អាជ្ញាធរ​ក្រុង​កំពត​ប្រើ​ធម៌​ក្តៅ​ចំពោះ​សំណង់​អនាធិបតេយ្យ​បំពាន​លើ​ផ្ទៃ​ព្រែក

637
ចែករម្លែក
  • 1.6K
    Shares

ដោយ:បូកគោ​/​កំ​ពត ៖ ដោយ​អស់ជម្រើស បន្ទាប់ពី​ប្រើ​វិធាន​ផ្សព្វផ្សាយ​អប់រំ និង​ជូន​ដំណឹង​ជា​ញឹកញយ​ពាក់ព័ន្ធ​នឹង​ការបំពាន​កាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​កំពត​បាន​ឈានដល់​ដំណាក់កាល​ប្រើ​ធម៌​ក្តៅ​ដោយ​ចុះ​រុះរើ​សំណង់​រឹង​លើ​ផ្ទៃ​ព្រែក​ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ​បំណង​ទប់ស្កាត់​កុំឱ្យ​បទល្មើស​កើតមាន​បន្ត និង​ដើម្បី​សោភ័ណភាព​។​

លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​បាន​ប្រាប់​ឱ្យដឹងថា​កន្លងទៅ អាជ្ញាធរ​ក្រុង​បាន​ណែនាំ​ដល់​មេភូមិ ចៅសង្កាត់​ឱ្យ​ជម្រាប​ម្ចាស់​សំណង់​បញ្ឈប់​សកម្មភាព​សាងសង់​ល្មើសច្បាប់ និង​បំពាន​ដី​ចំណី​ព្រែក​។ ជាមួយនេះ ក្រុង​ក៏បាន​ធ្វើ​សេចក្តី​ជូនដំណឹង​ពីរ​បី​លើក​រួចមកហើយ​ដែរ ប៉ុន្តែ​ពួកគាត់​ហាក់ដូចជា​មិន​ស្តាប់​សោះ​។

ជាទូទៅ​ដី​ចំណី​ព្រែ​កមាន​ប្រវែង​៣០​ម៉ែត្រ តែ​សំណង់​ទាំងនេះ​គឺ​ស្ថិតនៅក្នុង​ចំណី​ព្រែក​តែម្តង​។ ទោះជា​បែប​នោះ​ក្តី អាជ្ញាធរ​បាន​ណែនាំ​ពួកគាត់​កុំឱ្យ​រំលោភបំពាន​តទៅទៀត តែ​ការ​លួច​សាងសង់​បន្ត​កើតមាន​រហូតដល់​ផ្ទៃ​ព្រែក​ដូច​ឃើញជាក់ស្តែង​ស្រាប់​។

លោក​អភិបាលក្រុង​បាន​បន្តថា​ ផ្អែក​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​នាពេល​ថ្មីៗ​កន្លងទៅ ការ​មក​រុះរើ​នៅថ្ងៃនេះ​ជា​គំរូ​មួយ​ដើម្បី​ផ្ញើ​សារ​ដល់​បងប្អូន​ម្ចាស់​សំណង់​អនាធិបតេយ្យ​ទាំងអស់ ហើយ​អាជ្ញាធរ​នឹង​បន្តធ្វើ​នៅ​គ្រប់កន្លែង​។ ដូច្នេះ សូម​បងប្អូន​មេត្តា​រុះរើ​ដោយ​ខ្លួនឯង ជៀសវាង​ពេល​សមត្ថកិច្ច​ចម្រុះ​ចុះមក​ចាត់​ការ​នាំឱ្យ​ខាតបង់​។ បងប្អូន​ត្រូវ​យល់ថា នេះ​អាជ្ញាធរ​មិនទាន់​ដាក់​បណ្តឹង​ទៅ​តុលាការ​ផង​។ បើ​ឈានដល់​ដំណាក់កាល​ប្តឹងផ្តល់​នោះ បងប្អូន​ត្រូវ​ប្រឈម​នឹង​ការជាប់​ទោស​ទណ្ឌ​គេច​មិន​ផុត​ទេ​។​

លោក មន ទិ​ត្យ អាយុ៤២​ឆ្នាំ ពលរដ្ឋ​រស់នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ក្បែរ​ទីតាំង​រុះរើ​សំណង់ បាន​រៀបរាប់ថា ពេល​ឃើញ​អាជ្ញាធរ​ចុះមក​រុះរើ​បែបនេះ លោក​មានការ​សោកស្តាយ​ណាស់​ព្រោះ​លុយកាក់​មិន​ងាយ រកបាន​ទេ​។ តាមពិត​ប្រជាជន​​មិនសូវ​ដឹង​ទេ ដូច្នេះ​ចង់ឱ្យ​អាជ្ញាធរ​មក​កំណត់ថា​អាចធ្វើ​ត្រឹមណា​បាន ជៀស​វាង​ពេល ធ្វើ​ហើយ​បែរជា​រដ្ឋ​ចុះមក​វាយចោល​វិញ​នាំឱ្យ​ខាតបង់​នោះ​។ ពលរដ្ឋ​ដដែល​បាន​បន្តថា ពិតណាស់ ការ​មក​វាយ ឬ​រុះរើ​នេះ​គឺ​អាជ្ញាធរ​ចង់ឱ្យ​នៅតាម​បណ្តោយ​ព្រែក​ស្អាត ហើយ​ក្នុងនាម​ប្រជាពលរដ្ឋ​លោក​ក៏​ត្រូវការ​សោភ័ណភាព​ក្រុង​ស្រស់ ស្អាត​ដែរ​។ ប៉ុន្តែ​បើ​រុះរើ​សូមឱ្យ​ធ្វើ​ចំពោះ​អ្នក​រំលោភបំពាន​ទាំងអស់គ្នា ​ដើម្បីឱ្យ​ផ្នែក​ខាងក្រោយ​ផ្ទះ​មាន​ខឿន​ស្មើគ្នា​៕B/​