អាជ្ញាធរ​ជាតិ​អប្សរា​និង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ​សម្តែង​សិល្បៈ​វប្បធម៌ អបអរ​ការបញ្ចប់​គ​ម្រោ​ង​ជួសជុល​ប្រាសាទព្រះពិធូរ​ជំហាន​ទី​១

1238
ចែករម្លែក
  • 1
    Share

​ដោយ:​បាយ័ន​/​សៀមរាប​ ៖ ​នា​រាត្រី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ សិល្បៈ​ស្បែក​ធំ​ខ្មែរ​និង​សិល្បៈ Arirang របស់​កូរ៉េ ដែលជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​សម្រាប់​មនុស្សជាតិ​ត្រូវបាន​បង្ហាញ​រួមគ្នា ដើម្បី​អបអរ​ការបញ្ចប់​គម្រោង​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​ជំហាន​ទី​១​។​

​កម្មវិធី​នេះ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​លោក ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក​សាស្ត្រ​ចា​រ្យ Azedine Beschaouch អគ្គលេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី លោក JIN Oksub ប្រធាន​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ លោក PARK Seunggyoo អគ្គនាយក​កុងស៊ុល​សាធារណៈ​កូរ៉េ​ប្រចាំខេត្ត​សៀមរាប និង​សហការី រួមទាំង​បុគ្គលិក កម្មករ និង​អ្នកភូមិ​ជុំវិញ​ប្រមាណ​៣០០​នាក់​។​

លោក JIN Oksub បាន​ថ្លែងថា ការសម្តែង​សិល្បៈ​រួមគ្នា​នៅ​ឱកាស​នេះ ក្នុង​បំណង​ថ្លែងអំណរគុណ​ដល់​អ្នកជំនាញ​ខ្មែរ​-​កូរ៉េ និង​កម្មករ​ដែល​បាន​ខិតខំ​បំពេញការងារ​កន្លងមក បាន​យ៉ាង​ល្អប្រសើរ​។ ពិសេស​ដើម្បី​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​ទាំង​ទំនាក់ទំនង​ការទូត​និង​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ផង​។ លោក​សង្កត់ធ្ងន់ថា ចំណុច​សំខាន់​នៃ​ការបង្ហាញ​សិល្បៈ​រួមគ្នា​ថ្ងៃនេះ​គឺជា​ការផ្តល់​ទឹកចិត្ត ក្តី​ស្រលាញ់ និង​ការចងចាំ​តាមរយៈ​ការបង្ហាញ​សិល្បៈ​ប្រពៃណី​ជាតិខ្មែរ​និង​របាំ​Arirang ក្នុងន័យ​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​នូវ​បេតិកភណ្ឌ​មនុស្សជាតិ​អរូបី​ដែល​ប​ញ្ជូ​ល​ជា​បេតិកភណ្ឌ​របស់​អង្គការ​យូ​នី​ស្កូ​។ អ្វីដែល​សំខាន់​មិន​ត្រឹមតែ​អភិរក្ស​តែ​ម្យ៉ាង​ទេ គឺ​មនុស្សជាតិ​ផ្ទាល់​ជា​អ្នកថែរក្សា បើ​គ្នាន​អ្នកគ្រប់គ្រង​ឬ​អនុវត្ត​វា​នឹង​ក្លាយទៅជា​សិល្បៈ​មួយ​គ្មាន​ជីវិត​។​

លោក​ស៊ុ ម៉ាប់ បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​ក្រុមការងារ​ពាក់ព័ន្ធ​គ្រប់ផ្នែក​ដែល​បាន​ប្រឹងប្រែង​បំពេញ​តួនាទី ភារកិច្ច​យ៉ាង​យកចិត្តទុកដាក់​លើ​ការសិក្សា អនុវត្ត​គម្រោង​ឈានដល់​ការបញ្ចប់​ការជួសជុល​ដំណាក់កាល​ទី​១​នេះ​។

លោក​បន្ថែមថា ការប្រកាស​បិទ​គម្រោង​ជួសជុល​ដំណាក់កាល​ទី​១​នេះ​បានបង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​ថែមទៀត​ពី​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​ក្រៅប្រទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​បណ្តា​ប្រទេស​នានា អង្គការ​អន្តរជាតិ ពិសេស​ជាមួយ​សាធារណៈរដ្ឋ​កូរ៉េ ទាំង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តាមរយៈ​ការពង្រឹង​ការងារ​អភិរក្ស ជួសជុល សំដៅ​ធ្វើយ៉ាងណា​រក្សាបាន​នូវ​ស្ថានភាព​ដើម​នៃ​ប្រាង្គ​ប្រាសាទបុរាណ​នានា ជា​កេរ​មរតក​ដ៏​ថ្លៃថ្លា​របស់​ដូនតា​ខ្មែរ​ដោយ​គៀងគរ​ធនធាន​ជំនួយ​ពី​ខាងក្រៅ រួមផ្សំ​ធនធាន​ផ្ទាល់ខ្លួន​របស់​កម្ពុជា​។ ម្យ៉ាងទៀត​ការងារ​អភិរក្ស​ប្រាសាទបុរាណ​មិន​ត្រឹមតែ​ដើម្បី​ការពារ​ថែរក្សា​ប្រាង្គ​ប្រាសាទ តែ​ថែមទាំង​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ពិសេស​លើកកម្ពស់​ប្រកួតប្រជែង​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​ជាមួយ​ប្រទេស​នានា​ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត​។

លោក​បញ្ជាក់ថា ជោគជ័យ​នៃ​ការជួសជុល​ប្រាសាទព្រះពិធូរ​មិនមែនជា​លទ្ធផល​ដំបូង​នៃ​ជំនួយ​រាជរដ្ឋាភិបាល​សាធារណៈរដ្ឋ​កូរ៉េ​ប៉ុណ្ណោះ​ទេ កន្លងមក​សាធ​រណៈ​រដ្ឋ​កូរ៉េ​បានផ្តល់​គម្រោង​ជំនួយ​ជាច្រើន​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ដូចជា​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ​ជាដើម និង​សង្ឃឹមថា រាជរដ្ឋាភិបាល​សាធ​រណៈ​រដ្ឋ​កូរ៉េ និង​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​អន្តរជាតិ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​នឹង​បន្ត​ពិនិត្យ​លទ្ធភាព​ក្នុង​ការលើក​គម្រោង​ជួសជុល​ប្រាសាទ​នានា​ពេលអនាគត​។​

​គួរ​បញ្ជាក់ថា គម្រោង​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​អន្តរជាតិ​កូរ៉េ​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ បាន​ជួសជុល​រានហាល​ប្រាសាទព្រះពិធូរ​៖ បើក​វគ្គ​បណ្តុះបណ្តាល​និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​កិច្ចការ​អភិរក្ស​និង​ជួសជុល​បេតិកភណ្ឌ​នៅ​ប្រទេស​កូរ៉េ​ដល់​អ្នកជំនាញការ​ខ្មែរ​មកពី​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចំនួន​៥២​នាក់ វគ្គ​ខ្លី​ចំនួន​២​សប្តាហ៍​បាន​ចំនួន​៤០​នាក់ និង​វគ្គ​ខ្លី​៣​ខែ​បាន​១២​នាក់ បង្កើត​មន្ទីរពិសោធន៍​មួយ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​សម្រាប់​ពិសោធន៍​ការងារ​ទាក់ទង​នឹង​ការអភិរក្ស​ប្រាសាទ​។

​សម្រាប់​ជំហាន​បន្ទាប់ អាជ្ញាធរ​ជាតិ​អប្សរា​និង​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​អន្តរជាតិ​កូរ៉េ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ដើម្បី​បន្តទៅ​ដំណាក់កាល​ទី​ដើម្បី​បន្ត​គម្រោង​អភិរក្ស ជួសជុល​ប្រាសាទ​នៃ​ក្រុម​ប្រាសាទ​ព្រះពិធូរ​​និង​ព្រះ​លានជល់ដំរី​នៅ​បរិវេណ​អង្គរធំ​បន្ត​៕​B/

#