អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ដាំ​កូនឈើ​ក្នុងព្រៃ​ឧទ្យាន​អង្គរ​

828
ចែករម្លែក
  • 21
    Shares

ដោយ​: បាយ័ន / សៀមរាប​: ការងារ​ស្ដារ​គម្រប​ព្រៃឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឡើងវិញ ក៏​ជា​ការងារ​អាទិភាព​មួយ​ក្នុងចំណោម​ការងារ​អាទិ​ភាព​ផ្សេងៗ ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​។ កូនឈើ​១០០០​ដើម ប្រភេទ​ចម្រុះ​នេះ​ត្រូវបាន​ដាំ​ឡើងវិញ​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ដីព្រៃ​ខាងត្បូង​ប្រាសាទបន្ទាយក្តី ហើយ​ការដាំ​កូនឈើ​ទ្រង់ទ្រាយ​ធំ​បែបនេះ គឺជា​ផ្នែក​មួយ នៃ​កិច្ចការ​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​។​

​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ ដែល​បាន​ដឹកនាំ​កម្មវិធី​ដាំ​កូនឈើ​ដោយមាន​ការចូលរួមរ​បស់​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា នគរបាល​បេតិកភណ្ឌ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​មានប្រសាសន៍ថា ការដាំ​កូនឈើ​ឡើងវិញ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ដី​ក្នុង​រមណីយដ្ឋាន​អង្គរ​ភាគច្រើន​ជា​ដីខ្សាច់ ហើយ​គ្រឹះ​ប្រាសាទ​ក៏ត្រូវ​ការ​សំណើម​ទឹក​ក្រោម​ដី ដើម្បី​រក្សា​លំនឹង​គ្រឹះ​ប្រាសាទ​។ ក្រៅពីនេះ ព្រៃឈើ​បាន​បង្កើត​ទេសភាព​វប្បធម៌​នៅក្នុង​តំបន់​អង្គរ​ឲ្យ​កាន់តែ​ទាក់ទាញ ហើយ​ភ្ញៀវទេសចរ​ជាច្រើន​មាន​សេចក្តី​ពេញចិត្ត​ចំពោះ​ទេសភាព​បៃតង​ដ៏​ស្រស់ត្រកាល​នេះ​។ បច្ចុប្បន្ន​មាន​ភ្ញៀវទេសចរ​មួយចំនួន​ចាប់អារម្មណ៍​ក្នុងការ​ជិះ​កង់​ក្នុងព្រៃ ដែល​នេះ​ជា​ចំណែក​មួយ​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​។​

​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មានឱកាស​ក្នុងការ​ចូលរួម​ដាំ​កូនឈើ​ក្នុងព្រៃ​ឧទ្យាន​អង្គរ ក៏ដូចជា​ការលើកទឹកចិត្ត​ក្នុងការ​ថែរក្សា​ព្រៃឈើ ឯ​លោក​ហង់ ពៅ បញ្ជាក់ថា​ជាគោលការណ៍​អាជ្ញាធរ​ជាតិ​អប្សរា​ចង់បាន​ការចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ចូលរួម​ស្តារ​គម្រប​ព្រៃឈើ​ឡើងវិញ ហើយ​ជាពិសេស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ព្រោះថា​នេះ​ពុំមែន​ជា​ភារកិច្ច​ផ្តាច់មុខ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទេ តែ​ជាការ​ចូលរួម​ទទួលខុសត្រូវ​ទាំងអស់គ្នា​នៃ​ប្រជាពលរដ្ឋ​គ្រប់រូប​។ ដូច្នេះ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ឬ​ក្រៅ​ខេត្តសៀមរាប អាច​ស្នើសុំ​ពូជឈើ ឬ​កូនឈើ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ទៅ​ដាំ​នៅផ្ទះ ភូមិ ស្ថាប័ន​ឬ​ក្រុមហ៊ុន​ពួកគេ​បាន​។ លើសពីនេះ ពួកគេ​ក៏​អាច​ដាំ​កូនឈើ​ក្នុងព្រៃ​នៃ​ឧទ្យាន​អង្គរ​បាន​ផងដែរ ដោយ​គ្រាន់តែ​ពួកគេ​ទាក់ទង​មក​មន្ត្រី​ជំនាញ​ព្រៃឈើ​ដើម្បី​រៀបចំ​ទីតាំង​ដែល​ត្រូវ​ដាំ​។

​គួរ​បញ្ជាក់ថា ផ្ទៃដី​ដែល​ដាំ​កូនឈើ​នេះ គឺជា​ដី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា ដោះស្រាយ​គោលនយោបាយ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​យកមក​ដាំ​កូនឈើ​ឡើងវិញ​៕ ល​