អាជ្ញាធរ​កំពង់ចាម​សន្យា​នឹង​ផ្តល់​រង្វាន់​ម៉ូតូ​ដល់​សិស្ស​និទ្ទេស​«A»​នៃ​វិទ្យាល័យ​ព្រះសីហនុ​នា​ឆ្នាំ​បន្តបន្ទាប់​

470
ចែករម្លែក

​ដោយៈ​គង​ហេង​/​កំពង់ចាម​:​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​សន្យា​ជា​សាធារណ​:​គឺ​នឹង​នៅតែ​ផ្តល់នូវ​រង្វាន់​ម៉ូតូ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ព្រះសីហនុ​ទាំងឡាយណា​ដែល​ប្រឹងប្រែង​រៀនសូត្រ​សម្រាប់​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩​ខាងមុខនេះ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ដណ្តើមបាន​និទ្ទេស​អក្សរ​«A»​នោះ​។​សូម​រក្សា​នូវ​តំណែង​ជា​វិទ្យាល័យ​ដណ្តើមបាន​និទ្ទេស​«A»​ឈានមុខ​គេ​ដដែល​។​

​ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០១៨២០១៩​និង​ទិវា​គ្រូបង្រៀន​នៅ​បរិវេណ​វិទ្យាល័យ​ព្រះសីហនុ​ក្រុង​កំពង់ចាម​នា​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​លោក​គួច​ចំរើន​បាន​មានប្រសាសន៍ថា​នៅ​ឳ​កាស​បើក​បវេសនកាល​ឆ្នាំក្រោយៗ​ទៀត​គឺ​សូម​ខាង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​នេះ​ជួយ​រៀបចំ​ចាត់ចែង​កម្មវិធី បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​លើក​ក្រោយ​បន្តទៀត​ធ្វើ​នៅតាម​បណ្តា​វិទ្យាល័យ​នៅតាម​ស្រុក​វិញ​ម្តង​។​

​លោក​គួច​ចំរើន​បាន​មានប្រសាសន៍​ទៀតថា​សម្រាប់​វិទ្យាល័យ​ព្រះសីហនុ​នេះ​គឺ​សា​របស់លោក​ដដែល​ហើយ​សម្រាប់​លោកគ្រូ​អ្នកគ្រូ​នោះ​។​ប៉ុន្តែ​សម្រាប់​កម្មវិធី​ជា​ទៀងទាត់​របស់​យើង​នៃ​វិទ្យាល័យ​ព្រះសីហនុ​នេះ គឺ​សិស្ស​ពូកែ​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់​ទទួលបាន​និទ្ទេស «A» នាំមុខគេ​ក្នុងចំណោម​វិទ្យាល័យ​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម​តាំងពី​ឯកឧត្តម​មកកាន់​តំណែង​ជា​អភិបាលខេត្ត​នេះ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្ថែមថា សង្ឃឹមថា ក្មួយៗ​ជា​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៃ​វិទ្យាល័យ​ព្រះសីហនុ គឺ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ឲ្យ​ទទួលបាន​និទ្ទេស​«A»​នេះ​លើស​ឆ្នាំ​សិក្សា ២០១៧-២០១៨ កន្លងមក​។ ពិសេស​លោក នឹង​មក​ផ្តល់​រង្វាន់​ម៉ូតូ​ម្នា​ក់មួយ គ្រឿង​ដដែល គឺ​ដូច​រៀមច្បង​យើង​ដែល បាន​ចាក​ចេញទៅ​សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នោះ​។​

គួរ​បញ្ជាក់ថា សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ ២០១៧-២០១៨ កន្លងទៅនេះ​លទ្ធផល​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខេត្តកំពង់ចាម​សរុប​ចំនួន ៥៧,២៥ ភាគរយ​។ ក្នុងនោះ​និទ្ទេស A ចំនួន ២២ នាក់ ,​និទ្ទេស B ចំនួន ១២៣ នាក់ , និទ្ទេស C ចំនួន ៣១៩ នាក់​, និទ្ទេស D ចំនួន ៧៩៣ នាក់ និង​និទ្ទេស E ចំនួន ៣.១៧៥ នាក់​។ ដោយឡែក​សម្រាប់​វិទ្យាល័យ​ព្រះសីហនុ គឺ​ទទួលបាន​និទ្ទេស A ច្រើនជាងគេ គឺ​ចំនួន ១១ នាក់ ខណ​:​ដែល​កាលពី​ឆ្នាំ​សិក្សា ២០១៦-២០១៧ ទទួលបាន​ចំនួន ប្រាំមួយ នាក់​៕S/

អាជ្ញាធរ​កំពង់ចាម​សន្យា​នឹង​ផ្តល់​រង្វាន់​ម៉ូតូ​ដល់​សិស្ស​និទ្ទេស​«A»​នៃ​វិទ្យាល័យ​ព្រះសីហនុ​នា​ឆ្នាំ​បន្តបន្ទាប់​