អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ធ្វើ​កំណាយ ដើម្បី​ពិនិត្យមើល រចនាសម្ព័ន្ធ ស្រះ​អង្គរវត្ត មុន​ធ្វើការ​ជួសជុល​

945
ចែករម្លែក

ដោយ​៖ គូលែន​
​សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ធ្វើ​កំណាយ នៅ​ផ្នែក​ណាមួយ នៃ​ស្រះ​ទឹក​ខាងជើង និង​ខាងត្បូង ក្នុង​ប្រាសាទអង្គរវត្ត មុន​ធ្វើការ​ជួសជុល​។ កំណាយ​នេះ គឺ​ដើម្បី​ពិនិត្យមើល រចនាសម្ព័ន្ធ និង​ទ្រង់ទ្រាយ​របស់​ស្រះ មុន​អ្នកជំនាញ ធ្វើការ​ជួសជុល ឱ្យស្រប​តាម​លំនាំ​ចាស់ និង​ជៀសវាង ផលប៉ះពាល់​ណាមួយ​។​

​លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងឱ្យដឹងថា កំណាយ​ស្រាវជ្រាវ បុរាណវិទ្យា​នេះ ធ្វើឡើង តាម​យោបល់ អ្នកជំនាញការ អាដហុក របស់​គណៈកម្មការ អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​សុំឱ្យ​អ្នកជំនាញ ធ្វើ​កំណាយ មុននឹង​ជួសជុល និង​កែលំអ​ស្រះ​ទាំងពីរ​របស់​ប្រាសាទអង្គរវត្ត​។

​លោក លី វណ្ណា បាន​បន្តថា គម្រោង​ជួសជុល និង​ស្ដារឡើងវិញ នៃ​ស្រះ​ខាងលើ គឺ​ក្នុង​បំណង​លើក​តម្លៃ កែលំអ​ស្រះ ដើម្បីឱ្យ​ទឹក​នៅបាន​យូរ និង​រៀបចំ​ច្រាំង​ស្រះ​ជុំវិញ ដែល​កន្លងមក ស្រះ​ទាំងនេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ ជាច្រើន ដែល​ចូលចិត្ត​ផ្ដិត​ទិដ្ឋភាព​របស់​ពួកគេ ជាមួយ​កំពូល​ប្រាសាទ​អង្គរ ដែល​ឆ្លុះ​ជាមួយ​ទឹកស្រះ ដ៏​ស្រស់ស្អាត​។

​លោក​បាន​បញ្ជាក់ថា កំណាយ​នេះ នឹង​អាចឱ្យ​អ្នកជំនាញ ដឹង​កាន់តែច្បាស់ ពី​រចនាសម្ព័ន្ធ​របស់​ស្រះ ក៏ដូចជា គុណភាព​របស់​ថ្ម ថា​តើ​វា​ត្រូវ​កែលំអ បែបណា​បន្ថែមទៀត ផងដែរ​។ គម្រោង​កំណាយ​ស្រាវជ្រាវ នៅ​ស្រះ​អង្គរ គ្រោង​ធ្វើ​នៅក្រោយ ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ និង​ប្រើពេល​ចន្លោះ​ពី ១​ខែ​កន្លះ ទៅ​២​ខែ​។

​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ស្នើឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ព្រមទាំង​សាធារណជន ទាំងអស់ យោគយល់ និង​ជ្រាប​ពី​ព័ត៌មាន​នេះ​៕V

#