អាជ្ញាធរ​ជាតិ​អប្សរា​បដិសេធ​រាល់​ការ​បំផុស​អោយមាន​ការទិញ​លក់​ដី​ធ្លី​ក្នុង​តំបន់​អង្គរ និង​ការសាងសង់​ផ្ទះ​នៅក្នុង​តំបន់​អង្គរ​

903
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា​បានប្រកាស​សេចក្តីជូនដំណឹង បដិសេធ​រាល់​ការ​បំផុស​អោយមាន​ការទិញ​លក់​ដី​ក្នុង​តំបន់​អង្គរ និង​ការសាងសង់​ផ្ទះ​នៅក្នុង​តំបន់​អង្គរ​។ សេចក្តីជូនដំណឹង​បដិសេធ​នេះ​ចុះហត្ថលេខា​ដោយ​លោក ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លេខ​៣៨៨/១៨ រប​.​សជណ​។​

​លោក ស៊ុ ម៉ាប់ បាន​និយាយថា ថ្មីៗ​នេះ​មាន​បុគ្គល​មួយចំនួន​ប្រកាស​លក់​ដីធ្លី ដោយបាន​ផ្សព្វផ្សាយ​ព័ត៌មាន​ភូតភរ​កុហក​លើ​បណ្តាញ​ព័ត៌មាន​សង្គម ដែល​អះអាងថា មានការ​កាត់​ដី​មួយចំនួន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​អាច​សាងសង់​សំណង់​ស្រាល​ជា​ប្រភេទ​លំនៅដ្ឋាន​បាន ដោយ​ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​លោក ស៊ុ ម៉ាប់ បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​សូម​បដិសេធ​រាល់​ការទិញ​លក់​ដីធ្លី​ក្នុង​តំបន់​អង្គរ​និង​ការសាងសង់​ផ្ទះ​នៅក្នុង​តំបន់​អង្គរ ដូច្នេះ​រាល់​ការសាងសង់​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវ​មានការ​អនុ​ញ្ញា​ត្តិ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក​បាន​បន្តថា យោងតាម​ជំពូក​១ មាត្រា​៤ នៃ​ព្រះរាជក្រឹត្យ​លេខ​០០១​ន​.​ស ចុះ​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​១៩៩៤ ស្តីពី​ការកំនត់​និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និង​ប្រការ​១​និង​ប្រកា​២​នៃ​សេចក្តីសម្រេច​លេខ​៧០​សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្តីពី​ការកំនត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី នៅ​តំបន់​១​និង​តំបន់​២​ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​អង្គរ ហាមឃាត់​លើ​សកម្មភាព​ទិញ លក់​ដី​របស់​ឈ្មួញ​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យកចំណេញ​សម្រាប់​ក្រុមហ៊ុន ឬ​បុគ្គល ឬ​ការទិញ​លក់​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ​ជាដើម​។​ល​។​

​លោក​បាន​បន្តទៀតថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ណា ដែល​នៅតែ​បន្ត​ភូតកុហក​សាធារណជន ក្នុង​គោលបំណង​កេងចំណេញ​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ សូមកុំ​ចាញ់កល​ល្បិច​បោកប្រាស់​របស់​បុគ្គល​មួយ​ក្តាប់​តូច​៕ ល​