អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ក្រុង​ពាលី សម្ពោធ​ស្ពាន​បា​ឡេ​ឆ្លង​ទន្លេសាប ឫស្សីកែវ​-​ជ្រោយចង្វា នា​រសៀល​នេះ​

1264
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បន្ទាប់ពី​ដំណើរការ​សាងសង់​អស់​រយៈពេល​៦​ខែ កន្លងមកនេះ ស្ពាន​បា​ឡេ​ថ្មី​សន្លាង​មួយ ដែល​ឆ្លងកាត់​ទន្លេសាប​ពី​ចំណុចឃ្លាំង​ស្តុក​ប្រេង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ ឆ្ពោះ​មកកាន់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​នោះ នឹង​ត្រូវដាក់​បើកសម្ពោធ​ដាក់​ឲ្យ​ចរាចរណ៍​ជា​ផ្លូវការ នា​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ រៀងរាល់​រៀបចំ​ពិធី​តូចធំ​នានា គេ​តែង​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ជាមុនសិន តួយ៉ាង​ដូចជា​ពិធី​បើកសម្ពោធ​សមិទ្ធផល​ស្ពាន​នេះ​ជាដើម​។ ដើម្បី​ប្រតិបត្តិ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ជាតិខ្មែរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ទើប​នា​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា​នេះ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ប្រារព្ធ​ពិធី​ក្រុង​ពាលី នៅក្បែរ​គល់​ស្ពា​ឆ្លងកាត់​ទន្លេសាប ឫស្សីកែវ​-​ជ្រោយចង្វា មុន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​បា​ឡេ​ថ្មី​នា​រសៀល​ថ្ងៃ​ពុធ​នេះ​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​០៥ ខែឧសភា និង​បាន​សាកល្បង​ធ្វើតេស្ត​ទ្រ​ទម្ងន់​នៃ​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍ ការដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​លាប​គំនូស​ចរាចរណ៍ និង​ដំឡើង​ភ្លើងស្តុប​ថ្មី ដែល​ឈានទៅ​ដាក់​ឲ្យ​ដំណើរ​ការធ្វើ​ចរាចរណ៍​នៅថ្ងៃនេះ​។​

​លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បានបញ្ជាក់​ប្រាប់ថា ស្ពាន​បា​ឡេ​ថ្មី​នេះ​មាន​ទទឹង ១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ចំនួន ៩​លាន​ដុល្លារ ប្រើពេល​សាងសង់​៦​ខែ​។ ពេល​ដំណើរការ រថយន្ត​ទម្ងន់​លើសពី​១៥​តោន និង​មាន​កម្ពស់​លើស ២.៨​ម៉ែត្រ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ​៕ ល​