អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​

417

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​១០​សីហា​ឆ្នាំ​២០១៧ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​បើក​កិច្ចប្រជុំ ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​មកពី​៨​ភូមិ ក្នុង​សហគមន៍​ផ្លូវ​រថភ្លើង​ទាំង​៧ ដែល​រង​ផលប៉ះពាល់​ក្នុងការ​អភិវឌ្ឍន៍​ស្ថាបនា​ផ្លូវដែក​ទាំងសង្ខាង ឲ្យ​ទៅជា​ផ្លូវ​បេតុង​នៅពេល​ខាងមុខ ដើម្បី​ពិភាក្សា ក្នុងការ​ព​ន្លឿ​ន​រិះរក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​។​

​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ​បាន​បញ្ជាក់ថា អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ពិសេស​ជាងនេះទៅទៀត​នោះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​បន្ត​យក​យន្ដការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​ដែល​កំពុង​ទទួល​រង​នូវ​ផលប៉ះពាល់​លើ​ការ​​ស្ថាបនា​ផ្លូវដែក​ទាំងសង្ខាង ឲ្យ​ទៅជា​ផ្លូវ​បេតុង​ខាងលើនេះ​ដើម្បី​បញ្ជៀ​សបាន​ទាំង​ការកកស្ទះ​ចរាចរណ៍​និង​លើកកម្ពស់​ទាំង​​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចសហការ​ពិភាក្សា​ដោះស្រាយ បញ្ហា​ប្រឈម​លើ​ផលប៉ះពាល់​ពី​ការអភិវឌ្ឍន៍​ស្ថាបនា​ផ្លូវដែក​ឲ្យ​ទៅជា​ផ្លូវ​បេតុង​នេះ តំណាង​ប្រ​​ជា​ពលរដ្ឋ ស្នើសុំ​ទាមទា​ការអភិវឌ្ឍន៍​នៅនឹងកន្លែង និង​សុំ​កិច្ច​អន្តរាគមន៍​ព​ន្លឿ​ន​ការដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ដោយយោង​តាម​​ស្មារតី​នៃ អង្គប្រជុំ​មួយ​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ​។​

​កិច្ច​ប្រជុំបាន​សង្កត់ធ្ងន់​ថា សាលា​រាជធានី​ភ្នំពេញ នឹងមិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្រក់​ទឹកភ្នែក​ឡើយ ដោយ​ដោះស្រាយ​ផ្ដល់​ដីជូ​ន​ប្រជា​ពលរដ្ឋ ធ្វើការ​អភិវឌ្ឍន៍​នៅនឹងកន្លែង រួម​និង​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​រួចរាល់​ជាមុនសិន ទើប​ធ្វើការ​ស្ថាបនា​ផ្លូវ​ជា​ក្រោយ ក្នុងការ​អនុវត្តន៍​តា​ម​យុទ្ធសាស្ត្រ ឈ្នះ​ឈ្នះ ទាំងអស់គ្នា​។​

​តំណាង​ប្រជាពលរដ្ឋ​មកពី​សហគមន៍​ទាំង​៧ ក៍​បានស្នើ​មក​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ដើម្បី​សុំ​ជួប​ផ្ទាល់​ជាមួយ លោក ឃួ​ង ស្រេង​ហើយក៏​​មានសង្ឃឹម និង​ជឿជាក់​លើ អភិបាល​រាជធានី​ភ្នំពេញ​ថ្មី និង​បន្ត​យក​យន្ដការ​នៃ​ការដោះស្រាយ លើ​ផលប៉ះពាល់​ធ្វើ​ឲ្យ​ប្រសើរ សុចរិត​ភាព តម្លាភាព និង​មានការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​រង​ផលប៉ះពាល់ ដែលជា​ភាគី​ពាក់ព័ន្ធ ចៀសវាង ភាព​អសកម្ម​មួយចំនួន​ដែល​​កើតឡើង​ដោយ​ចេតនា​ក្ដី ឫ​អ​ចេតនា​ក្ដី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​បាន​ចូលរួម​និង​សហការ​ដោះស្រាយ​ជាមួយ​សាលា​​រាជធានី​ភ្នំពេញ ដែលជា​គំរូ និង​ជា​ផលប្រយោជន៍​រួម​សម្រាប់​ជាតិ​ទាំងអស់គ្នា​៕​ដោយៈ​សាវ​រក្ស​/sn

កិច្ចប្រជុំ ជាមួយ​តំណាង ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ មកពី​៨​ភូមិ ក្នុង​សហគមន៍​ផ្លូវ​រថភ្លើង​ទាំង​៧ ដែល​រង​ផលប៉ះពាល់​ក្នុងការ​អភិវឌ្ឍន៍​ស្ថាបនា​ផ្លូវដែក​ទាំងសង្ខាង