក​វត្ថុតាង​មាន​ជា​ឯកសារ​ទិញ​លក់ ឃាត់ខ្លួន​អ្នកកា​ប់រាន​យក​ដី​និង​ទំហំ​ដី​ដែល​លួច​កាប់​ព្រៃ​ខុសច្បាប់ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​។​

​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​១៦ ខែមករា ថ្មីៗ​នេះ បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី ខេត្ត និង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ ពង្រឹង​ការគ្រប់គ្រង​ថែរក្សា​ដី​រដ្ឋ និង​ការពារ​កុំ​ឲ្យ​មានការ​ទន្ទ្រាន​ពី​ក្រុម​ខិលខូច​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​រដ្ឋមន្ត្រីក្រសួង​ដែនដី ណែនាំ​ដល់​អង្គភាព​ពាក់ព័ន្ធ មិនត្រូវ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដី​ខុសច្បាប់ ដោយ​ជំនួស​មកវិញ​ជាការ​ផ្ដល់​ទិន្នន័យ​ដី​រដ្ឋ ដែល​ស្ថិតក្នុង​សមត្ថកិច្ច​កាន់កាប់​គ្រប់គ្រង​របស់ខ្លួន ដាក់បញ្ចូល​ក្នុង​ផែនទី​រួម ហើយ​រៀបចំ​បោះបង្គោល​ព្រំដី និង​រៀបចំ​ប៉ាណូ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន សំដៅ​រួមគ្នា​ការពារ​ដី​រដ្ឋ សម្រាប់​ទុកជា​ប្រយោជន៍​រួម​។

​តាមច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា បានចែង​កំណត់ថា ដីភ្នំ បឹងបួរ ទន្លេ ព្រែក អូរ សមុទ្រ ឆ្នេរ និង​កោះ ជាដើម គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​រួមគ្នា​ការពារ​ឲ្យ​បាន​គង់វង្ស​ល្អ​។ ជាក់ស្តែង ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅ​មូលដ្ឋាន​ខេត្តកោះកុង ដី​មាត់​ព្រែក ដីភ្នំ ដី​ឆ្នេរ​កោះ និង​អូរ បឹង​ធម្មជាតិ ។​ល​។ ត្រូវ​ឈ្មួញ​មាន​ទ្រព្យធន និង​មន្ត្រី​មានអំណាច​ជាច្រើន បាន​ប្រើប្រាស់​គ្រប់​រូបភាព ដើម្បី​រំលោភ​កាន់កាប់​ធ្វើ​កម្មសិទ្ធិ ហើយ​សកម្មភាព​នេះ អាជ្ញាធរ​ឆ្លើយថា​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ឬ​បាន​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​ចំនួន​ទៀង​ផង​៕ ល​