អាជ្ញាធរ​ជាតិ​អប្សរា​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ទាក់ទង​នឹង​កុលាលភាជន៍​

148
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ទាក់ទង​នឹង​កុលាលភាជន៍ ចាប់ពី​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ ដោ​យម​សន​ការចូលរួម​ពី​ស្ថាប័ន​ជាតិ​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រាជបណ្ឌិតសភា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សារមន្ទីរ​ជាតិ​ភ្នំពេញ អាជ្ញាធរ​ជាតិ​ព្រះវិហារ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង បន្ទាយមានជ័យ និង​បាត់ដំបង ដើម្បី​រៀបចំ​សិក្សា​សាលា​ស្តីពី «​ការដាក់ឱ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ទាក់ទង​នឹង​កុលាលភាជន៍​»​។​

លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អ្នកជំនាញ​កុលាលភាជន៍​បានឱ្យដឹងថា «​កន្លងមក​សាស្ត្រាចារ្យ Joyce White នៃ​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក​បាន​បង្កើត​ពាក្យ​បច្ចេកទេស​ហៅ​កុលាលភាជន៍​ជា​ភាសា​ង​អង់គ្លេស ថៃ វៀតណាម ឡាវ ជប៉ុន ប៉ុន្តែ​មិនមាន​ជា​ភាសា​ខ្មែរ​ទេ​»​។​

លោក​បាន​បន្តថា វិស័យ​កុលាលភាជន៍​នៅក្នុង​ប្រទេស​កម្ពុជា ចាប់ផ្តើម​រីកចម្រើន​និង​មានការ​ស្រាវជ្រាវ​ច្រើន​បន្ទាប់ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ​បាន​រកឃើញ​ឡ​ចំនួន​ជាង​១០​ទីតាំងនៅ​តំបន់​អង្គរ​តាំងពី​ឆ្នាំ​១៩៩៥ និង​បាន​ស្រាវជ្រាវ​ដឹង​ពី​ប្រភេទ​កុលាលភាជន៍​ដែល​ផលិត​នៅតាម​ឡ​និង​ការប្រើប្រាស់​នៅក្នុង​តំបន់​អង្គរ ក៏ប៉ុន្តែ​ខ្មែរ​នៅ​ពុំទាន់​បាន​ចងក្រង​ពាក្យ​បច្ចេកទេស​ទាក់ទង​នឹង​ការហៅ​ឈ្មោះ​កុលាលភាជន៍​និង​ឡ​ទាំងអស់នោះ​ជា​ផ្លូវការ​នៅឡើយ​។

លោក​បាន​បន្តថា «​វា​មាន​ប្រយោជន៍​ណាស់​ក្នុង​ការហៅ​កុលាលភាជន៍​ខ្មែរ​ឱ្យចំ​ទៅនឹង​ពាក្យ​បច្ចេកទេស កុំឱ្យ​ហៅ​ខុស​ពាក្យ ហើយ​ហៅ​ផ្សេងគ្នា​ដោយ​មិន​ច្បាស់លាស់ ដើម្បី​ជា​ការលើកតម្លៃ​កុលាលភាជន៍​ខ្មែរ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ថា​ខ្មែរ​យើង​ចេះ​ផលិត​កុលាលភាជន៍​រឹង​តាំងពី​សម័យអង្គរ មុន​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តែ​គេ​បែរជា​មានការ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ហៅ​បាន​ត្រឹមត្រូវ​»​។​

លោក​បាន​បន្តថា «​បើ​យើង​មិន​កំណត់​ឈ្មោះ​លើ​វត្ថុ​នោះទេ យើង​មិនដឹងថា​ត្រូវ​ហៅ​វត្ថុ​នោះ​យ៉ាងម៉េច​ទេ ឱ្យ​ត្រូវ​នឹង​មុខងារ​ប្រើប្រាស់ ដូចជា​ខួច​សម្រាប់​ដាក់​វត្ថុ​រាវ ឆ្នាំង​សម្រាប់​ចម្អិន​អាហារ​ជាដើម​។ ចំពោះ​ការហៅ​ឈ្មោះ​នេះដែរ គឺ​យោងទៅលើ​មុខងារ​ប្រើប្រាស់​នៃ​ប្រភេទ​ភាជន៍​បច្ចុប្បន្ន ហើយ​ប្រៀបធៀប​នឹង​ភាជន៍​ដែល​យើង​រកឃើញ​ពី​អតីតកាល​។ ម្យ៉ាងទៀត ជួនកាល​នៅ​តំបន់​អង្គរ​គេ​ហៅ​ភាជន៍​នេះ​ថា​បែបនេះ តែ​តំបន់​ផ្សេង​គេ​ហៅថា​ខុសពី​នោះ​។ ដូច្នេះ សិក្ខាសាលា​នេះ​ក៏​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការហៅ​ឈ្មោះ​ពី​តំបន់​ផ្សេងៗ​គ្នា​ដែរ ដើម្បី​រក​ឈ្មោះ​ឱ្យបាន​ច្រើន និង​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បរិបទ​នៃ​វប្បធម៌​របស់​តំបន់​នីមួយៗ​។

សូម​បញ្ចាក់​ដែរ​ថា រយៈពេល​បី​ថ្ងៃ​នៃ​សិក្ខាសាលា​នេះ នឹង​បង្រៀន​អំពី​ការស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ ពិភាក្សាគ្នា​អំពី​ពាក្យ​បច្ចេកទេស​នៃ​កុលាលភាជន៍​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស ការចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​បុរាណ ថតរូប​ឯកសារ បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ការជួសជុល និង​ថែរក្សា​វត្ថុ​បុរាណ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​បំពេញការងារ​ប្រចាំថ្ងៃ​និង​ជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការស្រាវជ្រាវ​ទៅ​អនាគត​។​

សិក្ខាសាលា​នេះ​ក៏​ជាការ​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​ឯកឧត្តម ប្រាក់ សុណ្ណ​រ៉ា រដ្ឋលេខាធិការ​ក្រសួងរ​ប្ប​ធម៌​និង​វិចិត្រសិល្បៈ ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុងពេល​បិទ​សិក្ខាសាលា​អំពី​ការគ្រប់គ្រង អភិរក្ស និង​ជួសជុល​កុលាលភាជន៍​កាលពី​ឆ្នាំ​២០១៧ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​អប្សរា​និង​សាកលវិទ្យាល័យ​ហា​វ៉ៃ​នៃ​សហរដ្ឋអាមេរិក​៕B/