ដោយ: បាយ័ន / សៀមរាប: អាជ្ញាធរខេត្តសៀមរាប ក្រើនរំលឹកដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាននៅតំបន់នោះ។
មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយនិងអនាម័យបរិស្ថានជុំវិញបរិវេណព្រះវិហារព្រអង្គចេក ព្រះអង្គចម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានណែនាំបន្ថែមដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវរៀបចំសន្តិសុខសណ្តាប់ឲ្យមានរបៀបរៀបរយបន្ថែមទៀត ពិសេសការរៀបចំអនាម័យ និង បរិស្ថានឲ្យបានស្អាតជាងនេះ ព្រោះថាតំបន់ព្រះអង្គចេកព្រះអង្គចមច្ចុប្បន្ននេះ មានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ដើម្បីមកបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងថ្វាយដង្វាយដល់ព្រះអង្គ ពិសេស សុំឲ្យជួយធ្វើការណែនាំដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញមកថ្វាយដង្វាយ ក៏ដូចជាការបួងសួងសុំសេចក្តីសុខនោះ សូមឲ្យជួយចូលរួមរៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាការសម្អាតអនាម័យបរិស្ថានផង ដើម្បីជាការចូលរួមចំណែកសម្អាតបរិស្ថានប្រទេសយើង៕ ល