អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ កុំ​ចន្លោះប្រហោង​លើ​ការងារ​ពង្រឹង​រដ្ឋបាល​ដីធ្លី​នៅ​ខេត្តកោះកុង​

353
ចែករម្លែក
  • 14
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: អភិបាលរង​ម្នា​ក់នៅ​ខេត្តកោះកុង ដាស់តឿន​ដល់​អភិបាលក្រុង ស្រុក រហូតដល់​មេឃុំ​សង្កាត់ សុំ​កុំ​ចន្លោះប្រហោង​រឿង​ការងារ​ពង្រឹង​គ្រប់គ្រង​រដ្ឋបាល​ដីធ្លី​តាម​មូលដ្ឋាន ព្រោះនេះ​ជាការ​ងារ​ដ៏​រសើប និង​កំពុងមាន​ភាពស្មុគស្មាញ​ខ្លាំង​លំបាក​ដោះស្រាយ​ទាន់​បញ្ចប់​នៅឡើយ​។

​អាជ្ញាធរ​ថ្នាក់ក្រោម​ទាំងអស់ ត្រូវ​ក្តាប់ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ​មិនត្រូវ ធ្វើការ​លំៗ​នោះទេ ព្រោះ​ជាការ​ងារ​ដ៏​រសើប​មួយ មិនអាច​ចន្លោះប្រហោង​បាន​។ នេះ​ជាការ​ក្រើនរម្លឹក​របស់លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង​អំពី​យន្តការ​ពង្រឹង និង​ទប់ស្កាត់​កុំអោយ​កើតមាន​ទំនាស់​វិវាទ​ដីធ្លី​នៅក្នុង​មូលដ្ឋាន​។​

​ក្នុង​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​ការងារ​ថ្មី​ឆ្នាំ​២០១៩ លោក សុខ សុ​ទ្ធី បាន​បន្តថា ដើម្បី​បញ្ចៀស​បាន​នូវ​បញ្ហា​វិវាទ​ដីធ្លី​ទៅ​អនាគត ក្រុមមន្ត្រី​ក្រុង​ស្រុក​ឃុំ និង​មន្ទីរ​ដែនដី ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការងារ​ចុះបញ្ជី​ដីធ្លី​ដោយ​តម្លាភាព​។ ដាច់ខាត គឺ​ការចុះហត្ថលេខា​ទទួលស្គាល់​សកម្មភាព​ទិញ ឬ​លក់​ដីធ្លី ដោយ​ពុំបាន​មើល​និយាម​ការច្បាស់​លាស់​លើ​ទីតាំង​ដី​រដ្ឋ ឬ​ដី​តំបន់​ការពារ​អភិរក្ស​។​

​អភិបាលរង​ខេត្តកោះកុង សង្កាត់​ធ្ងន់​ថា មុននឹង​ចុះហត្ថលេខា​ទទួលស្គាល់​ការទិញ និង​លក់​ដីធ្លី​ពី​ភាគី​ណាមួយ​ក្នុង​មូលដ្ឋាន អាជ្ញាធរ​ភូមិ ឃុំ ស្រុក ចាំបាច់​ពិនិត្យ​សិក្សា​និយាម​ការ​ផ្លូវច្បាប់​អោយ​ច្បាស់លាស់ ដើម្បី​បញ្ជាក់ថា​គ្មាន​ការចុះហត្ថលេខា​ស្ទួន​គ្នា ដែលនាំឱ្យ​លំបាក​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​។ ជាក់ស្តែង ភាពមិនប្រក្រតី​នេះ ពុំមែន​កើតមាន​តែ​នៅក្នុង​ខេត្តកោះកុង​នោះទេ​។ ពោលគឺ​បណ្តា​ខេត្ត​ផ្សេងៗ​ក៏​ជួប​បញ្ហា​នេះ​ដូចគ្នា​ដែរ​។​

​លោក សុខ សុ​ទ្ធី ក៏​គាំទ្រ និង​ជំរុញ​ដល់​មន្ទីរ​ដែនដី អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ ប្រើ​មនសិការ​វិជ្ជាជីវៈ​របស់ខ្លួន​ចូលរួម បម្រើ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល លើ​ការងារ​ចុះបញ្ជី​ដីធ្លី​បន្ថែមទៀត និង​កំណត់​គំនូស​ប្លង់​ទីតាំង​ដី ភ្ជាប់​ជាមួយនឹង​ឯកសារ​សុំ​ផ្ទេរសិទ្ធិ​ដីធ្លី ដើម្បី​កសាង​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុងភូមិ​ឃុំ សង្កាត់ ក្នុង​តំបន់​វិនិច្ឆ័យ​សម្រាប់​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​។ ករណី​បើ​មានការ​ចុះហត្ថលេខា​ទទួល​ស្គាល់​ស្ទួន​គ្នា អាជ្ញាធរខេត្ត នឹង​កោះហៅ​ភាគី​វិវាទ​សម្របសម្រួល​តាម​នីតិ​វិធី តែ​មិន​ពុំមាន​ការស្រុះស្រួល​គ្នា អាច​នឹង​បញ្ចូនទៅ​គណៈកម្មការ​ដោះស្រាយ​ដីធ្លី​បន្ត​។​

​ដោយឡែក លោក វី​រ៉ា វុ​ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តកោះកុង លើកឡើងថា ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ​នេះ មន្ទីរ​របស់លោក​ព​ន្លឿ​ន​កិច្ចការ​ចុះបញ្ជី​ដីធ្លី​ប្រមាណ​៤​ម៉ឺន​២​ពាន់​ក្បាលដី ជូន​អង្គភាព​រដ្ឋ និង​ប្រជាពលរដ្ឋ អោយស្រប​តាម​គោលនយោបាយ​រដ្ឋាភិបាល​កំណត់​។
​ប្រធាន​មន្ទីរ​ដែនដី​កោះកុង ឱ្យដឹងទៀតថា វិវាទ​ដីធ្លី កើត​ច្រើនជាងគេ នៅ​ស្រុក​ស្រែអំបិល ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរីសាគរ​។ ទោះយ៉ាងណា មន្ទីរ​ដែនដី​ខេត្តកោះកុង ក៏​ជួប​ការលំបាក​អនុវត្ត​ការងារ​ដោយ​ប្រសិទ្ធិភាព​ដែរ ដោយសារតែ​វិវាទ​ដីធ្លី​កើតមាន​ច្រើន​ពាក់ព័ន្ធ​នឹង​ដី​រដ្ឋ​ដែល​តែង​រង​ការរំលោភបំពាន​ពី​អ្នកមានអំណាច និង​ខ្វះ​កិច្ចសហការ​ចូលរួម​ពី​ម្ចាស់​ដី​ក្នុង​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដី​។

​រីឯ​ការផ្តល់សេវា​តាម​ច្រកចេញចូល​តែមួយ​របស់​ខេត្ត មិនទាន់​ត្រឹមត្រូវ​នូវ​អភិក្រម និង​បរិបថ​ការងារ​ដែល​ក្រសួងសាមី​ដាក់អោយអនុវត្ត​។ របាយការណ៍​របស់​ម​ន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្តកោះកុង បង្ហាញថា នៅ​ឆ្នាំ​២០១៨ បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី តាម​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​ចំនួន​១.៦៤០​ប័ណ្ណ តាម​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​៣៧​ប័ណ្ណ ការចុះបញ្ជី​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​បាន​១០​ប័ណ្ណ និង​ចុះបញ្ជី​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១១​ប័ណ្ណ​។ ចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន​៨៨​គម្រោង រួមមាន​៖ សំណង់​ភូមិគ្រឹះ ផ្ទះ​លែ្វ​ង សំណង់​ពាណិជ្ជកម្ម និង​សំណង់​ចម្រុះ​។​

​ក្នុងនោះ ដោះស្រាយ​វិវាទ​ដីធ្លី​បញ្ចប់​មួយកន្លែង​រវាង​ប្រជាពលរដ្ឋ​៦៧​គ្រួសារ ជាមួយ​មន្ត្រី​មានអំណាច​ចំនួន​២​នាក់ នៅ​ចំណុច​ខេង​ខួង ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។ នៅសល់​១១​ករណី​ទៀត មិនទាន់​បញ្ចប់​។​

​រដ្ឋបាល​ខេត្តកោះកុង កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ធ្លាប់​ប្រកាស​ជា​សាធារណជន​ប្រាប់​ដល់​បុគ្គល​ប្រមាណ​ជា​៤០​នាក់ ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើ​កម្មសិទ្ធិឯកជន ចាំបាច់​ដកខ្លួន​ចេញពី​បន្ទាន់ ហើយ​ប្រគល់​ដី​ដែល​បាន​កាប់​ទន្ទ្រាន​ជូន​រដ្ឋ​វិញ​។ បើ​មិន​ដូច្នេះ​ទេ ក្នុងនាម​ជា​អាជ្ញាធរ នឹង​វិធានការ​ប្តឹងទៅ​តុលាការ​ជាមិនខាន​។

​អ្នកនាំពាក្យ​ខេត្ត ស៊ើបអង្កេត​ហើយ​ដែរ​ថា ក្រុម​ជនខិលខូច​មួយចំនួន​ដែល​ឆ្លៀតឱកាស​លួច​ទន្ទ្រាន​យក​ដីព្រៃ​ស្ទើរតែ​គ្រប់​ស្រុក​ទាំងអស់ រួមមាន​៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ខាងក្រៅ​មូលដ្ឋាន ឈ្នួ​ញ​ទិញ​លក់​ដី និង​មន្ត្រីរាជការ​ក្នុង​អង្គភាព​ផ្សេងៗ​៕ ល​

#