អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គរ​

551
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ក្រោម​កិច្ចសហការ​រវាង​មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន និង អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​កម្មវិធី​អប់រំ​បរិស្ថាន​កុមារ​ដើម្បី​បញ្ជ្រៀប​ចំណេះដឹង​អំពី​បរិស្ថាន នៅ​សាលាបឋមសិក្សា​ដូន​ឪ សាលាបឋមសិក្សា​ត្រពាំង​ស្វាយ និង​សាលាបឋមសិក្សា​គោក​គ្រើល​និ​បាន​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គរ​ផងដែរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គរ​(​រូបភាព​អប្សរា​)​

​កម្មវិធី​បញ្ជ្រៀប​ចំណេះដឹង​បរិស្ថាន​នេះ មាន​រយៈពេល​៧​ខែ ពោលគឺ​ចាប់ផ្តើម​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។​នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​៣១ ខែឧសភា​នេះ​។​

​លោក Saturu KISHINO តំណាង​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​បញ្ជាក់ថា ការ បណ្តុះ​គំនិត​ឱ្យ​កុមារ​មាន​ទម្លាប់​ចេះ​គិត​និង​ស្រឡាញ់​បរិស្ថាន​ពី​ក្មេង នឹង​បណ្តុះ​គំនិត​ស្រឡាញ់​បរិស្ថាន​របស់​ពួកគេ​កាន់តែ ច្រើន​នាពេល​អនាគត​។​

​កម្មវិធី​នេះ​បាន​ជំរុញ​ការផ្លាស់ប្តូរ​ឥរិយា បថ​របស់​សិស្ស​ដើម្បី​លុបបំបាត់​ឬ​កាត់បន្ថយ​សំរាម​ក្នុង​សាលារៀន​ឱ្យមាន​ទេសភាព​ស្អាត​។ សម្រាប់​ទិសដៅ​អនាគត លោក​សង្ឃឹមថា សិស្សានុសិស្ស​និង​សាលា​ទាំងអស់​នឹងមាន​ភាពម្ចាស់កា​រ ឯករាជ្យ​ក្នុង ការថែរក្សា​បរិស្ថាន​ដោយ​ខ្លួនឯង ព្រមទាំង​អាច​បង្រៀន​សាលា​ផ្សេងៗ​ឱ្យ​យល់ដឹង​ពី​បរិស្ថាន​កាន់តែ​ទូលំទូលាយ​។​

​អ្នកគ្រូ អឿ​ម វណ្ណៈ បង្រៀន​ថ្នាក់​ទី​៦ «​ក​» នៃ​សាលាបឋមសិក្សា​ដូន​ឪ បាន​កត់សម្គាល់ថា ក្រោយពី​ទទួលបាន​ការអប់រំ​បរិស្ថាន សិស្ស​ចេះ​សម្អាត​បរិស្ថាន​ជុំវិញខ្លួន ចេះ​ញែក​សំរាម និង​បន្ថយ​ការប្រើ​សំរាម ហើយ​យក​ចំណេះដឹង​ទៅ​អនុវត្ត​នៅ តាម​សហគមន៍​បាន​ទៀតផង​។ អ្នកគ្រូ​នឹង​បន្ត​ជំរុញ​និង​បណ្តុះ​ស្មារតី​សិស្ស​ក្នុងការ​ស្រឡាញ់​បរិស្ថាន​ដល់​ពួកគេ​គ្រប់​ជំនាន់ ព្រោះ​បរិស្ថាន​ស្អាត នាំឱ្យមាន​សុខភាព​ល្អ និង​អារម្មណ៍​ស្រស់ថ្លា​។​

​លោក​សុខ លក្ខិណា ក៏បាន​ថ្លែង អំណរគុណ​ដល់​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​ជំរុញ​និង​លើកកម្ពស់​បរិស្ថាន​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​រមណីយដ្ឋាន​អង្គរ ព្រោះ​ការងារ​បរិស្ថាន​ចាំបាច់​មានការ​ចូលរួម​ទាំងអស់គ្នា និង​ប្រើ​រយៈពេល​យូរ ទើប​សម្រេចបាន​ផល​៕ ល​