អាជ្ញាធរ​ក្រុង​បញ្ជាក់​ពី​ការរុះរើ​តូប​សាងសង់​លើដី​ចំណីផ្លូវ នៅ​ភូមិក​ក្រាញ់ ក្រុង​សៀមរាប​

760
ចែករម្លែក

​ដោយ:​បាយ័ន​/​សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅនេះ មានការ​ប្រទាញប្រទង់​គ្នា​រវាង​ម្ចាស់​ដី​តូប និងគណៈកម្មការ​ចម្រុះ ក្រុង​សៀមរាប ក្នុងការ​អនុវត្ត​សេចក្តីណែនាំ​របស់​ខេត្តសៀមរាប ក្នុងការ​រុះរើ​សំណង់​តូប​លក់ដូរ​នៅលើ​ដី​ចំណីផ្លូវ​ចំនួន​២​កន្លែង ស្ថិតនៅ​តាមផ្លូវ​វាង​ក្រុង ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង-ខេត្តសៀមរាប ដែលមាន​ម្ចាស់​ឈ្មោះ វ៉េង ហ៊ាង ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ អ៊ុន ប៊ុន​ធី មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា ដើម្បី​សុំ​រុះរើ​សំណង់​ទាំងពីរ​ចេញពី ដី​ចំណីផ្លូវ ដែល​នៅមុខ​ដី​របស់ខ្លួន ។​
ក្នុង​ការចុះអនុវត្ត​រុះរើ​សំណង់​តូប​ទាំងពីរ​នេះ ក្រោម​កិច្ចដឹកនាំ​របស់លោក នួន ពុទ្ធា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប រួមទាំង​មេធាវី​ចុង​បណ្តឹង​ចូលរួម​ផងដែរ​។ សូមបញ្ជាក់ថា ចំពោះ​សំណង់​តូប​ដែល​រំលោភ​លើដី​ចំណី​ថ្នល់​នេះ មាន​ចំនួន​២​តូប ដែល​ឈ្មោះ វ៉េង ហ៊ាង ដែលជា​ម្ចាស់​ក្បាលដី​លេខ​១ ក្នុង​ប្លង់​LMAP បាន​សាងសង់​រំលោភ​លើដី​ចំណី​ថ្នល់​ពីមុខ​ដី​របស់ ឈ្មោះ អ៊ុន ប៊ុន​ធី ម្ចាស់​ក្បាលដី​លេខ​២ ក្នុង​ប្លង់​LMAP ហើយ​ដែល​ភាគី​ម្ចាស់​តូប​ទាំង​២​នេះ បាន​ជួល​តូប​ទាំង​២​តូប​នេះ ទៅ​ឈ្មោះ ប៊ុ​យ ប៊ុន និង​ឈ្មោះ ទីវ ប៊ុន​ធំ ។ ចំពោះ​ករណីនេះ មុននឹង​ដល់​ចំណាត់ការ​តាម​ការស្នើសុំ​របស់ ដើមបណ្តឹង​របស់​ម្ចាស់​ក្បាលដី​លេខ​២ ប្លង់​LMAP ឈ្មោះ អ៊ុន ប៊ុន​ធី អាជ្ញាធរ​មូលដ្ឋាន បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​មុននឹង​ឈានទៅ​អនុវត្ត​ចំណាត់ការ​រដ្ឋបាល​នា​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។

សាលក្រម លិខិតបទដ្ឋាន​នានា និង​សំណូមពរ​របស់​ម្ចាស់​ក្បាលដី​នានា ដែល​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​រួមមាន​ ៖ ទី​១.​សាលក្រម​របស់​សាលាដំបូង​ខេត្តសៀមរាប​លេខ​១៣(​ណ​) ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ ដោយ​សាលក្រម​ដោយ​មិន​ឆ្លង កាត់​ការ​ទាញហេតុផល​ផ្ទាល់មាត់ ដោយ​ខ្វះ​លក្ខខណ្ឌ​បណ្តឹង ស្របតាម​មាត្រា​៣២ និង ស្របតាម​មាត្រា​៨១ នៃ​ក្រម នីតិវិធី​រដ្ឋប្បវេណី នៅក្នុង​សេចក្តីសម្រេច​បញ្ចប់ ដោយ​លើកចោល​នូវ​បណ្តឹង​រឿង​រដ្ឋប្បវេណី​លេខ​៥៣៥​ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣​។

ទី​២.​ពាក្យសុំ​អន្តរាគមន៍ ចុះ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១២ របស់​ឈ្មោះ អ៊ុន ប៊ុន​ធី ហើយ​បន្ទាប់មក រដ្ឋបាល​ក្រុង បាន​ចាត់​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាស់វែង​ក្បាលដី​របស់​ឈ្មោះ វ៉េង ហ៊ាង (​ម្ចាស់​ក្បាលដី​លេខ​១ ក្នុង​ប្លង់ LMAP) ជា​លទ្ធផល​នៃ​ចុះ​វាស់វែង​សង្កេតឃើញថា សំណង់​តូប របស់ វ៉េង ហ៊ាង ចំនួន ២​កន្លែង ស្ថិតនៅ​លើដី​សាធារណៈ និង​នៅ​ពីមុខ​ក្បាលដី​ឡូ​តិ៍​លេខ​២ របស់ ឈ្មោះ អ៊ុន ប៊ុន​ធី​។​ ​

ទី៣.ដីកា​លេខ​០៣២​សសរ ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ របស់​រដ្ឋបាល​ក្រុង​សៀមរាប ដោយ​តម្រូវ​ឲ្យ​ឈ្មោះ ប៊ូ ហ៊ាង រុះរើ​បង្គោលរបង​ចំនួន ១២​ដើម និង​តូប​លក់ដូរ​ស្នាក់នៅ​ចំនួន ២​តូប ដែល​បាន​ជួល​ឲ្យ​ឈ្មោះ ប៊ុ​យ ប៊ុន និង​លោក ទីវ ប៊ុន​ធំ​។ ទី​៤.លិខិត​លេខ​២៧៦​សជណ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៤ របស់​រដ្ឋបាលខេត្ត ទៅ​រដ្ឋបាល​ក្រុង​សៀមរាប ដោយ​អោយ​ចុះ​ពិនិត្យ​អង្កេត​ទីតាំង​ដី​ទំនាស់​ជាក់ស្តែង ផ្អែក​តាម​សំណើ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធិ​សភា តាម​បណ្តឹង​របស់​ឈ្មោះ ឡែ​ម ឆន និង​អ៊ុន ប៊ុន​ធី​។

ទី​៥.លិខិត​១១០​សណ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៤ របស់​រដ្ឋបាល​ក្រុង​សៀមរាប មក​រដ្ឋបាលខេត្ត ដោយ​សុំ គោលការណ៍​រុះរើ​សំណង់​តូប​លក់ដូរ លើដី​ចំណីផ្លូវ​ចំនួន ២​កន្លែង​។​

ទី​៦.លិខិត​លេខ ៨២០​សជណ ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤ របស់​រដ្ឋបាលខេត្ត ទៅ​រដ្ឋបាល​ក្រុង​សៀមរាប រដ្ឋបាលខេត្ត បាន​ឯកភាព​ជាគោលការណ៍​ឲ្យ​រដ្ឋបាល​ក្រុង​រុះ​សំណង់​តូប លក់ដូរ​លើដី​ចំណីផ្លូវ​ចំនួន ២​កន្លែង​តាម​សំណូមពរ​របស់​រដ្ឋបាល​ក្រុង​សៀមរាប​។

ទី​៧.លិខិត​លេខ ២៣៣​សជណ ចុះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ របស់​រដ្ឋបាល​ក្រុង​សៀមរាប ទៅ​ឈ្មោះ វ៉េង ហ៊ាង ឈ្មោះ ប៊ុ​យ ប៊ុន និង​ឈ្មោះ​ទីវ ប៊ុន​ធំ អោយ​រុះរើ​សំណង់​តូប​រំលោភ​លើដី​ចំណីផ្លូវ ដោយ​ទុក​រយៈពេល ៥​ថ្ងៃទី ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤​។

ទី​៨.លិខិតស្នើ​របស់​ឈ្មោះ អ៊ុន ប៊ុន​ធី ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៥ ដោយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ក្រុង​រុះរើ​តូប​លក់ដូ​អនាធិបតេយ្យ​លើដី​ចំណី​ថ្នល់​សង់​ពីមុខ​គេហដ្ឋាន​។  ​

ទី​៩.លិខិត​លេខ ៧៥៣​សជណ ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ របស់​ក្រសួងមហាផ្ទៃ មក​រដ្ឋបាលខេត្ត ដោយ​ឲ្យ​ខេត្ត​ពិនិត្យ និង​ដោះស្រាយ​ជា​សមត្ថកិច្ច​។

ទី​១០.លិខិត​លេខ​១៨៥/១៦​សណ ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ របស់​រដ្ឋបាលខេត្ត ទៅ​រដ្ឋបាល​ក្រុង​សៀមរាប ដោយ​ស្នើ​ពិនិត្យ និង​ចាត់វិធានការ​រុះរើ​តូប​លក់ដូរ​លើដី​ចំណីផ្លូវ​ចំនួន ០២​កន្លែង ស្ថិតនៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។

​ចំណាត់​ការរុះរើ​សំណង់​តូប​ចំនួន​២​កន្លែង​នេះ គឺ​បាន​រ៉ាំ​រ៉ៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ដូ​នេះ​ក្នុងន័យ​រក្សា​នូវ​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ និង​ធានាបាន​នូវ​ផលប្រយោជន៍​សាធារណៈ រដ្ឋបាល​ក្រុង បាន​ចុះ​អនុវត្ត​រុះរើ​សំណង់​តូប​រំលោភ​ដី​ចំណី​ថ្នល់ និង​បាន​រំលោភ​លើ​កម្មសិទ្ធិ​របស់​ម្ចាស់ ក្បាល​ដី​លេខ​២ ក្នុង​ប្លង់ LMAP ឈ្មោះ អ៊ុន ប៊ុន​ធី រដ្ឋបាល​ក្រុង ដោយបាន​ជូនដំណឹង​ជាមុន​ដល់​ឈ្មោះ វ៉េង ហ៊ាង ឈ្មោះ ប៊ុ​យ ប៊ុន និង​ឈ្មោះ ទីវ ប៊ុន​ធំ ជាថ្មី​ម្តងទៀត តាមរយៈ​លិខិត​លេខ​៧២៣/១៨​សជណ ចុះ​​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ ចំពោះ​សំណង់​តូប​រំលោភ​លើដី​​ចំណី​ថ្នល់​ដទៃទៀត​របស់​ឈ្មោះ វ៉េង ហ៊ាង គឺ​អាជ្ញាធរ​ក្រុង មិនទាន់មាន​ចំណាត់​រុះរើ​នៅឡើយ​ទេ​។

ក្នុងន័យនេះ សូម​សាធារណជន ចូលរួម​ជាមួយ​អាជ្ញាធរ​ក្រុង អនុវត្ត​ឲ្យ​ខាងតែបាន ដើម្បី​បន្ត​អនុវត្ត ចំពោះ​តូប និង​លំនៅដ្ឋាន​ណា​ដែល​បាន​សង់​បំពាន​រំលោភ​មកលើ​ដី​សាធារណៈ ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ និង សោ​ភណ​ភាព​​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​ទេសចរណ៍​មួយ​នេះ​ឲ្យ​កាន់​តែមាន​ភាពស្រស់​ត្រកាល ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត ។ ក្នុងនោះ​លោក​អភិបាលក្រុង ក៏បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង ក្រុង​សៀមរាប គ្រប់​ស្រទាប់វណ្ណៈ មុននឹង​ធ្វើការ​សាងសង់​សំណង់​អ្វីមួយ គឺត្រូវធ្វើ​ការសុំ​ច្បាប់​អនុញ្ញាត ពី​អាជ្ញាធរ​ជំនាញ គ្រប់លំដាប់​ថ្នាក់ ដើម្បី​ជៀសវាង​នូវ​រាល់​ការខាតបង់​ទ្រព្យសម្បត្តិ​របស់ខ្លួន ៕B/