អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះបង្ក្រាប​ទីតាំង​ភ្នាល់​បាល់ និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​

692
ចែករម្លែក
  • 38
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ បាន​ចុះ​ពិនិត្យ និង​បង្ក្រាប​ទីតាំង​សេវា​កម្សាន្ត​អ៊ី​ន​ធ័​រ​ណេ​ត​មួយកន្លែង លួច​បង្កប់​សេវា​ល្បែងស៊ីសង​ប្រភេទ​ភ្នាល់​បាល់ តាម​ប្រព័ន្ធ​អន​ឡាញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែលជា​អ្នកមើលការខុសត្រូវ និង​ដកហូត​នូវ​កុំព្យូទ័រ​ចំនួន ១៤​គ្រឿង ទូរទស្សន៍​មួយគ្រឿង​។

​ការចុះ​នេះ​គឺ​អនុវត្តតាម​បទបញ្ជា​របស់ លោក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ លោក ជា ពិសី អភិបាលខណ្ឌ អមដំណើរ​ដោយ​លោក ប្រាជ្ញ សីហា អភិបាលរង និង​លោក​អធិការនគរបាល​ខណ្ឌ និង​ដោយមាន​ការសម្របសម្រួល​ពី​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ម្ចាស់​ទីតាំង​នោះ​ឈ្មោះ ទូច វាសនា ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ដែល​លបលួច​បង្កប់​សេវា​ល្បែងស៊ីសង​ប្រភេទ​ភ្នាល់​បាល់ តាម​ប្រព័ន្ធ​អន​ឡាញ​។ ជា​លទ្ធផល​យើង​បាន​ដកហូត​នូវ​កុំព្យូទ័រ​ចំនួន ១៤​គ្រឿង ទូរទស្សន៍​មួយគ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែលជា​អ្នកមើលការខុសត្រូវ​ទីតាំង​ខាងលើ​។

​បច្ចុប្បន្ន​សម្ភារៈ​ដែល​បាន​ដកហូត រួមទាំង​មនុស្ស បាន​យក និង​នាំខ្លួន​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕