អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នៅ​បារាយណ៍​ខាងលិច​

400
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ ផ្លូវ​ក្រាល​គ្រូ​ស​ក្រហម​១​ខ្សែ​ដែលមាន​ប្រវែង​ជិត​៣០០០​ម៉ែត្រ​នៅ​បារាយណ៍​ខាងលិច ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការជួសជុល​ក្នុង​គោលបំណង​ស្តារឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ និង​សម្រួលការ​ធ្វើដំណើរ​ទូទៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ។ ​នេះ​បើតាម​ការបញ្ជាក់​អោយដឹង​អាជ្ញាធរ​អប្សរា​នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​នេះ​។​

អាជ្ញាធរ​ជាតិ​អប្សរា​ទើបនឹង​ជួសជុល​ផ្លូវដី​ក្រហម​ចំនួន​២​ខ្សែ​នៅ​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។ ការជួសជុល​នេះ គឺ​នៅ​ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច ដែលមាន​ប្រវែង​សរុប​ជិត ៣​ពាន់​ម៉ែត្រ​។​

លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ទទួលបន្ទុក​ការងារ​នៅ​បារាយណ៍​ខាងលិច​បាន​លើកឡើងថា កន្លងមក​ផ្លូវ​តាម​ខ្នង​ទំនប់​បាន​រង​ការខូចខាត មាន​ជង្ហុក​ធំៗ ហើយ​នៅពេល​មាន​ភ្លៀង​តែងមាន​ទឹក​ហូរ​ច្រោះ ដែល​ធ្វើឱ្យ​ខ្នង​ទំនប់​រង​ការខូចខាត​។​

លោក​បាន​បន្តថា ការធ្វើដំណើរ​តាមផ្លូវ​ខ្នង​ទំនប់​មាន​ភាពលំបាក ដែល​ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​បានត្រឹមតែ​កង់ និង​ម៉ូតូ​តែប៉ុណ្ណោះ​។ លោក​បាន​លើកឡើងថា ផ្លូវ​នេះ​ក៏បាន​​សម្រួល​ដល់​ភ្ញៀវទេសចរ​ដែល​និយម​មក​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​នៅ​ខ្នង​បារាយណ៍​ដែរ​។ ការជួសជុល​នេះ​សរុប​ជិត ៣​គីឡូម៉ែត្រ ប៉ុន្ដែ​ការជួសជុល​នាពេល​កន្លងមក សរុប​បាន​ចំនួន ១០​គីឡូម៉ែត្រ​ហើយ​។​

អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ដ​ជួសជុល​ប្រវែង ១០​គីឡូម៉ែត្រ​ទៀត​ដែល​នៅ​សេសសល់​ចំពោះ​ផ្លូវ​នៅលើ​ខ្នង​បារាយណ៍​នេះ​។ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​កាត់​ផ្លូវ​ទាំងនេះ បាន​សាទរ​ចំពោះ​សមិទ្ធផល និង​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ចំពោះ​ការអភិវឌ្ឍ​បង្កើត​សមិទ្ធិផល​ថ្មីៗ​នៅ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។

លោក ឆាយ ផាត និង​គ្រួសារ​ដែល​កំពុង​ជិះ​ម៉ូតូ​កាត់​ផ្លូវ​ដីក្រហម​ថ្មី​ដែល​ទើប​ជួសជុល​បានបង្ហាញ​ការចាប់អារម្មណ៍​ថា ការធ្វើដំណើរ​តាមផ្លូវ​ខ្នង​ទំនប់​ពេលនេះ​មាន​ភាពងាយស្រួល ព្រោះ​កន្លងមក​នៅ​រដូវប្រាំង​មាន​ជង្ហុក​ធំៗ រីឯ​រដូវភ្លៀង​រអិល​ខ្លាំង ពិបាកធ្វើ​ដំណើរ​ណាស់​។ លោក ផាត ក៏បាន​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បានធ្វើ​ផ្លូវ​ថ្មី​នេះ គឺ​បាន​សម្រួល​ក្នុង​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​ច្រើន​៕B/