អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ធ្វើ​រដ្ឋបាល​តាម​ផ្ទះសំណាក់ ឃាត់ខ្លួន​ក្រុម​គ្រឿងញៀន​១១​នាក់​

1088
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ធ្វើ​រដ្ឋបាល​តាម​ផ្ទះសំណាក់ ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ រកឃើញ​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​១១​នាក់ ស្រី​៣​នាក់ ដែល​កំពុង​ពពាក់ពពូន​គ្នា សំងំ​ជក់​គ្រឿងញៀន ដកហូត​បាន​ថ្នាំញៀន និង​សម្ភារៈ ឧបករណ៍​ជក់ មួយចំនួន រួមទាំង​ដាវ​ផងដែរ​។ ការចុះ​រដ្ឋបាល​នេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២ ខែកញ្ញា​ឆ្នាំ​២០១៨ បន្ទាប់ពី មើលឃើញ​នៅ​តំបន់ ម្តុំ​ផ្ទះសំណាក់​៣​ដុល្លារ​ខាងលើ ជា​ចំណុច​ស្មុគស្មាញ ច្រើនតែ​ក្រុម​ប្រើប្រាស់ និង​ជួញដូរ​ចូលទៅ​ជួល​និង​ធ្វើ​សកម្មភាព​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កម្លាំង​ដឹកនាំ​ដោយ លោក វរ​សេនី​ត្រី មន វុ​ធី អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​បញ្ជា​ពី​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ចូលរួម​ពី​លោក កែវ សុភា អភិបាលរងខណ្ឌ​ពោធិ​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល កម្លាំង​ចុះ​ត្រួតពិនិត្យ ផ្ទះសំណាក់ គីម ហេង ឃាត់ខ្លួន​បាន ជនសង្ស័យ​៩​នាក់ ស្រី​៣​នាក់ ឧបករណ៍​ជក់​គ្រឿងញៀន ដាវ មួយ​ដើម ថ្នាំញៀន​២​កញ្ចប់​ធំ ហើយ​បន្តទៅ​ត្រួតពិនិត្យ ផ្ទះសំណាក់ យុ​ី​ហោ ភា​រុន ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ បន្ថែមទៀត​។​

​ជនសង្ស័យ​ទាំង​១១​នាក់ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​បន្ត​នីតិវិធី ដោយឡែក ម្ចាស់​ផ្ទះជួល​ទាំង​២​ផ្ទះ បានគេច​ខ្លួន​បាត់អស់​៕ ល​