អាជ្ញាធរ​ក្រុង​ហាណូយ​បញ្ជា​ឱ្យ​បិទ​ហាង​កាហ្វេ​នៅតាម​ផ្លូវដែក ជាទី​ពេញនិយម​របស់​ភ្ញៀវទេសចរ​

323
ចែករម្លែក

​ផ្លូវ​រថភ្លើង​ចំណាស់​មួយ​សតវត្សរ៍​នេះ​គឺជា​ក្តី​ស្រមៃ​របស់​អ្នកលេង​បណ្តាញ​សង្គម Instagram គ្រប់រូប ដែល​ចង់​មក​ថតរូប​ភាព​យកទៅ​បង្ហោះ ព្រោះ​នៅ​ជុំវិញ​តំបន់​នេះ​គឺ​ហ៊ុមព័ទ្ធ​ដោយ​ផ្លូវលំ​ហាង​ស្រា​និង​កាហ្វេ ដែលមាន​ភ្ញៀវទេសចរ​មកលេង​យ៉ាង​អ៊ូអរ​ដើម្បី​គយគន់​រថភ្លើង​បរ​យឺតៗ​ឆ្លងកាត់​ទីនោះ​។​

​ទស្សនីយភាព​នេះ​បានក្លាយ​ជាការ​ទាក់ទាញ​ខ្លាំង​នៅ​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម​រហូតដល់​ថ្នាក់​អាជ្ញាធរ​បានដាក់​ចេញ​ថ្ងៃ​កំណត់​ត្រឹម​ចុង​សប្តាហ៍​នេះ​ដើម្បី​រុះរើ​ហាង​កាហ្វេ​រាប់សិប​កន្លែង​ចេញពី​ទីនោះ ដោយ​លើកឡើង​ពី​កង្វល់​សុវត្ថិភាព​។​

​បន្ទាប់ពី​រទេះភ្លើង​បរ​កាត់​ទីនោះ​រួច ភ្ញៀវទេសចរ​ជនជាតិ​អូស្ត្រាលី​ឈ្មោះ ឡូ​រ៉ា ម៉េ​ត និយាយថា “​ខ្ញុំ​ស្រឡាញ់​វា​។ វា​ពិតជា​អស្ចារ្យ និង​ខុសប្លែកគ្នា​ទាំងស្រុង​ពី​កន្លែង​ផ្សេង ដែល​ខ្ញុំ​ធ្លាប់​ទៅ​ពីមុន​។ ខ្ញុំ​ក៏​អាច​មើលឃើញ​ពី​មូល​ហេតុដែល​ពួកគេ​បិទ​វា​ដែរ ពីព្រោះ​វា​គ្រោះថ្នាក់​ខ្លាំងណាស់​”​។​

​សាងសង់​ក្នុង​ឆ្នាំ ១៩០២ ក្រោម​ការគ្រប់គ្រង​រប​ស់​អាណានិគម​បារាំង ផ្លូវដែក​ទៅកាន់​បណ្តា​ខេត្ត​ភាគ​ខាងជើង​របស់​វៀតណាម​គឺ​ដឹក​អ្នកដំណើរ​និង​ទំនិញ​ភាគច្រើន​នៅ​រវាង​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហៃ​ហ្វុ​ង​នៅ​ភាគ​ខាងកើត​និង​ទីប្រជុំជន​ដាច់ស្រយាល​ដូចជា​ឡាង​សុន​និង​ឡាវ​ខៃ នៅតាម​ព្រំដែន​តំបន់ភ្នំ​ជាប់​ជាមួយ​ចិន​។​

​ខ្សែ​រថភ្លើង​នេះ​គឺ​ប្រើ​ផ្លូវដែក​តូចចង្អៀត​ចាស់​ហួស​សម័យ​ជំនាន់​បារាំង ហើយ​វា​ពិតជា​ចាស់​ខ្លាំង​ដល់​ថ្នាក់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​ដើម្បី​ចូលរួម​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ បញ្ជា​ឱ្យ​ឈប់​នៅត្រឹម​មាត់ច្រក​ព្រំដែន ហើយ​បន្តដំណើរ​តាម​រថយន្ត​។​

​នៅ​ទីក្រុង​ហាណូយ ខ្សែ​រថភ្លើង​នេះ​បាន​ទម្លាយ​ចូល​ពី​ផ្នែក​ខាងក្រោយ​ផ្ទះ​និង​ហាង​ជាច្រើន នៅពេល​វា​ឆ្លងកាត់​កណ្តាល​ក្រុង​ដ៏​ណែន​មួយ​នេះ​។ ក្រុមអាជីវករ​ដើរ​លើ​ផ្លូវដែក​ដាក់លក់​អាហារសម្រន់​នៅលើ​ដែក​ច្រែះ ខណៈ​ភ្ញៀវ​ខ្លះ​អង្គុយ​នៅលើ​ផ្លូវ​រថភ្លើង និង​ជជែក​គ្នា​វីវក់​។​

​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ភ្ញៀវទេសចរ​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​បណ្តោយ​ផ្លូវដែក​ដើម្បី​ថតរូប​ស៊ែ​ល​ហ្វី​ជាមួយ​រថភ្លើង​បើក​ឆ្លងកាត់​យឺតៗ​ឬ​រក​កន្លែង​អង្គុយ​នៅ​ហាង​កាហ្វេ​នៅក្បែរៗ​នោះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា កាលពី​ថ្ងៃអាទិត្យ​ទី​៦​តុលា​រថភ្លើង​ត្រូវ​បង្ខំចិត្ត​ឈប់​ជាបន្ទាន់ បន្ទាប់ពី​ចាកចេញ​ពី​ស្ថានីយ​រថភ្លើង​ក្រុង​ហាណូយ​ដើម្បី​ចៀសវាង​ការបុក​ភ្ញៀវទេសចរ​។​

​នៅ​ថ្ងៃ​បន្ទាប់ គណៈ​អភិបាលក្រុង​បាន​បញ្ជា​ឱ្យ​រុះរើ​ហាង​កាហ្វេ​ចេញ​នៅត្រឹម​ថ្ងៃ​សៅរ៍ ទី​១២ តុលា “​ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍​” តាម​ការស្នើសុំ​ពី​ក្រសួង​សាធារណការ​៕ ដោយ៖ កញ្ញាដាលីស