អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ដំឡើង​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង​១០០​ផ្ទាំង ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​

401
ចែករម្លែក
  • 46
    Shares

ដោយ​: បាយ័ន / សៀមរាប​: ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិកា​រ ICC-Angkor អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ដែលមាន​ទាំង​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស ធ្វើ​ពី​ថ្មភក់​ប្រមាណ ១១៨​ផ្ទាំង ហើយ​គ្រោង​នឹង​លើកដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ បង្ហាញជូន​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន ពាក់ព័ន្ធ​នឹង​ប្រាសាទ​ដូចជា ឈ្មោះ​ប្រាសាទ អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រកចូល​ប្រាសាទ និង​អមដោយ​ស្លាក​សញ្ញា (Logo) ចំនួន​៤​គឺ ស្លាក​សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចំ​កណ្តាល​ខាងលើ​ឈ្មោះ​ប្រាសាទ និង​ស្លាក​សញ្ញា​៣​ផ្សេងទៀត ដែល​នៅ​ខាងក្រោម​គឺ ស្លាក​សញ្ញា​យូណេស្កូ ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុងឡាអេ​ឆ្នាំ​១៩៥៤ សម្រាប់​ការការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ​។​

​ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ​នេះ​មាន​០៣​ទំហំ​ផ្សេងគ្នា ដោយ​គិត​ទៅតាម​ទីតាំង​ជាក់ស្តែង​នៃ​ច្រកចូល​ប្រាសាទ ដែល​ដំឡើង​បាន គឺ​ទំហំ​ធំ​ចំនួន ១៦​ផ្ទាំង កម្ពស់​១.៥០០​ម​ម​x បណ្ដោយ ៩១៤​ម​ម​x​កម្រាស់​៤៦៤​ម​ម​។ ទំហំ​មធ្យម​ចំនួន ៥២​ផ្ទាំង កម្ពស់​១,២០០​ម​ម​x​បណ្ដោយ​៧៣១​ម​ម​x កម្រាស់​៣៧១​ម​ម​។ ទំហំ​តូច​ចំនួន ៥០​ផ្ទាំង កម្ពស់​១,០០០​ម​ម​x​បណ្ដោយ​៦១៣​ម​ម​x​កម្រាស់​៣១១​ម​ម​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ Artisans Angkor នា​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​សុខ សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បញ្ជាក់ថា មកដល់ពេលនេះ​ផ្ទាំង​ស្លាក​ឈ្មោះ​របស់​ប្រាសាទ​ដែល​បានធ្វើ​រួចរាល់​ហើយ​មាន​ចំនួន​ប្រហែល​២៥%​នៃ​ចំនួន​ផ្ទាំង​សរុប ខណៈដែល​ផ្ទាំង​ខ្លះទៀត​កំពុង​ស្ថិតនៅ​ក្នុងការ​ឆ្លាក់​អក្សរ លាប​ពណ៌​បេតិកភណ្ឌ (​ពណ៌​ឈាមជ្រូក​) និង​ខ្លះទៀត​កំពុង​ឆ្លាក់​ក្បាច់លម្អ​។​

​លោក​បន្ថែមថា ចំនួន​ផ្ទាំង​នេះ​គឺ​មិនបាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ដោយហេតុថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុងព្រៃ​មិនមាន​ទីតាំង​ដាក់​បាន​។ ចំពោះ​ទីតាំង​ដែល​តម្លើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ ក្រុមការងារ​បានគិត​ទៅ​ចំណុច​៣​គឺ នៅក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល​។

​អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹមថា សមិទ្ធផល​នេះ​នឹង​ជួយផ្ដល់​ភាពងាយស្រួល និង​បទពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវទេសចរ ក្នុងការ​ទស្សនា​តំបន់​អង្គរ ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវទេសចរ លើក​តម្លៃ​ប្រាសាទ​និង​កិត្យានុភាព​ជាតិ និង​ទទួលបាន​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត កាន់​តែមាន​ភាពងាយស្រួល និង​ច្បាស់លាស់​បន្ថែមទៀត​៕ ល​