អាជ្ញាធរ​ឃុំ​មួយ​នៃ​ខេត្តស្ទឹងត្រែង​ជំរុញ​ឱ្យ​កសិករ​ដាំ​បន្លែ​សរីរាង្គ​ដើម្បី​សុខភាព

386
ចែករម្លែក

ដោយ​: សុខុម
​ស្ទឹងត្រែង​: អាជ្ញាធរ​ឃុំ​សាម​ឃួ​យ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង បាន​ជំរុញ​ឱ្យ​កសិករ​ទាំងអស់ នៅក្នុង​ភូមិ​ឃុំ​ជិត​៧០០​គ្រួសារ នាំគ្នា​ដាំ​បន្លែ​សរីរាង្គ​ដោយ​ផ្ទាល់ដៃ ដើម្បី​សុខភាព​ដល់​អ្នកទទួល​ទាន​។ ​បន្លែ​ទាំងនោះ មានដូចជា សាលាដ ត្រសក់ ននោង ស្ពៃ ត្រប់ ប៉េង​បោះ ត្រកួន ត្រឡាច​ជាដើម​។ បន្លែ​នេះហើយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ចូលចិត្ត​ដាំ សម្រាប់​ផ្គត់ផ្គង់​ជា​លក្ខណៈ​គ្រួសារ និង​បេះ​យកមក​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្ត ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។

​ទន្ទឹមនេះ អាជ្ញាធរ​ឃុំ​បាន​ជំរុញ ដល់​កសិក​របស់ខ្លួន​ឱ្យមាន​ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការដាំ​តាមបែប​ប្រពៃណី ហើយ​ងាក​មក​ដាំ​តាម​លក្ខណៈ​បច្ចេកទេស​កម្ម​សិ​កម្ម​វិញ ទើប​ទទួលបាន​ទ​ន្និ​ផល​ខ្ពស់​មិន​ខាតបង់​ប្រាក់ ក្នុងការ​ចំណាយ​មើលថែទាំ​ថែម​ទាំ​។

​លោកស្រី ខាវ ខាំ​អន មេឃុំ​សាម​ឃួ​យ​បាន​និយាយថា កសិករ​នៅក្នុង​ឃុំ​ទាំងមូល​ភាគច្រើន​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល លើ​បច្ចេកទេស​ដាំ​បន្លែ​។ លោកស្រី​សង្កេតឃើញថា កសិករ​នៅ​ឃុំ​មួយ​នេះ បាន​ផ្លាស់ប្តូរ​របៀប​ដាំ​ដុះ ពី​ទម្លាប់​ប្រពៃណី មក​តាម​បច្ចេកទេស​កសិកម្ម​វិញ​ម្តង​។

​លោក ឡត វាសនា កសិករ​ភូមិ​សាម​ឃួ​យ​លើកឡើងថា លោក​គាំទ្រ​លើ​ការដាំ​ដំណាំ​តាម​បច្ចេកទេស​។ លោក​មិនអាច​ពឹង​លើ ផល​អនុផល​ព្រៃឈើ ធ្វើការ​នេសាទ​ត្រី និង​បរបាញ់​សត្វ​នោះឡើយ​។ លោក ឡត វាសនា ថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​លោក​បានរៀបចំ​ដាំ​បន្លែ​ឱ្យបាន​កាន់តែច្រើន​មុខ ដើម្បី​លក់​ក្នុងភូមិ​និង​យកទៅលក់​នៅ​ផ្សារ​ស្ទឹងត្រែង បង្កើន​ជីវភាព​គ្រួសារ​របស់គាត់​។
​ក្រោយពី​លោក​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដាំ​បន្លែ​កន្លងមក លោក​បាន​អនុវត្ត​ទៅតាម​បច្ចេកទេស​ដាំ​តាម​រដូវប្រាំង និង​វស្សា មិន​ខ្វល់​រឿង​បរាជ័យ​ឡើយ​។

​កសិករ​គំរូ​ម្នាក់ទៀត​គឺ​អ្នកស្រី ស៊ូ លាង​ខាំ​អាត នៅ​ភូមិ​សាម​ឃួ​យ​បាន​បញ្ជាក់ថា គាត់​ទទួលបាន​ការគាំទ្រ​ក្នុង​ការដាំ​បន្លែ​ពី​មន្ទីរជំនាញ និង​អង្គការ​ថែមទាំង​ទទួលបាន​បទពិសោធន៍ អាច​បង្រៀន​ទៅដល់​កសិករ​ផ្សេងៗ ក្នុងភូមិ​របស់គាត់ ដែល​មិន​ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​បាន​។ កសិករ​រូបនេះ បាន​និយាយថា បន្លែ​សរីរាង្គ យើង​បរិភោគ​មិន​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​នោះទេ​។ ហើយ​យើង​អាច​នាំ​ចេញទៅ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​បាន​ទៀតផង​។ នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ឃុំ​សាម​ឃួ​យ​ស្រុក​សេ​សាន​៕ ល​