អាជ្ញាធរ​ជាតិ​អប្សរា​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុង​និង​ទ្វារ​ទឹក​មួយកន្លែង​នៅ​ភូមិ​នគរ​ក្រៅ

434
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ពិធីបើកការដ្ឋាន​សង់ស្ពាន​បេតុង​និង​ទ្វារ​ទឹក​មួយកន្លែង​ស្ថិតក្នុង​ភូមិ​នគរ​ក្រៅ​សង្កាត់​គោកចក ក្រុង​សៀមរាប​។ ការងារ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ជួយ​សម្រួល​ដល់​ការរស់នៅ​និង​បង្កបង្កើន​ផលដំណាំ​ដល់​អ្នកភូមិ​នគរ​ក្រៅ​ប្រមាណ​ជាង​៣០០​គ្រួសារ​។​

​ការដ្ឋាន​សង់ស្ពាន​និង​ទ្វារ​ទឹក​ថ្មី​នៅ​ភូមិ​នគរ​ក្រៅ​ត្រូវបាន​រៀបចំឡើង​នៅ​ជិត​ការដ្ឋាន​ដែល​ត្រូវ​សង់ស្ពាន​និង​ទ្វារ​ទឹក​ស្ថិតនៅ​ភូមិ​នគរ​ក្រៅ​សង្កាត់​គោកចក​។​ស្ពានបេតុង​ដែលជា​ចំណងដៃ​ថ្មី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផ្តល់ឱ្យ​អ្នកភូមិ​អង្គរ​នៅពេលនេះ​មាន​ប្រវែង ៣១​ម៉ែត្រ ទទឹង​៣,៥​ម៉ែត្រ និង​កម្ពស់​៤​ម៉ែត្រ ។ ចំណែក​ទ្វារ​ទឹក​វិញ មាន​ប្រវែង​១០​ម៉ែត្រ ទទឹង​៣,៥​ម៉ែត្រ ស្ថិតនៅ​ច្រក​បញ្ចេញ​ទឹកទន្លេ​ស្ងួត​។​

​លោក​ភឿន​សុ​ឃីម​អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នៅក្នុង​ពិធី​នៅពេលនោះ បាន​រម្លឹក​ពី​ប្រវត្តិ​ក៏ដូចជា​សមិទ្ធផល​នានា​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ធ្វើ​នាពេល​កន្លងមក​។ លោក​បន្តថា​កាលពី​ឆ្នាំ​២០១៣​អ្នកភូមិ​នគរ​ក្រៅ​ធ្លាប់​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ព្រោះ​ពុំទាន់​មាន​សំណង់​ទ្វារ​ទឹក​ត្រឹមត្រូវ​នៅពេលនោះ​។

​លោក សុ​ឃីម បន្ថែមថា​ដោយសារ​មើលឃើញ​ពី​ទុក្ខលំបាក​បែបនេះ​នៅ​ឆ្នាំ​២០១៤​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ដារ​និង​សាងសង់​ប្រព័ន្ធធារាសាស្ដ្រ​មួយចំនួន​ក្នុងភូមិ​សាស្ដ្រ​នេះហើយ​ចាប់ពីពេលនោះ​មក​ពុំមាន​ទឹកជំនន់​ជន់​លិច​ទៀតឡើយ​។​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​និង​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​អ្នកភូមិ​នគរ​ក្រៅ​ដែល​ទទួលបាន​នៅពេលនេះ​។

ជាមួយគ្នា​នោះ​លោក​ក៏បាន​រម្លឹក​ពី​ការងារ​មួយចំនួន​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ក៏ដូចជា​ការងារ​ស្នូល​សំខាន់ៗ​ដើម្បី​លើកកម្ពស់​ដល់​ការរស់នៅ​របស់​អ្នកស្រុក​អង្គរ ដូចជា​ការងារ​សង់​ទ្វារ​ទឹក ស្ពាន ផ្លូវ និង​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​ផ្សេងៗ​។​ល​។

​ជាមួយនឹង​សមិទ្ធផល​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​សាងសង់​ដល់​អ្នកភូមិ​នគរ​ក្រៅ​នៅពេលនេះ លោក​រំពឹងថា វា​នឹងចូលរួម​បម្រើ​ផលប្រយោជន៍​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​បញ្ជៀ​ស​ពី​ហានិភ័យ​ផ្សេងៗ​ដែល​កើតឡើង​ពី​ការ​ជន់​លិច​នា​រដូវវស្សា​ក៏ដូចជា​ជួយ​ស្ទាក់​ទឹក​សម្រាប់​បង្កបង្កើនផល​ដំណាំ​របស់​បងប្អូន​នៅទីនេះ​ផងដែរ​៕S/​