អាជ្ញាធរ​ជាតិ​អប្សរា សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន​

221
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នាយកដ្ឋាន​គ្រប់គ្រង​ទឹក​និង នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​អន្តរ​វិស័យ រួម​នឹង​និស្សិត​មកពី​ប្រទេស​ជប៉ុន បានរួម​គ្នា​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

​ក្រុមការងារ​បានបញ្ជាក់​ថា ការសម្អាត​បរិស្ថាន​នេះ​ធ្វើឡើង​ចំនួន​២​ទីតាំង គឺ​ពី​រង្វង់​មូល​អប្សរា​ទៅ​ផ្លូវជាតិ​លេខ​៦ និង​ពី​រង្វង់​មូល​អប្សរា​ទៅ​ស្ពាន​នាគ ដោយ​ផ្តោតទៅលើ​ការជួសជុល​ផ្លូវថ្នល់ ការ​កាត់​ក្រី​មែកឈើ ការ​កាត់​សម្អាត​ស្មៅ និង​ការស្តារ​កំប្លោក​ចេញពី​ប្រឡាយទឹក​។

​ក្រុមការងារ​បាន​បន្ត​ថា ជានិច្ចកាល​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​បណ្តុះបណ្តាល​ដល់​មន្ត្រី បុគ្គលិក​នៃ​ស្ថាប័ន​ខ្លួន​ជាប្រចាំ ដើម្បី​លើកកម្ពស់​ការយល់ដឹង ការថែរក្សា​បរិស្ថាន ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​ដល់​ប្រជាជន​ក្នុង​តំបន់​អង្គរ​ជាប្រចាំ​។

​ក្រុមការងារ​បាន​បន្ត​ទៀតថា លើសពីនោះ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ទទួលបាន​វិញ្ញាបនបត្រ​ធានា​គុណភាព​បរិស្ថាន​ពី​ប្រទេស​ជប៉ុន​ជាច្រើនលើក​សម្រាប់​រមណី​យ​ដ្ឋា​ន​អង្គរ ថែមទាំង​បាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​សម្អាត​បរិស្ថាន​នៅតាម​សហគមន៍​និង​ទីសាធារណៈ​៕ ល​

#