អាជ្ញាធរ​ខេត្តសៀមរាប សហការ​ជាមួយ​សង្គម​ស៊ីវិល រៀបចំ​កិច្ចប្រជុំតុមូល ស្តីពី​ការការពារ​សុវត្ថិភាព​កុមារ ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​

897
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ខេត្តសៀមរាប សហការ​ជាមួយ​សង្គម​ស៊ីវិល រៀបចំ​កិច្ចប្រជុំតុមូល ស្តីពី​ការការពារ​សុវត្ថិភាព​កុមារ ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជម្រុញ​ឲ្យ​អ្នកចូលរួម​ទាំងអស់ តាមដាន រាយការណ៍ និង​បង្ការ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ខណៈពេលដែល​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បានក្លាយ​ជាការ​ព្រួយបារម្ភ​កាន់តែខ្លាំង ក្នុងចំណោម​អ្នកពាក់ព័ន្ធ​នានា ដែល​កំពុងធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​កុមារ​។​

​លោក សំលៀង សីលា នាយក​ប្រតិបត្តិ អង្គការ​សកម្មភាព​ដើម្បី​កុមារ ដែល​ហៅ​កាត់​ថា APLE បាន​ឲ្យ​ដឹងថា បច្ចេកវិទ្យា​ព័ត៌មាន និង ការទំនាក់ទំនង ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវិតរ​ស់រប​ស់មនុស្ស និង មាន​ឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​ដំនាក់កាល​នៃ​ការអភិវឌ្ឍ​របស់​កុមារ​ផ្នែក​អប់រំ​និង​ផ្នែក​សង្គម​នីយកម្ម ហើយ​នៅ​ប្រទេស​កម្ពុជា ការកើនឡើង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត បានធ្វើ​ឲ្យ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បានក្លាយ​ជាការ​ព្រួយបារម្ភ​កាន់តែខ្លាំង ក្នុងចំណោម​អ្នកពាក់ព័ន្ធ​នានា ដែល​កំពុងធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​កុមារ​។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ដួង ថាវ​រី ស្នងការរង​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា កិច្ចប្រជុំតុមូល​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​អំពី​វត្តមាន​របស់​បណ្តាញ​រាយការណ៍​ពិសេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កម្ពុជា (IHC) ដើម្បី​ឲ្យ​យើង​បានដឹង​អំពី​វិធី​រាយការណ៍ ករណី​សង្ស័យ​នៃ​អំពើ​រំលោភបំពាន និង កេងប្រវ័ញ្ច​ផ្លូវភេទ ព្រមទាំង​សម្ភារៈ​រំលោភបំពាន​ផ្លូវភេទ ផ្សេងៗ​ទៀត ដូច្នេះ​រំពឹងទុក​ថា អ្នកចូលរួម​នឹងមាន​ការយល់ដឹង​អំពី​ហា​នី​ភ័យ នៃ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាន់តែ​ស៊ីជម្រៅ ហើយនឹង​មានការ​ចូល​រួមការ​ការពារ​សុវត្ថិភាព​កុមារ កាន់តែ​បាន​ប្រសើ​ឡើង​៕

#