អាជ្ញាធរ​ចុះ​ពិនិត្យមើល​ការស្តារ​ប្រឡាយ​និង​ការដាក់​លូ​មេ​, ដើម្បី​រំដោះ​ទឹក​ផ្នែក​ខាងត្បូង​ផ្លូវ​សហព័ន្ធរុស្ស៊ី​និង​មុខ​ព្រលានយន្តហោះ​

142
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៣​មិថុនា​ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​នៃ​ការស្ដារ​ប្រឡាយ​និង​ការ​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​តំបន់​ភាគខាងត្បូង​ផ្លូវ​សហព័ន្ធរុស្ស៊ី​និង​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈដែល​តំបន់​នេះ​នៅតែ​ប្រឈម​នឹង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ពេលដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដង​។​

​ពាក់ព័ន្ធ​ការងារ​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​អោយ​ស្ដារ​ប្រឡាយ​និង​ការ​ដាក់លូ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​មួយចំនួន​នៅក្នុង​សង្កាត់​ចោមចៅ​៣ សង្កាត់​កា​កាប​១ សង្កាត់​កា​កាប​២ និង​មួយ​ប៉ែក​ទៀត​នៅក្នុង​សែន​សុខ​។

​ដើម្បីអោយ​ដំណើរការ​នៃ​ការស្តារ​ឡាយ​និង​ការ​ដាក់លូ ដំណើរការ​ទៅបាន​រលូន​និង​រួចរាល់​ទៅតាម​ផែនការ​និង​ទៅតាម​លក្ខណៈ​បច្ចេកទេស​ផង​នោះ លោក អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះមក​ពិនិត្យ ស្ថានភាព ជាក់ស្តែង​តែម្តង​។

​ក្នុង​ការចុះពិនិត្យ​នោះ​ឃើញថា មាន​លំនៅដ្ឋាន មិន​រៀបរយ​មួយចំនួន​បាន​សង់​រំលោភ ប្រឡាយ​តែម្តង​។ ជុំវិញ​បញ្ហា​នេះ​លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ធ្វើ​សេចក្តីជូនដំណឹង​ដើម្បីអោយ​ប្រ​ជា​ពលរដ្ឋ​រុះរើ​លំនៅដ្ឋាន​របស់ខ្លួន​ចេញពី​លើ​តួ​ឡាយ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ក៏ដូចជា​មន្ទីរជំនាញ​ងាយស្រួល​ក្នុងការ​ស្ដារ​ប្រឡាយ​នេះ​។ ដោយឡែក​រោងចក្រ​មួយកន្លែង ភូមិ​ត្រពាំង​ជ្រៃ​ត្រូវបាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ជម្រុញ​អោយ​រោងចក្រ​ខាងលើ​ធ្វើការ ដាក់លូ​ទំហំ​២​ម៉ែត្រ​ជំនួស​លូ​ចាស់​ដែលមាន​ទំហំ​ត្រឹមតែ ៨​តឹក ប្រវែង​២០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ទៅ​ប្រឡាយ​ភូមិ​ចំការឪឡឹក ។ បន្ថែម​ពីនេះ​ទៀត​រដ្ឋបាល​រាជធានី​ត្រូវ​ដាក់លូ​ទំហំ​២​ម៉ែត្រ​ប្រវែង​១១៧០​ម៉ែត្រ​ថែមទៀត​។​

​ប្រឡាយ​ដែល​បាននិងកំពុង​ស្ដារ​នេះ បានចាប់ផ្តើម​ពី​ប្រឡាយ​រ៉ា​ដា រហូត​ទៅដល់​ប្រឡាយ​ទួល​សំពៅ ។ បើតាម​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឲ្យ​ដឹងថា ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹក​ផ្នែក​ខាងត្បូង​ផ្លូវ​សហព័ន្ធរុស្ស៊ី ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូលទៅក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​។ រំដោះ​ទឹក​មិនអោយ​ទឹកភ្លៀង​លិចលង់​នៅ ភូមិ​ត្រពាំង​ជ្រៃ ភូមិ​ត្រពាំង​ពោធិ៍ ព្រៃ​ព្រីង​ខាងជើង ភូមិ​ព្រៃទា សង្កាត់​កា​កាប​១ សង្កាត់​កា​កាប​២ សង្កាត់​ចោមចៅ​៣ និង​មួយផ្នែក​ទៀត​រំដោះ​ទឹក​នៅក្នុង​ខណ្ឌ​សែន​សុខ​៕ ល​