អាជ្ញាធរ​ក្រុង​បាងកក​ហាម​ដុត​ធូប ដុត​ក្រដាសសែន​បង្ក​ផ្សែង​អ័ព្ទ​ក្នុងពេល​ចូលឆ្នាំ​ចិន តែ​មិន​ត្រូវបាន​គោរព​តាម​

480
ចែករម្លែក

​ភាគច្រើន​នៃ​ប្រជាជន​ថៃ​ដើមកំណើត​ចិន​មិន​អើពើ​នឹង​ការអំពាវនាវ​របស់​ក្រុម​អាជ្ញាធរ​ក្រុង​បាងកក​កុំអោយ​ដុត​ធូប​និង​ក្រដាសសែន​ក្នុងពេល​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ចិន​ខណៈ​​ដែល​ទីក្រុង​នេះ​បាន​កំពុង​ប្រឈម​នឹង​បរិយាកាស​មាន​ផ្សែង​អ័ព្ទ​ពុល​ដែល​ពិបាក​ដកដង្ហើម​នេះ ។​

​មនុស្ស​ភាគច្រើន​ដែល​ប្រារព្ធ​ពិធី​ឆ្នាំ​ចូលឆ្នាំថ្មី​ចិន ឆ្នាំ​កុរ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ទី​៥​ខ​កុម្ភៈ មិន​ព្រួយបារម្ភ​អំពី​សុខភាព​ខណៈដែល​ពួកគេ​បាន​ដុត​គ្រឿង​តង្វាយ​​ឧទ្ទិស​ដល់​ជីដូន​ជីតា​កុងម៉ា​របស់​ពួកគេ​ដើម្បី​សុំ​សេចក្តីសុខ​និង​រកស៊ី​មានបាន​ទោះ​ជា​មនុស្ស​មួយចំនួន​ពាក់​ម៉ាស់​ការពារ​ក្នុងពេល​ដុត​វត្ថុ​សំណែន​ទាំង​នោះ​ក្តី​។​

​លោក Romnalin Wangteeranon អាយុ​៦១​ឆ្នាំ ដែល​មិន​ពាក់​ម៉ាស​មុខ បាន​និយាយថា ” វា​មិន​អាច​ទៅរួច​ទេ​ក្នុង​ការបញ្ឈប់​ការដុត​ធូប​ទាន​។ វា​ជា​ពិធីបុណ្យ​មួយ​ដែល​កូន​​ចៅ​របស់​យើង មិន​អាច​មិន​ធ្វើ​មិន​បាន​”​។​

​គុណភាព​ខ្យល់​នៅ​ទីក្រុង​បាងកក​កំពុង​ស្ថិតក្នុង​កម្រិត​មិន​ល្អ​ដោយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ខណៈ​ដែល​បរិមាណ​នៃ​ធូលី​និង​ផ្សែង​ពុល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដែល​ហៅ​​ថា PM 2.5​នេះ​បាន​កើន​ឡើង​ហួស​ពី​កម្រិត​សុវត្ថិភាព​នៅ​សង្កាត់​មួយចំនួន​នៅ​ទីក្រុង​នេះ ។​

​ទោះ​យ៉ាងនេះក្តី អង្គការ​វាយតម្លៃ​បរិយាកាស​(AQI)​បាន​និយាយថា បរិយាកាស​នៃ​ទីក្រុង​បាងកក មាន​ភាពល្អប្រសើរ​ឡើង​វិញ​ចាប់តាំងពី​សប្តាហ៍​មុន​ដោយសារ​ការប្រែប្រួល​​នៃ​ទិសដៅ​ខ្យល់ ប៉ុន្តែ​វិធានការ​ជាច្រើន​ដែល​ធ្វើឡើង​រដ្ឋាភិបាល​នេះ ដោយ​រួមទាំង​ការបង្កើត​ពពក​ភ្លៀង កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​ឡានធំៗ និង​បាញ់​ទឹក​លើ​ផ្លូវ​ជា​ដើម​នោះ​ បាន​ជួយ​ឱ្យ​មាន​ក្តី​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ​៕​ដោយ​៖​សុខា​/sn

​អ្នក​ក្រុង​បាងកក​កាត់​សែ​ចិន​នាំគ្នា​ដុត​ធូប​នៅ​វិហារ​ចិន​ដើម្បី​សុំ​សេចក្តីសុខ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន​