អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

405
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដោយ​ការងារ​នេះ​ធ្វើឡើង​ក្នុង​បំណង ដើម្បី​សម្រួល​លំហូរ​ទឹក មុន​រដូវវស្សា​មកដល់​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុមការងារ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា នា​រដូវប្រាំង​កន្លងមក​នេះ ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត មាន​ស្លឹកឈើ​ជ្រុះ​ធ្លាក់​បង្កឱ្យមាន​កំណក និង​ធ្វើឱ្យ​ស្ទះ​ដល់​ចរន្តទឹក​នា​រដូវភ្លៀង​។ ហេតុ​ដូច្នេះហើយ ទើប​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ធ្វើការ​ស្ដារ​កាយ​កំណក​ទាំងនោះ​ចេញ​។

​ក្រុមការងារ​បាន​បន្ត​ថា បច្ចុប្បន្ន ការស្ដារ​បានធ្វើ​រួចរាល់​ហើយ​នៅ​ផ្នែក​ត្បូង និង​ផ្នែក​ខាងកើត ហើយ​ក្រុមការងារ​កំពុង​បន្តធ្វើ​នៅ​ផ្នែក​ខាងជើង​។ គួររម្លឹកថា ការងារ​នេះ​ជា​សកម្មភាព​ប្រចាំថ្ងៃ​របស់​នាយដ្ឋាន​គ្រប់គ្រង​ទឹក ដែល​ក្រុមការងារ​បាន​អនុវត្តន៍​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​នា​រយៈពេល​ដើមឆ្នាំ​២០១៩​នេះ ក្រុមការងារ​បាន​អនុវត្តន៍​នៅតាម​គោលដៅ​មួយចំនួន ដូចជា​នៅ​ភូមិ​រហាល​កាត់​តាម​មុខ​ប្រាសាទបន្ទាយក្ដី ប្រាសាទតាព្រហ្ម និង​ប្រាសាទអង្គរវត្ត​ជាដើម​។​ល​៕ ល​