អាជ្ញាធរ​កោះកុង បញ្ចប់​ការដោះស្រាយ​ជម្លោះដីធ្លី​នៅ​ក្រុមហ៊ុន​ស្ករអំពៅ ជូន​ប្រជាពលរដ្ឋ​៣៧៥​គ្រួសារ​

476
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: គណៈកម្មការ​ក្រុមការងារ​បច្ចេកទេស​នៅ​ខេត្តកោះកុង បាន​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បញ្ចប់​ការដោះស្រាយ​ទំនាស់​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧៥​គ្រួសារ ក្នុង​ឃុំ​ចំនួន​២ នៅ​ស្រុក​ស្រែអំបិល រវាង​ក្រុមហ៊ុន​ស្ករអំពៅ គ្រា​កន្លងទៅ ពួកគាត់​បាន​ឡើងទៅ​រាជធានី​ភ្នំពេញ​តវ៉ា​សុំ​អន្តរាគមន៍​យ៉ាងខ្លាំង​ក្លា​ជា​បន្ត​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

​លោក អន ភារៈ អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែមករា ថា អាជ្ញាធរ និង​មន្ទីរជំនាញ​គ្រប់ផ្នែក បានចេញ​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​កាលពី​ថ្ងៃទី​២៣ មករា ជូន​ប្រជាពលរដ្ឋ​ឃុំ​ដង​ពែង មាន​ប្រជាពលរដ្ឋ​ចំនួន​២០០​គ្រួសារ និង​ឃុំ​ជីខ​លើក ស្រុកស្រែ​អំបិល បាន​ចំនួន​១៧៥​គ្រួសារ សរុប​៣៧៥​គ្រួសារ​។​

​អភិបាលរង​ខេត្ត​រូបនេះ បាន​បន្ថែមថា ក្រោយពី​ការងារ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ទំនាស់​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជា​លក្ខណ​ប្រព័ន្ធ​សរុប​៨២៥​ហិច​តា​រួចរាល់​។ ក្នុងនោះ ពលរដ្ឋ​ក្រុម​ចំនួន​២០០​គ្រួសារ នឹង​ទទួលបាន​ក្បាលដី​ម្នាក់ៗ​១​ហិកតា​កន្លះ មិនមាន​សំណង​ជា​ថវិកា​ទេ រីឯ​ក្រុម​ពលរដ្ឋ​១៧៥​គ្រួសារ ទទួលបាន​ក្បាលដី​ក្នុង​ម្នាក់ៗ​ចំនួន​៣​ហិច​តា រួមទាំង​ប្រាក់​ទូទាត់​សំណង​ក្នុង​មួយ​គ្រួសារ​ចំនួន​២៥០០​ដុល្លារ​។

​លោក អន ភារៈ ក៏​រំពឹងទុក​ថា ចាប់ពីពេលនេះ​តទៅ គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​កសិឧស្សាហកម្ម​ក្រុមហ៊ុន KOH KONG PLANTATION និង​ក្រុមហ៊ុន KOH KONG SUGAR lNDUTRY CO,LTD គ្រា​កន្លងទៅ មាន​តវ៉ា​វិវាទ​ដីធ្លី​ដ៏​ចម្រូងចម្រាស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ហើយ​ការប្រកាស​បិទ​ផ្សាយ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី ធ្វើឡើង​រយៈពេល​១៥​ថ្ងៃ ដើម្បី​ផ្តល់​សិទ្ធិ​តវ៉ា ប្រសិនបើ​ពលរដ្ឋ​មិន​យល់ស្រប​ចំណុច​ណាមួយ​។​

​នេះ​ជា​លើក​ទី​២​នៃ​ការជួបប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ក្រោយ​ការជួបជុំ​ទី​១ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ បានន័យថា ប្រកាស​បិទ​ការវិនិច្ឆ័យ បន្ទាប់ពី​ចុះ​ប្រតិបត្តិការ​ក្រុមការងារ​បច្ចេកទេស សម្រាប់​ប្រមូល​ទិន្នន័យ​ការកំណត់​ព្រំ​វាស់វែង និង​វិនិច្ឆ័យ​កសាង​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​
​គួរ​រម្លឹក​ដែរ​ថា ការព្រមព្រៀង​ទទួលយក​របស់​ប្រជាពលរដ្ឋ គឺ​អនុវត្តតាម​គោលនយោបាយ​ដោះស្រាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បញ្ហា​កើត​មិនចេះចប់​នេះ ទើប​មាន​ពលរដ្ឋ​ខ្លះ​ឡើងទៅ​តវ៉ា​តាម​ការ​ញុះញុង់​ពី​តំណាង​អ្នកជំទាស់​មួយចំនួន នៅឯ​រាជធានី​ភ្នំពេញ​ម្តង​ហើយ​ម្តងទៀត​។​

​ចំណែក​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ធ្លាប់​គូសបញ្ជាក់​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ពិធី​បែងចែក​ក្បាលដី​ឡូ​តិ៍ និង​ផ្តល់​សំណង​ទូទាំង​ជា​ទឹកប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​ជូន​ពលរដ្ឋ​៣០០​គ្រួសារ នៅ​ស្រុក​ស្រែអំបិល​ថា ប្រមុខ​រដ្ឋាភិបាល ក្រសួង​ដែនដី និង​អាជ្ញាធរខេត្ត ពុំបាន​ប្រ​ងើយ​កន្តើយ​នឹង​ការតវ៉ា​ដោះស្រាយ​របស់​ពលរដ្ឋ​នោះទេ ពោលគឺ​ខិតខំ​ព​ន្លឿ​ង​ស្វែងរក​ដី​ក្នុង​តំបន់​ទំនេរ​ចន្លោះ ដើម្បី​កាត់​ប្រគល់ជូន​ពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ​។​

​អភិបាលខេត្ត​ស្ត្រី ពន្យល់ថា ប្រសិនបើ​ពលរដ្ឋ​មិន​ចូលរួម​សហការ​ជា​នឹង​ក្រុមការងារ​ជំនាញ​ទេ រដ្ឋបាលខេត្ត​របស់លោក​ជំទាវ​នឹងមិន​ទទួលខុសត្រូវ​ឡើយ​។ ពីព្រោះ​លោកជំទាវ ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​តំបន់​ដី​ទុក​បម្រុង​ដោយផ្ទាល់​ក្បែរ​ចម្ការ​អំពៅ​នោះដែរ តាម​ការពិនិត្យ គឺ​ដី​បម្រុង​ទាំងនោះ​ពលរដ្ឋ​អាច​បង្កបង្កើន​ដំណាំ​ផល​កសិកម្ម​បាន​យ៉ាង​ល្អប្រសើរ​។​
​កាលនោះ លោក ទេព ធន អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នៅឯ​រាជធានី​ភ្នំពេញ សូម​មក​បន្ត​ទទួលយក​សំណង់ និង​ក្បាលដី​ដោយ​ស្ម័គ្រចិត្ត​ព្រមទាំង​បញ្ចប់​វិវាទ​នេះ​ដោយ​សន្តិវិធី ខណៈ​អាជ្ញាធរ​រៀបចំ​តំបន់​ដី​បម្រុង ពិសេស​ជំរុញ​ដល់​ការអភិវឌ្ឍន៍​សង្គមជាតិ​កាន់តែ​រីកចម្រើន​ទាំងអស់គ្នា​។​

​បច្ចុប្បន្ន បញ្ហាដីធ្លី​នៅ​ស្រុកស្រែ​អំបិល បាន​ដោះស្រាយ​ចប់សព្វគ្រប់​អស់ហើយ នៅឡើយ​តែ​ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរីសាគរ​ប៉ុណ្ណោះ​មិនអាច​ដោះស្រាយ​ចប់ ដោយសារតែ​ការទិញ​លក់​ដីធ្លី​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ហើយ​រំលោភបំពាន​រុក​រាល​ដី​ព្រៃឈើ​ក៏​កើតមាន​ឥតឈប់ឈរ​។ ទោះបីជា​អាជ្ញាធរខេត្ត​ដោះស្រាយ និង​ប្រកាស​អោយ​បុគ្គល​ពាក់ព័ន្ធ​ដកខ្លួន​ចេញ​ជាបន្ទាន់ រួច​ប្រគល់​ដីព្រៃ​ដែល​ឈូសឆាយ​មកអោយ​រដ្ឋ​វិញ​យ៉ាងណាក្តី​៕ ល​