អាជ្ញាធរ​កោះកុង និង​ប្រជាពលរដ្ឋ បង្ហាញ​ការ​សាមគ្គីភាព​តាមរយៈ​ពិសារ​នំ​បញ្ចុក​

523
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
អាជ្ញាធរ មន្ត្រីរាជការ មន្ត្រី​មន្ទីរជំនាញ កម្លាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ទូទាំង​ខេត្តកោះកុង បានរៀបចំ និង​ចូលរួម​កម្មវិធី​ពិសារ​នំ​បញ្ចុក​រួមគ្នា​នៅតាម​ទីតាំង​នីមួយៗ ដែល​ត្រៀម​ទុក​។ ការទទួល​នំ​បញ្ចុក​នៅពេលនេះ តប​នឹង​ក្រុម​អ្នកជំទាស់​មួយចំនួន ដែល​យកនំ​បញ្ចុក​ចង់​លាប​ពណ៌​បំបែកបំបាក់​សាមគ្គីភាព​ជាតិខ្មែរ ខណៈ​ប្រទេស​មាន​សន្តិភាព ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​ជា​បន្តបន្ទាប់​។​

​គ្មានអ្វី​ប្រើ​ប្រួល​នោះទេ នំ​បញ្ចុក​ផលិត​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គីឡូ​ក្រោម ត្រូវបាន​បញ្ជា​ទិញ​ដោយ​ក្រុម​អាជ្ញាធរ​ខេត្តកោះកុង​យកមក​ពិសារ​រួមគ្នា​នៅ​ទី​ស្នាក់​បក្ស​កណ្តាល​ប្រជាជន​កម្ពុជា តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​វត្ត​អារាម​នានា​ក្នុង​ខេត្តកោះកុង​តែម្តង​។

​ជាក់ស្តែង ការរៀបចំ​កម្មវិធី​ពិសារ​នំ​បញ្ចុក​នេះដែរ ធ្វើឡើង​ដើម្បី​បង្ហាញ​នូវ​មិត្តភាព សាមគ្គីភាព ការស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ​យើង​អោយ​កាន់តែ​រីង​មាំ​ថែមទៀត​។ តប​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា កន្លងទៅ​ថ្មីៗ​នេះ​។ ដែល​ចលនា​បំផុស​ឲ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ទទួលទាន​នំ​បញ្ចុក​នៅ​ថ្ងៃទី ៩ មិថុនា នេះ គ្រាន់តែ​ចង់​ឲ្យ​ពលរដ្ឋ​ចេះ​សាមគ្គី​គ្នា ព្រោះតែ​រយៈពេល​ចុងក្រោយ នំ​បញ្ចុក​ត្រូវបាន​គេ​យក​ធ្វើ​រឿង​ដើម្បី​លាប​ពណ៌​គ្នា ដែលនាំឱ្យ​មានការ​បែកបាក់​ជាតិ ដោយ​សុំ​កុំ​យក​បញ្ហា​នេះ​ថា ជា​រឿង​ច​ចារ​នយោបាយ​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានឱ្យដឹង​អំឡុងពេល​អញ្ជើញ​ចូល​កម្មវិធី​ពិសារ​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩​ថា កា​រៀបចំ​កម្មវិធី​ពិសារ​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួមបាន​ដោយ​ក្តីសប្បាយ​រីករាយ និង​ការស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ​អ្វី​ទេ​។ ខណៈ​ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព​ពេញលេញ សាមគ្គី​ភាពរឹងមាំ និង​ភាព​រីកចម្រើន​ឥត​ឈប់ ឈរ​ជា​បន្តបន្ទាប់​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង សង្កត់ធ្ងន់​ដែរ​ថា «​ក្រៅពី​ជួបជុំគ្នា​ពិសារ​នំ​បញ្ចុក​នៅ​ទី​ស្នាក់​កណ្តាល​គណ​ប្រជាជន​កម្ពុជា ពលរដ្ឋ​គ្រប់​គ្ន​ក៏មាន​រៀបចំ ពិសារ​ជា​លក្ខណៈ​គ្រួសារ​បាន​ដោយ​សេរី​គ្មាន​ការហាមឃាត់​ទេ ពោលគឺ​អោយ​តែមាន​ពលរដ្ឋ​មានលទ្ធភាព​ធ្វើទៅបាន​។ ហើយ​នេះ ក៏​តប​ទៅតាម​ការអំពាវនាវរ​បស់​សម្តេច​តេ​ជោ​ផងដែរ ដោយ​មិន​អនុញ្ញាតអោយ​នរណាម្នាក់​យកទៅ លាប​ពណ៌​គ្នា​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ប្រទេសជាតិ​នោះទេ​»​។​

​ដោយឡែក លោក ជួន សុភ័ក្ត្រ ជា​មន្ត្រីរាជការ និង​អ្នកស្រី សុ​គុណ វា​រី ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ពិសារ​នំ​បញ្ចុក រៀបចំ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងប្រាប់​ដោយ​ស្នាមញញឹម​ថា ពួកគាត់​ពិតជា​សប្បាយ​រីករាយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្តកោះកុង​រៀបចំ​ឱ្យមាន​ជាការ​ពិសារ​នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិ​តែមួយ​នេះ​។​

​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង ប្តេជ្ញាចិត្ត​ថា បន្ត​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់ សុខសន្តិភាព និង​គាំទ្រ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងៗ ថែមទៀត​ដែរ​។​

​គួរ​ជម្រាប​ថា តាម​ការពិនិត្យ និង​តាមដាន​អាជ្ញាធរ ការជួបជុំ​ពិសារ​នំ​បញ្ចុក​នេះ គ្មាន​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ណា​ម្នាក់​បញ្ហា​សុខភាព ក្រោយ​ពិសារ រួចរាល់​ហើយ​ទេ​។ ពោលគឺ​នំ​បញ្ចុក​មានគុណ​ភាព​សុវត្ថិភាព​ល្អប្រសើរ​ណាស់ សម្រាប់​ទទួលទាន​។​

​ការ​បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​និ​ន្ន​ការ​នយោបាយ ចូលរួម​ទទួលទាន​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩ មិថុនា ឆ្នាំ​២០១៩​នេះ គ្រាន់តែ​ចង់ឱ្យ​ពលរដ្ឋ​ចេះ​សាមគ្គីភាព​គ្នា ព្រោះ​មួយរយៈ​ចុងក្រោយ​នេះដែរ នំ​បញ្ចុក ត្រូវបាន​គេ​យក​ធ្វើជា​រឿង ដើម្បី​លាប​ពណ៌​គ្នា​ដែលនាំឱ្យ​មានការ​បែកបាក់​ជាតិ​៕ ល​