អាជ្ញាធរ​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​រថយន្ដ​ដឹក​ដី​៨​គ្រឿង រយៈពេល​៥​ថ្ងៃ ដែល​មិន​ធ្វើតាម​ការណែនាំ​

906
ចែករម្លែក

(​ភ្នំពេញ​)៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ធ្វើការ​ចាប់​ឃាត់​រថយន្ដ​បែន​ដឹក​ដី​ធុន​ធំ​ចំនួន​៨​គ្រឿង ដើម្បី​យកមក​រក្សា​ទុកជា​បណ្ដោះ​អាសន្ន​សិន រយៈពេល​៥​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ហូរ​ទឹក និង​ជ្រុះ​ដី​ធ្លាក់​យ៉ាង​រប៉ាត់រប៉ាយ​ពេញ​តាម​ដងផ្លូវ អាចធ្វើ​ឲ្យ​បាត់បង់​ទាំង​សណ្ដាប់ធ្នាប់​សាធារណៈ រួមទាំង​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​។​

​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បាន​បញ្ជាក់ថា ចំពោះ​វិធាន​ការចាប់​ឃាត់​រថយន្ដ​ដឹក​ដី និង​ព្រមាន​ធ្ងន់ៗ​ទាំង​អ្នកបើកបរ​បែបនេះ ក៏​ព្រោះតែ​កន្លងមក​អាជ្ញាធរ​បានធ្វើ​ការណែនាំ​ជាច្រើនលើក ច្រើនសារ​ណាស់​មកហើយ ដើម្បី​ឲ្យ​គោរព​តាម​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​មួយចំនួន​ដូចជា​៖ មិនត្រូវ​បើកបរ​លឿនៗ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់ ចរាចរ ហើយ​ចាំបាច់​ត្រូវបង្កើត​ឲ្យ​មាន​ទីតាំង សម្រាប់​លាង​កង់​រថយន្ដ និង​មិនត្រូវ​ដឹក​ដី​ដែល​ទទឹក «​ពោលគឺ​ហាម​ដឹក​ដី​សើម​» ពិសេស​ត្រូវ​មានការ​គ្រប​ប៉ាតង់​លើ​រថយន្ដ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន មុន​និង​ចរាចរ​ដឹក​ដីខ្សាច់​ចេញពី​ដេប៉ូ​។​

​លោក​បាន​បន្តថា ជំហាន​ទី​១ បើ​ក្នុងករណី​អ្នកបើកបរ​រថយន្ដ ដឹក​ដី​មិន​អនុវត្តតាម ហើយ​នៅតែ​បន្ត​បំពាន​នោះ ប្រាកដជា​ត្រូវ​ចាប់​ឃាត់​រថយន្ដ​យកមក​រក្សាទុក​រយៈពេល​៥​ថ្ងៃ និង​ទី​២ អ្នកបើកបរ​នៅតែ​គគ្លើន មិន​អនុវត្តតាម​ការណែនាំ​ដដែល ជា​ដដែល​ទេនោះ នឹង​ចាប់​ឃាត់​រថយន្ដ​យកមក​រក្សាទុក​រយៈពេល​២០​ថ្ងៃ បូករួម និង​ទី​៣ ចាប់​ឃាត់​រថយន្ដ​យកមក​រក្សាទុក​រយៈពេល​១​ខែ​តែម្ដង ដោយ​មិន​លើកលែង​បានឡើយ ព្រោះ​ដើម្បី​បង្កា​ការហូរ​ទឹក និង​ជ្រុះ​ដី​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​តាម​ដងផ្លូវ ដែល​អាចធ្វើ​ឲ្យ​បាត់បង់​ទាំង​សណ្ដាប់ធ្នាប់​សាធារណៈ របៀបរៀបរយ ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​៕L ដោយ​៖ លីន​ណា​