អាជ្ញាធរ​ក្រុងភ្នំពេញ​ចុះ​ពិនិត្យ​ទីតាំង​ច្រាំងទន្លេ​បាក់​ដោយ​ទឹកជំនន់​និង​មាន​វិធានការ​ទប់ស្កាត់​

108
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​មន្ត្រី​ជំនាញ​អាជ្ញាធរ​ដែនដី​កាលពី​ថ្ងៃ​ទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ចុះ​ពិនិត្យ​ទីតាំង​ច្រាំងទន្លេ​មួយកន្លែង​ដែល​ទទួលរង​ការបំផ្លាញ​ដោយ​ទឹកជំនន់​នៅក្នុង​ភូមិ​រនៈ​ក្នុង​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​

​ការត្រួតពិនិត្យ​ទីតាំង​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ធ្វើយ៉ាងណា​កុំឱ្យ​ច្រាំង​ទ​ន្ល​បាក់ស្រុត​បន្តទៀត​។​លោក​ឃួ​ង​ស្រេង​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​មន្ត្រី​ជំនាញ​ដែល​ចុះមក​ដល់ទី​តាំង​នេះ​ធ្វើយ៉ាងណា​ដាក់​បាវ​ខ្សាច់​ជាមួយនឹង​ថ្ម​ទម្លាក់​ចូលទៅក្នុង​ច្រាំងទន្លេ​ដែល​បាក់ស្រុត​ដើម្បី​ទប់ស្កាត់​កុំឱ្យ​បាក់​បន្តទៀត​។​

​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​សង្កាត់​កោះដាច់​បានឱ្យដឹងថា​ច្រាំងទន្លេ​ដែល​ទទួលរង​ការបាក់​ស្រុត​នេះ​បាន​កើតឡើង​ប្រមាណ​ជា​ពីរ​ទៅ​បី​ថ្ងៃ​មកហើយ​គឺ​ខណៈដែល​ជំនន់​ទឹកទន្លេ​បាន​ហក់​ឡើង​យ៉ាង​គ​ង្ហុ​កនា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហើយ​ទំហំ​នៃ​ការបាក់​ស្រុ​ន​នេះ​មាន​ប្រវែង​ប្រមាណ​២០​ម៉ែត្រ​។​

​លោក​ឃួ​ង​ស្រេង​បានបញ្ជាក់​ថា​ជា​ជំហាន​ដែល​យើង​ត្រូវអនុវត្ត​នេះ​គឺ​យើង​ចាប់ផ្ដើម​ធ្វើការ​បោះបង្គោល​ទប់​ដី​កុំ​ឲ្យ​ហូរ​ទៅ​បាតទន្លេ​រួម​នឹង​ការចាក់​ថ្ម​ដាក់​បាវ​ខ្សាច់​ចូល​ទីកន្លែង​ដែល​បាក់ស្រុត​នេះ​។​ជាមួយនិង​ការបញ្ជូនសា​ឡង់​មួយគ្រឿង​ដើម្បី​ដាក់​ខ្សាច់​មកចាក់​នៅ​ទីតាំង​នេះ​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​បាក់​ច្រាំង​បន្តទៀត​។​

​ដោយសារតែ​ច្រាំងទន្លេ​នេះ​នៅជាប់​នឹង​ផ្លូវ​បេតុង​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ​តែម្ដង​។​អ្វីដែល​ជាគោលការណ៍​ខាងមុខ​នៅពេល​ទឹក​ស្រក​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការបុក​ស៊ី​ផាយ​នៅ​ទីតាំង​ខាងលើនេះ​បន្ថែមទៀត​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការបាក់​ស្រុត​ច្រាំងទន្លេ​នេះ​នៅ​ឆ្នាំក្រោយៗ​ទៀត​។​

ពាក់ព័ន្ធ​និង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ខាងលើនេះ​លោក​ឃួ​ង​ស្រេង​តាមដាន​និង​បញ្ជា​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​ជាច្រើន​ម៉ោង​ដើម្បី​ឲ្យ​ការ​ទប់​ច្រាំងទន្លេ​នេះ​ទទួលបាន​ជោគជ័យ​បំបាត់​នូវ​ភាពភ័យខ្លាច​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​សង្កាត់​កោះដាច់​នេះ​។​ក្រោយពី​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ច្រាំងទន្លេ​នៅក្នុង​ភូមិ​រន​ក្នុង​សង្កាត់​កោះដាច់​រួចមក​លក​អភិបាល​រាជធានី​បាន​បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​ច្រាំងទន្លេ​មួយកន្លែង​ទៀត​។​

​នៅក្នុង​ភូមិ​ខ្ទរ​ក្នុង​សង្កាត់​ព្រែកលាប​ខណ្ឌ​ជ្រោយចង្វា​ដែល​ទីតាំង​នេះ​ក៏បាន​ទទួលរង​ការ​គម្រាមកំហែង​ដោយ​ការបាក់​ច្រាំងទន្លេ​ផងដែរ​ខណៈ​ដែរ​វិស័យ​ឯកជន​បាន​កំពុងតែ​ចាក់ដី​ថ្ម​ចូល​ច្រាំងទន្លេ​ដើម្បី​បង្ការ​កុំអោយ​បាក់​ចូល​ភូមិដ្ឋាន​របស់​ពួកគាត់​។

​ទោះបីជា​យ៉ាងណាក្តី​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ឃួ​ង​ស្រេង​បាន​បញ្ជាក់ថា​រដ្ឋបាល​រាជធានី​គាំទ្រ​ចំពោះ​ការបង្ការ​និង​ទប់ស្កាត់​កុំឱ្យ​បាក់​ច្រាំងទន្លេ​នេះ​តែ​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​សុំច្បាប់​មក​រដ្ឋបាល​រាជធានី​នោះ​រដ្ឋបាល​រាជធានី​និង​អនុញ្ញាត​ច្បាប់​ជូន​ដើម្បីឱ្យ​ការចាក់​ថ្ម​ដី​ចូល​ច្រាំងទន្លេ​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​៕S/​

#