អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ​

395
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: លោក ស៊ា សុភា​រុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ​។ លោក​បានបញ្ជាក់​អោយដឹង​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។​

លោក ស៊ា សុភា​រុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ​ដែល​តម្រូវឱ្យមាន​ការជួស​ជុល​មុន​ទីតាំង​ផ្សេង គឺ​បណ្តាលមកពី​រចនា​សម្ព័ន្ធ​របស់​ខ្លោងទ្វារ​។

បាន​រំកិល​ចេញពី​ទីតាំង​ដើម ថ្ម​ជញ្ជាំង​គ្រប់​ជ្រុង​ប្រេះ ក្រៀក​ចេញពី​គ្នា ដែល​ប្រឈម​នឹង​ការបាក់​រលំ ថ្ម​ដំបូល​បាន​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង ចំណែក​ថ្ម​ដំបូល​ដែល​នៅសល់​ពុំមាន​ស្ថេរភាព ឫស និង​ដើមឈើ​ចាក់​ចូល​បំផ្លាញ​រចនា​សម្ពន្ធ​ថ្ម រួម​នឹង​គុណភាព​ថ្ម​ចុះខ្សោយ​ផង បាន​បំផ្លាញ​រចនា​សម្ពន្ធ​គ្រឹះ មិនអាច​ទ្រ​លំនឹង​តួ​ប្រាសាទ​បាន​រឹងមាំ​ដូច​មុន​។

លោក បាន​បន្តថា ប្រាសាទ​តា​នៃ​ពុំ​ធ្លាប់មាន​ការជួសជុល​ម​ក​ពីមុន​ទេ ដោយ​គ្រាន់តែ​មានការ​អភិរក្ស​ទល់​ទ្រ​នៅ​ផ្នែក​ខ្លះ​តែប៉ុណ្ណោះ​។ ដូច្នេះហើយ គោលបំណង​សំខាន់​នៃ​ការជួសជុល​ខ្លោងទ្វារ​ខាងកើត​នេះ គឺ​ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​ប្រវត្តិ​ស្ថាបត្យកម្ម​សំណង់​បុរាណ ឱ្យមាន​ភាព​មាំទាំ គង់វង្ស យូរអង្វែង រួច​ចាក​ផុតពី​ភាព​ខ្ទេចខ្ទាំ ដើម្បី​បន្ត​រក្សា​ទុកជា​កេរ​មរតក​ដល់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​។

លោក​បាន​បន្តទៀតថា ទាក់ទង​នឹ​ការជួសជុល​ឡើងវិញ បុរាណ​វិទូ​រូបនេះ​ក៏​ឱ្យដឹងថា យោងតាម​អនុសាសន៍​ក្រុម​អ្នកជំនាញ​អាដហុក​របស់​អង្គការ​យូណេស្កូ ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣២ កាលពី​ថ្ងៃទី​១១ ១២ ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ ត្រង់ចំណុច​ទី​១១ គឺ​តម្រូវឱ្យធ្វើ​ការជួសជុល​លើ​ខ្លោងទ្វារ​ខាងកើត ដោយ​រុះរើ​ទាំងស្រុង ធ្វើ​កំណាយ​មើល​គ្រឹះ និង​រៀប​ផ្គុំ​ឡើងវិញ​។

ចំពោះ​គម្រោង​ជួសជុល​នេះដែរ គឺ​អនុវត្ត​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្បូ​ប្រទេស​ជប៉ុន (​ផ្តល់​ដំបូន្មាន​បច្ចេកទេស​) និង​បញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំ (២០១៩-២០២០) មាន​ពីរ​ដំណាក់កាល​។

ដំណាក់កាល​ទី​១ នៅ​ឆ្នាំ​២០១៩ ក្រុមការងារ​សិក្សា​ប្រមូល​រាល់​ឯកសារ​ពាក់ព័ន្ធ កំណាយ​ស្រាវជ្រាវ​ស្វែងរក​ថ្ម សម្រង់​ប្លង់ ចុះបញ្ជី​សារពើ​ភណ្ឌ​ថ្ម ថត​រូបថត​ស្រ៊ី​ឌី​ទុកជា​ឯកសារ សិក្សា​ជួសជុល​ថ្ម និង​ចាប់ផ្តើម​រើ​ទាំងស្រុង ដោយ​រើ​ពីលើ​មកក្រោម ឈប់​ត្រឹម​រួត​កម្រាល​។​ដំណាក់កាល​ទី​២ គឺ​នៅ​ឆ្នាំ​២០២០ ក្រុមការងារ​នឹងធ្វើ​ការ​កំណាយ​សិក្សា​ពង្រឹង​គ្រឹះ និង​ធ្វើការ​ផ្គុំ​ឡើងវិញ​។​

 លោក អាត សុខ​ចាន់ មន្ត្រី​បច្ចេកទេស មកពី​ក្រុម​អភិរក្ស​ជួសជុល​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ទាក់ទង​នឹង​ការពិនិត្យ​គុណភាព​ថ្ម​វិញ ក្រុមការងារ​បាន​សិក្សា​អំពី​ក្បាច់ចម្លាក់​ថ្ម​ផ្នែក​ខាងក្រៅ និង​ផ្តោត​សំខាន់​លើ​ការខូចខាត​នៃ​ថ្ម បាន​រកឃើញ​បញ្ហា​ប្រឈម​ចំពោះ​ថ្ម​ដូចជា ភាព​ពុកផុយ ការ​របក​ផ្ទៃ​ខាងក្រៅ ការ​ប្រេះ​ជា​ស្នាម​តូចៗ និង​ការខូចខាត​ដោយ​ស្លែ​។

 ពេលនេះ​ក្រុមការងារ​ក៏​កំពុង​រក​មូលហេតុ​បន្ថែមទៀត​លើ​បញ្ហា​ថ្ម ដើម្បី​ឈានដល់​ការជួសជុល ដោយ​ការសម្អាត និង​ការព្យាបាល មុននឹង​យក​ថ្ម​នេះ​ទៅ​ផ្គុំ​ឡើងវិញ ដើម្បី​ធានាបាន​ថា ថ្ម​នឹងមាន​សុខភាព​ល្អ ធ្វើឱ្យ​សំណង់​ប្រាសាទ​រឹងមាំ​បានយូរ​អង្វែង​តទៅទៀត​។​

 ប្រាសាទ​តា​នៃ កសាងឡើង​នា​ចុង​ស​.​វ​.​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​។ ឆ្លងកាត់​អាយុកាល​និង​ឥទ្ធិពល​នៃ​អាកាសធាតុ​រាប់រយឆ្នាំ បានធ្វើឱ្យ​សំណង់​ខ្លះ​នៃ​ប្រាសាទ​រង​នូវ​ការខូចខាត និង​ដួលរលំ ដែល​ត្រូវ​ការជួសជុល​ដើម្បី​សង្គ្រោះ​ឱ្យ​ផុតពី​ហានិភ័យ​៕S/
រូបភាព​: អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ​៕​អប្សរា​