អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចូលរួម​អបអរ​ព្រឹត្តិការណ៍ Net 2017

78

(​ភ្នំពេញ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍​លោក មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​អញ្ជើញ​ចូលរួម​ចូល​​រួម​អបអរ​ព្រឹត្តិការណ៍ Net 2017 នៃ​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ឯកជាតិ​ឆ្នាំ​២០១៧​នៅ​សាលា​បច្ចេកវិទ្យា​កម្ពុជា​(​តិច​ណូ​)​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​៣ ខែធ្នូ ឆ្នាំ​២០១៧​។​

​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា​ការរៀបចំ​ឲ្យ​មានការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជា​នេះ​ជា​ផ្នែក​មួយ​ជួយ​ដល់​សង្គម ជាពិសេស​កៀរគរ​យុវជន​ឲ្យ​រួបរួមគ្នា​លេង​កីឡា​អេឡិចត្រូនិក​។ សកម្មភាព​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា យុវជន​ចេះ​ចងក្រង​គ្នា​ជា​ក្រុម​ដើម្បី​ប្រកួត​ស្វែងរក​ជ័យជម្នះ​។ “​ពួកគេ​នឹង​ប្រើប្រាស់​ពេលវេលា​ដែល​នៅ​ទំនេរ​មកលេង​កីឡា E-Sports ដើម្បី​បង្កើត​ចំណេះដឹង និង​ស្មារតី​ដើម្បី​វិ​វត្ត​ឲ្យ​ទាន់​សម័យកាល​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​។​ថ្វី​ត្បិត​កីឡា​នេះ​មិនបាន​រីកចម្រើន​​ផ្នែក​រាងកាយ ប៉ុន្តែ​ធ្វើ​ឲ្យ​រីកចម្រើន​ការគិតគូរ សតិអារម្មណ៍ និង​ប្រាជ្ញា​ស្មារតី​។ ពួកគេ​នឹង​ប្រើប្រាស់​ពេលវេលា​និង​លទ្ធផល​នៃ​ការប្រកួត​​ប្រជែង​ដើម្បី​បដិសេធ​ទៅនឹង​ការប្រើប្រាស់​គ្រឿងញៀន​ដែលជា​បញ្ហា​គំរាមកំហែង​ដល់​យុវជន​។ យើង​ឃើញថា​យុវជន​ជាង​១​ម៉ឺន​នាក់​​ដែល​លេង​កីឡា​តាម​អន​ឡាញ ដូច្នេះ​មានន័យថា យុវជន​ជាង​១​ម៉ឺន​នាក់​ហើយ​បានឃើញ​ឆ្ងាយ​ពី​គ្រឿងញៀន​”​។​

​លោក​ក៏បាន​ប្រាប់ថា ដើម្បី​ឈានទៅ​ដណ្តើមបាន​ជ័យជម្នះ យុវជន​ទាំងអស់​ត្រូវការ​ស្រាវជ្រាវ​សិក្សា​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​ដើម្បី​ប្រកួត​​ថ្នាក់ជាតិ និង​អន្តរជាតិ​។ កីឡា E-Sports នេះ​កំពុង​រីកចម្រើន​ទូទាំង​ពិភពលោក ដូច្នេះ​នេះ​ជា​ឱកាស​ដែល​យុវជន​កម្ពុជា​ត្រូវ​ចាប់យក និង​ទទួលបាន​ការគាំទ្រ​សម្រាប់​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដែល​កំពុង​និយម​។​

​លទ្ធផល​ដូចខាងក្រោម​

​ជយលាភី​វិញ្ញាសា AK2

•​ជើងឯក​៖ Never Care ទទួលបាន​ពាន មេដាយមាស ប្រាក់​២០០០​ដុល្លារ និង ៤០,០០០ Sabay gold
•​ជា​ជើងឯក​រង​៖ Infinity ទទួលបាន ពាន មេដាយប្រាក់ និង​ប្រាក់​១០០០​ដុល្លារ និង​៤០,០០០ Sabay gold
•​លេខ​៣៖ ក្រុម Secret ទទួលបាន​ពាន មេដាយ​សំរឹទ្ធ និង ៤0,០០០ Sabay gold

​ជយលាភី​វិញ្ញាសា Dota 2
•​ក្រុម Intelligent Quotient (IQ) ជា​ជើងឯក​ទទួលបាន ១០០០​ដុល្លារ និង​១០,០០០ Sabay Gold
•​ក្រុម Glory 5​ជើងឯក​រង​ទទួលបាន ៥០០​ដុល្លារ និង​១០,០០០ Sabay gold

​ក្រុម​លេខ​១ និង​លេខ​២​វិញ្ញាសា AK 2 តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC នៅ​ប្រទេស​ថៃ​នា​ខែមករា ឆ្នាំ​២០១៨​ខាងមុខ​។​

​ព្រឹត្តិការណ៍​ឆ្នាំនេះ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ព្រមទាំង​ចូល​​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ។​

​សូម​រំលឹកថា ការប្រកួត​ត្រូវបាន​បែង​ចែកជា​៥​តំបន់​៖ តំបន់​ទី​១ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​។ តំបន់​ទី​២ កំពង់ធំ ព្រះវិហារ សៀមរាប និង​ឧ​ត្ត​រ​មានជ័យ​។ តំបន់​ទី​៣ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន និង បន្ទាយមានជ័យ​។ តំបន់​ទី​៤ តាកែវ កំពត ព្រះសីហនុ កោះកុង និង​កំពង់ស្ពឺ ព្រមទាំង​តំបន់​ទី​៥ រាជធានី​ភ្នំពេញ កណ្ដាល ព្រៃវែង និង​ស្វាយរៀង ។​

​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ស្វែង​រកឃើញ​ក្រុម​ខ្លាំង​ចំនួន​២៤​ក្រុម​គឺ​១៦​សម្រាប់​វិញ្ញាសា AK 2 និង​៨​សម្រាប់​វិញ្ញាសា Dota 2​ឡើងទៅ​​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នា​។ ជ័យលាភី​តាម​តំបន់​ក៏​ទទួលបាន​ប្រាក់រង្វាន់​ដែរ​សម្រាប់​វិញ្ញាសា AK2 លេខ​១ ទទួលបាន ១.០០០$ + ២០.០០០ Sabay gold និង​លេខ​២ ទទួលបាន​៥០០$ + ២០.០០០ Sabay gold ខណៈ វិញ្ញាសា Dota ក្រុម​លេខ​១ ទទួលបាន ១០.០០០ Sabay gold​។​

​សូមបញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យក​លេខ​៣ ក្រុម Secret បាន​យកឈ្នះ​ក្រុម King Attack ដោយ​លទ្ធផល ៥-១ ខណៈ​ការប្រកួត​យក​លេខ​១ ក្រុម Never Care បាន​យកឈ្នះ​ក្រុម Infinity ដោយ​លទ្ធផល ៧-៣៕​ដោយ បូ​រិ​ន /sn