អាជ្ញាធរ​ក្រុង ៖ ដាក់​មន្ត្រី​តាមដាន​កាមេរ៉ា​សុវត្ថិភាព​២៤​ម៉ោង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​

1143
ចែករម្លែក

(​ភ្នំពេញ​) ៖ សមាសភាព​ចម្រុះ​មកពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ កងរាជអាវុធហត្ថ​រាជធានី​​ភ្នំពេញ មន្ត្រី​ជំនាញ ក្រុមហ៊ុន ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​បាន​បើក​កិច្ចប្រជុំ​រួមគ្នា​​ដើម្បី​ពិភាក្សា​រិះរក​វិធី​បង្កើន ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
​បើតាម​លោក មាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​នោះបាន​យក​​ចិត្ត​ទុកដាក់​ជា​ចម្បង ទៅលើ​ការគ្រប់គ្រង​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅ​តំបន់​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​ព្រោះ​កាមេរ៉ា​សុវត្ថិ​​ភាព​ដែល​កំពុង​បំពាក់​នៅតាម​ទីតាំង​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​ឆ្លើយតប​នូវ​តម្រូវការ​ផ្នែក​សន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និង​បម្រើ​ដល់​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​។​
​ ​
​លោក​បាន​បញ្ជាក់ថា នឹងមាន​ការដាក់​មន្ដ្រី​ត្រួតពិនិត្យ និង​តាមដាន​កាមេរ៉ា​សុវត្ថិភាព​២៤​ម៉ោង ប្រព័ន្ធ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ កម្លាំង​ប្រតិ​ប​ត្ដិ​ការ និង​ទីតាំង​ផ្ទុក​ព័ត៌មាន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​ឆ្លើយតប​ក្នុងការ​រួមចំណែក​កាត់បន្ថយ​បទ​​ល្មើស​នានា ជាពិសេស​សម្រួល​ដល់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
​លោក មាន ចាន់​យ៉ា​ដា បាន​បន្ថែមថា បន្ថែម​ពីលើ​កាមេរ៉ា​សុវត្ថិភាព​ដែលមាន ស្រាប់​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​នោះ​រដ្ឋបាល​​រាជធានី​ភ្នំ​ព​ញ ក៏​កំពុងមាន​កាមេរ៉ា​ចំនួន​៦០០​គ្រឿង ដែល​ត្រូវបាន​ដំឡើង​រួចរាល់​ហើយ ក្នុងនោះ​កាមេរ៉ា​ចំនួន​៤៤៦​គឺ​កំពុងតែ​ដំណើរ​​ការ​។ ដោយឡែក​កាមេរ៉ា​ចំនួន​១៥៤ គឺ​កំពុង​រងចាំ​បណ្ដាញ​ត​ភ្ជាប់​បណ្ដាញ ដោយ​ទីតាំង​ទាំងនោះ​មាន​ការដ្ឋាន​ពង្រីក​ផ្លូវ​ព្រមទាំង​មានការ​ប្ដូរ​ទីតាំង​ចែកចាយ​៕ ​ដោយ ៖វិបុល

កាមេរ៉ា​សុវត្ថិភាព ​ត្រូវបានបំពាក់​នៅ​តំបន់​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​