អាជ្ញាធរ​ជាតិ​អប្សរា​ប្រារព្ធ​ពិធី​យោង​បំណែក​ព្រះ​ពុទ្ធបដិមា​ចេញពី​រណ្តៅ​កំណាយ​មក​សិក្សា​ជួសជុល​បន្ត​

88
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា​ប្រារព្ធ​ពិធី​យោង​បំណែក​ព្រះ​ពុទ្ធបដិមា ចេញពី​រណ្តៅ​កំណាយ​មុខ​ថែវ​ព្រះ​រយ​ព្រះ​ពាន់​នៅ​ប្រាសាទអង្គរវត្ត មក​សិក្សា​ជួសជុល​បន្ត​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​។​

​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា ពិធី​យោង​បំណែក​ព្រះ​ពុទ្ធបដិមា​ក្នុង​រណ្តៅ​កំណាយ​មុខ​ថែវ​ព្រះ​រយ​ព្រះ​ពាន់​នៅ​ប្រាសាទអង្គរវត្ត ត្រូវបាន​រៀបចំឡើង​ដោយ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមការងារ​កំណាយ នា​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​បាន​បន្តថា ការយោង​បំណែក​ព្រះពុទ្ធ​បដិមា​ទាំងអស់​ចេញពី​រណ្តៅ​កំណាយ គឺ​ដើម្បី​សិក្សា​ផ្គុំ​រូបរាង ជួសជុល​អភិរក្ស និង​លើក​តម្លៃ​វត្ថុ​បុរាណ ព្រមទាំង​ទុក​លទ្ធភាព​ឱ្យ​អ្នកជំនាញ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​បញ្ចប់​ការងារ​កំណាយ​។

​លោក​អគ្គនាយក​បា​នប​ន្ត​ទៀតថា មាន​បដិមា​១​អង្គ​ដែលមាន​រូបរាង​ពេញលេញ​ជាងគេ នឹងត្រូវ​ជួសជុល​សម្អាត ហើយ​ដាក់​សំណើសុំ​អនុសាសន៍​ពី​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដើម្បី​យកទៅដាក់​នៅ​ទីតាំង​ដើម ព្រោះ​គេ​បាន​ស្គាល់​ច្បាស់​ថា​បំណែក​ព្រះ​ពុទ្ធបដិមា​ទាំងអស់ មាន​ប្រភព​នៅ​ថែវ​ព្រះ​រយ​ព្រះ​ពាន់ ដែលមាន​កាលបរិច្ឆេទ​ប្រហែល​ស្ថិត​ក្នុងសម័យ​កណ្តាល​។​

​លោក​បាន​បញ្ជាក់ថា បំណែក​ព្រះ​ពុទ្ធបដិមា​ដែល​បាន​រកឃើញ​មាន​ចំនួន​១០៥ ក្នុងនោះ​ពុទ្ធបដិមា​មាន​រូប​មិន​ពេញលេញ​មាន​៣៥​អង្គ និង​១​អង្គ​មាន​រូបរាង​ពេញលេញ​ជាងគេ សន្លឹក​សីមា​១ រួម​នឹង​បំណែក​តូចៗ​ចំនួន​១៨០​ផងដែរ​៕ ល​