អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​សំណង់​ខុសច្បាប់ ,​សង់រោង​ការបិទផ្លូវ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​

631
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​រាល់​សំណង់​ផ្សេងៗ​ដែល​កំពុង​សាងសង់​ពិសេស​សំណង់​ខុសច្បាប់ ឬ​សំណង់​ដែល​សង់​ខុស​កិច្ចសន្យា និង​គ្មាន​គុណភាព ការសង់​រោងបុណ្យ​,​រោងការ​បិទផ្លូវ ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​គោរព​ច្បាប់​និង​ការណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជៀសវាង​ការ​ថ្នាំងថ្នាក់​ព៏​ប្រជាពលរដ្ឋ​។​
​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​និង​ជា​ប្រធាន​គណៈ​បញ្ជា​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​កើ​បែបនេះ​ក្នុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​លោក​អភិបាលខណ្ឌ​ទាំង​១២​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
​ ​ក្រោយ​ចប់​កិច្ចប្រជុំ​លោក​ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ថា​៖​ក្នុង​កិច្ចប្រជុំ​នោះ​លោក​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏បាន​រំលឹក​ផងដែរ​ទៅលើ​ការណែនាំ​ចំពោះ​រថយន្ត​បាញ់​បេតុង​ដែល​ចត​.​ឈប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរាចរ​តាម​ដងផ្លូវ​ដូចដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់បាន​ជូនដំណឹង​រួចមកហើយ​។​ជាមួយគ្នានេះ​ក៏ត្រូវ​ពិនិត្យ​ផងដែរ ចំពោះ​ការសង់​រោងបុណ្យ​,​រោងការ​ដោយ​មិនត្រូវ​ឲ្យ​បិទផ្លូវ​ទាំងស្រុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ និង​ស្ទះ​ចរាចរ​ដែល​ប្រជាពលរដ្ឋ​តែង​បង្ហាញ​ការ​ថ្នាំងថ្នាក់​នាពេល​កន្លងមក​។​ម្ចាស់​រោងបុណ្យ ឬ​រោងការ​គួរ​ក​ទីតាំង សមស្រប​ដែល​មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ដូចជា ទី​អារាម ឬ​តាម​ភោជនីយ៍ដ្ឋាន ឬ​ទីតាំង​ណា​ដែល​សមរម្យ​។
​អ្នកនាំពាក្យ​បន្តថា​៖​ក្នុងនោះដែរ​លោក​អភិបាល​រាជធានី​បានលើកឡើង​ទៀតថា​៖​ចំពោះ​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​វិថី​សំខាន់ៗ​ជា​អាទិភាព​ទាំង​១១​ខ្សែ​ដែល​បាន​អនុវត្ត​រយះពេល​១​ឆ្នាំ​កន្លងទៅនេះ យើង​អាច​វាយ​តំលៃ​បាន​ថា យើង​ធ្វើ​បានល្អ​និង​កំពុង​ដើរ​លើផ្លូវ ត្រូវ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​ដូច្នេះ​ការងារ​នេះ​យើង​ត្រូវ​បន្ត​ទៅមុខទៀត​ឲ្យ​បាន​គ្រប់​ផ្លូវ​។​
​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចាត់តាំង​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​ក្នុងនាម រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌទួលគោក​និង​ខណ្ឌ​ចំកា​មន​កំពុង​រៀបចំ សណ្តាប់ធ្នាប់​នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េត ជុំវិញ​ផ្សារ​ដើម​គរ​និង​ផ្សារ​នាគ​មាស ដែល​ល្បី​ខាង​បាត់​សណ្តាប់ធ្នាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ស្ទះ​ចរាចរ​ជា​រៀង រាល់ថ្ងៃ​នោះ​ដោយ​កំណត់​រយះពេល​១០​ថ្ងៃ​ត្រូវតែ​ឲ្យ​ស្អាត ហើយ​បន្ទាប់​ទៅ​ត្រូវ ប្រគល់​ទីតាំង​ខាងលើនេះ​ឲ្យ​ទៅ​អាជ្ញាធរ​ខណ្ឌទួលគោក និង​ខណ្ឌចំការមន​ជា​អ្នកគ្រប់គ្រង និង​ធានាថា​មិនមាន​ការដាក់​លក់ទំនិញ​លើ​ទ្រូងផ្លូវ ឬ​ចត​យានយន្ត បែប​អានាធិបតេយ្យ​បង្ក​ការកកស្ទះ​ចរាចរ ប៉ះពាល់​អនាម័យ​បរិស្ថាន​និង​សណ្តាប់ធ្នាប់​សាធារណៈ​នោះ​បន្ត​ទៀតឡើយ​៕