អាជ្ញាធរ​ខណ្ឌឫស្សីកែវ ឈូស​សំណង់​សិប្បកម្ម​លក់​ឈើ ដែល​សង់​រំលោភ​លើដី​ប្រឡាយ​ភ្លោះ​របស់​រដ្ឋ​

616
ចែករម្លែក
  • 157
    Shares

ដោយៈ សាវ​រក្ស / ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ ឈូស​កម្ទេចចោល​សំណង់ និង​របង​សិប្បកម្ម​លក់​ឈើ​សង់​រំលោភ​លើដី​ប្រឡាយ​ភ្លោះ​របស់​មន្ត្រី​យោធា​ម្នាក់ ក្រោយ​ណែនាំ​ច្រើនលើក​មិន​ស្ដាប់​ពី​សំណាក់ ឈ្មោះ ប៉ូ គឹម​ថេ​ង បាន​សាងសង់​សំណង់​យ៉ាងរឹងមាំ​រំលោភ​ដី​ប្រឡាយ​ភ្លោះ ក្នុង​តំបន់ហាមឃាត់​របស់រ​ដ្ឋ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ចាត់វិធានការ​ក្ដៅ​ឲ្យ​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ នាំយក​គ្រឿងចក្រ​មក​រុះរើ​វាយកម្ទេច​ចោល​ភ្លាមៗ ក្នុងការ​រក្សា​សភាព​ដើម​វិញ បន្ទាប់ពី​ជូនដំណឹង​ច្រើនលើក​មកហើយ​មិន​ព្រមស្ដាប់​។​

​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការរុះរើ​កម្ទេចចោល​នូវ​ទីតាំង​សិប្បកម្ម​លក់​ឈើ ដែល​គ្មាន​ច្បាប់ទម្លាប់​នេះ មន្ត្រី​យោធា​ឈ្មោះ ប៉ូ គឹម​ថេ​ង បាន​សង់​សំណង់​រឹងមាំ​ម្ដង​រួចមកហើយ ដើម្បី​រំលោភ​យក​ដី​ប្រឡាយ​ភ្លោះ​ទាំង​បំពាន​ច្បាប់ ក្នុង​តំបន់ហាមឃាត់​របស់រ​ដ្ឋ ដែល​គ្រោង​ធ្វើការ​ពង្រីក​បើកផ្លូវ ឲ្យ​កាន់តែ​ធំ​ទូលាយ​នៅ​ថ្ងៃក្រោយ តែ​ត្រូវបាន​អាជ្ញាធរ​ផ្ដល់​សេចក្ដីជូនដំណឹង​ឲ្យ​ផ្អាក​ជា​បន្តបន្ទាប់​ចំនួន​៣​ដង នៅតែ​មិន​ព្រមស្ដាប់​ដដែល ទើប​ឈានដល់​ការនាំយក​គ្រឿងចក្រ អេ​ស្កា​វ័រ​ទ័​រ មក​ឈូស​កម្ទេចចោល នាពេល​កន្លងមក​។​

​លោក ស៊ូ សោ​គន្ធ បាន​បន្ថែមទៀតថា ក្រោយ​សាងសង់​សំណង់​រឹងមាំ​រំលោភ​លើដី​ប្រឡាយ​ភ្លោះ​ទាំង​បំពាន​ច្បាប់​មិនបាន​សម្រេច មន្ត្រី​យោធា ប៉ូ គឹម​ថេ​ង ដដែល​នេះ កើតទុក្ខ​មិន​សុខចិត្ត បាន​យក​ដី​នោះ​ទៅ​ជួល​ឲ្យ​ឈ្មោះ សុខ គឹម​ហេង ដើម្បី​បើក​សិប្បកម្ម​លក់​ឈើ និង​ធ្វើ​របង​ព័ទ្ធ​យក​ទាំង​គ្មាន​ច្បាប់ទម្លាប់​ទៅវិញ ទើប​ឈានដល់​តំណាក់កាល​ចុះ​រុះរើ​កម្ទេចចោល​ជា​លើក​ទី​២ នា​ល្ងាច​នេះ​តែម្ដង​។​

​លោក​អភិបាលរងខណ្ឌ​រូបនេះ បាន​ឲ្យ​ដឹង​បន្តទៀតថា ចំពោះ​ប្រឡាយ​ភ្លោះ គឺជា​តំបន់ហាមឃាត់​រាល់​ការសាងសង់​សំណង់​តូច​-​ធំ​ទាំងឡាយ ក្នុងការ​រក្សា​ឲ្យ​បាន​នូវ​សភាព​ដើម ព្រោះ​ជា​សម្បត្តិ​របស់​រដ្ឋ និង​គ្រោង​ធ្វើការ​ពង្រីក​បើកផ្លូវ ឲ្យ​កាន់តែ​ធំ​ទូលាយ​នៅ​ថ្ងៃក្រោយ ទើប​មានការ​ណែនាំ ហាមឃាត់​ជា​បន្តបន្ទាប់ មកដល់​អាជ្ញាធរ​សង្កាត់​ភូមិ និង​ប្រជាពលរដ្ឋ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រួម​និង​បទដ្ឋាន​របស់​ស្ថាប័ន​ជំនាញ​ផ្សេងៗ ដែល​បានមក​ជម្រាបជូន​ដោយផ្ទាល់ បើ​ក្នុងករណី​មិន​ស្ដាប់​តាម​ការណែនាំ​នោះទេ អាច​នឹងមាន​វិធានការ​ក្ដៅ​តាម​បែបបទ​រដ្ឋបាល ក្នុងការ​រុះរើ ឬ​ដកហូតយក​សម្ភារ​មក​រក្សាទុក ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​ឡើយ​៕ ល​