អាជ្ញាធរ​ជាតិ​អប្សរា​ស្ដារ​ប្រឡាយ​រង​លេខ​០២ ដើម្បី​បង្កើន​សមត្ថភាព​ស្រោចស្រព​ស្រែប្រាំង​ពលរដ្ឋ​៣​ឃុំ​ក្នុងស្រុក​ពួក​

298
ចែករម្លែក

ដោយ​: បាយ័ន​
​សៀមរាប​:
ដោយ​មើលឃើញ​ពី​ភាពលំបាក ក៏ដូចជា​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​ក្នុងស្រុក​ពួក អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​ជួយ​ស្ដារ​ប្រឡាយ​រង​លេខ​០២ ដើម្បី​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ការងារ​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​បង្កើន​សមត្ថភាព​ភាព​ស្រោចស្រព​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​៣​នៃ​ស្រុក​ពួក​។ ប្រឡាយ​នេះ​ចាប់ផ្តើម​ស្តារ​នៅ​ថ្ងៃទី​១២ ខែកក្កដា​នេះ​តទៅ​។​

​ប្រឡាយ​រង​លេខ​០២ គឺ​ប្រឡាយ​មួយ​ក្នុងចំណោម​ប្រឡាយ​នៃ​ប្រព័ន្ធ​ស្រោចស្រព​របស់​បារាយណ៍​ខាងលិច ដែលមាន​ប្រវែង ៣,៣៤៤​ម៉ែត្រ ចាប់ពី​ភូមិ​ភូមិ​ខ្នាត ភូមិ​ព្រៃ​ក្មេង ភូមិ​ទឹកថ្លា ក្នុង​ឃុំ​ខ្នាត រហូតដល់​ភូមិ​ពួក​ចាស់ ឃុំ​ពួក ដើម្បី​នាំយក​ទឹក​ពី​បារាយណ៍​ខាងលិច​ទៅ​ស្រោចស្រព​ស្រែប្រាំង​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ខ្នាត ឃុំ​សំរោង​យា និង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។

​បច្ចុប្បន្ន​ប្រឡាយ​នេះ​មាន​កំណ​កដី សំរាម និង​រុក្ខជាតិ​ដុះ​ពេញ ធ្វើឱ្យ​រាក់ និង​រួម​តូច ព្រោះ​លូ​មូល​កាត់​ប្រឡាយ​ចំនួន​១៣​កន្លែង​ជា​ប្រភេទ​លូ​មូល​ទោល និង​កើល​ខ្ពស់ជាង​បាត​ប្រឡាយ ជា​មូលហេតុ​ធ្វើឱ្យ​ស្ទះ​លំហូរ​ទឹក​ទៅ​ស្រោចស្រព​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​ទឹក​តាម​ប្រឡាយ​នេះ​។

​ហេតុ​ដូច្នេះហើយ ទើប​ប្រជាពលរដ្ឋ​ទាំង​៣​ឃុំ​ខាងលើ​បានស្នើ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ស្នើសុំ​ឱ្យជួយ​ស្ដារ​ប្រឡាយ និង​ប្ដូរ​លូ​ចំនួន​១៣​កន្លែង​កាត់​តាម​ប្រឡាយ​នេះ ដើម្បី​បញ្ជូន​ទឹក​តាម​ប្រឡាយ​បាន​លឿន​ទាន់ពេលវេលា​តាម​តម្រូវការ​ទឹក​ស្រោចស្រព​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​។ មកដល់ពេលនេះ ការងារ​នេះ​សម្រេចបាន​ប្រមាណ​៨០​ភាគរយ​ហើយ​៕ ល​