អាជ្ញាធរ​ខណ្ឌមានជ័យ សន្យា​នឹង​បំពេញ​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

983
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ សីហា ២០១៧ លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​ចុះ​​ពិនិត្យ​កាល​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ដែល​កំពុងតែ​ជួប​បញ្ហា​កង្វះខាត​ទឹកស្អាត​ប្រើប្រាស់​ស្ថិតក្នុង​ភូមិ​ព្រែក​​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​

​លោក អភិបាល បាន​លើកឡើងថា ប្រសិនបើ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​មានការ​ខ្វះខាត​អាច​ស្នើរ​សុំ​មក​តាម​ប្រព័ន្ធ​ទំនាក់ទំនង​​សង្គម​ហ្វេ​ស​ប៊ុ​កបាន ព្រោះតែ​សព្វ​ថៃ្ង​បច្ចេកវិទ្យា​មួយ​នេះ បាន​ដើរតួរ​យ៉ាង​លឿន​ក្នុងការ​ប​ញ្ចូ​ន​ដំណឹង​ដូច្នេះហើយ​លោក​ក៏​អាច​ឆ្លើយ​​តប​ទៅ​ប្រជាពលរដ្ឋ​បាន​លឿន​រហ័ស​នឹង​ទាន់ពេលវេលា​ផងដែរ​។

​ក្នុង​ការចុះ​ពិនិត្យមើល​បញ្ហា​កង្វះ​ទឹកស្អាត នា​ព្រឹក​ថ្ងៃខែ​ដដែល លោក​អភិបាលខណ្ឌ​ក៏បាន​ស្នើ​ដល់​បងប្អូន​ពលរដ្ឋ​ទូទាំង​ខណ្ឌ មេត្តា​មានការ​យោគយល់​ខ្ពស់​ជាមួយ​អាជ្ញាធរ ប្រសិនបើ​អាជ្ញាធរ​បំពេញ​នូវ​តម្រូវការ​មិនបាន​ទាន់ពេលវេលា​ជូន​ចំពោះ​បងប្អូន ពិសេស​ការអភិវឌ្ឍន៍​ផ្សេងៗ ដូចជា​ការដាក់​នូ​វប្រ​ព័ន្ធ​លូបង្ហូរទឹក បញ្ហា​ផ្លូវថ្នល់ និង​ទុក្ខ​កង្វល់​ផ្សេងៗ​របស់​បងប្អូន​ព្រោះ​ការធ្វើ​អ្វី​​មួយ​តែងតែ​ប្រើប្រាស់​ពេលវេលា​ច្រើន​សម្រាប់​ការដោះស្រាយ​ទៅតាម​កាលៈទេសៈ​ជាក់ស្តែង​។​

​ក្នុងនោះ​ដែល​លោក​បន្ថែមថា ចំពោះ​បញ្ហា​កង្វះ​ទឹកស្អាត របស់​បងប្អូន​ទាំង​ជាង​២០០​គ្រួសារ​ខាងលើ​លោក​នឹង​ដោះស្រាយ​បំពេញ​ជូន​បង​​ប្អូន​អោយបាន​យ៉ាង​ឆាប់រហ័ស​បំផុត​ក្នុងកំឡុងពេល​១​ខែ​ខាងមុខ​ដើម្បី​ដាក់ជូន​បងប្អូន​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ របស់​បងប្អូន​៕​ដោយ​-​បញ្ញា​សាស្ត្រ​/sn

លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ពេល​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​