អាជ្ញាធរ​ជាតិ​អ​ប្សារា​កំពុង​ជួសជុល​ប្រាសាទទន្លេស្ងួត​ដែល​រង​នូវ​ការ​ទ្រុឌទ្រោម​ខ្លាំង​

320
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​ប្រាសាទទន្លេស្ងួត​ជា​មន្ទីរពេទ្យ​មួយ​ក្នុងចំណោម​មន្ទីរពេទ្យ​ទាំង​១០២​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មាន​ទីតាំង​ស្ថិតនៅ​ទិស​ខាងជើង​ក្រុង​អង្គរធំ កសាងឡើង​នា​ចុង​ស​.​វ​.​ទី​១២​។ មកដល់ពេលនេះ​តួ​ប្រាសាទ​គ្រឹះ​ប្រាសាទ​និង​រចនា​សម្ពន្ធ​ផ្សេងៗ​ទៀត​របស់​ប្រាសាទ​បាន​រង​នូវ​ការខូចខាត​ជាខ្លាំង​។​

ពេលនេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​កំពុងដំណើរការ​ជួសជុល​ឡើងវិញ​ដោយមាន​ផែនការ​ជួសជុល​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​។​អាជ្ញាធរ​អប្សរា​បានបញ្ជាក់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៩​ខែកក្កដា​នេះ​។​

​តាម​ការបញ្ជាក់​របស់​លោក​ជា​សា​រិ​ទ្ធិ​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ដែលជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ​បានឱ្យដឹងថា​ប្រាសាទទន្លេស្ងួត​រង​នូវ​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ពីរ​សំខាន់ គឺ​ទឹកភ្លៀង ព្រោះ​ប្រាសាទ​គ្មាន​ដំបូល​នាំឱ្យ​ទឹក​ហូរ​ចូលដល់​ក្នុង​គ្រឹះ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ខ្លាំង​និង​ស្រុត​។

​ទី​ពីរ​គឺ​ដើមឈើ​ដែលជា​បង្អែក​ដល់​ប្រាសាទ​ផង​ហើយក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង​ព្រោះ​វា​ដុះ​លើ​ប្រាសាទ​ហើយ​ចាក់ឫស​ចូល​គ្រឹះ​ធ្វើឱ្យ​ថ្ម​នៃ​រចនា​សម្ពន្ធ​ប្រាសាទ​រំកិល​ចេញពី​ស្ថានភាព​ដើម​ទើប​មាន​ថ្ម​ខ្លះ​រអិល​ធ្លាក់ ហើយ​ខ្លះទៀត​ឫស​ឈើ​ទាញ​ចេញពី​គ្នា​។​

​លោក​សារិទ្ធ​បន្តថា​ដោយសារ​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​នេះហើយ​កាលពី​ឆ្នាំ​២០០៥​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើការ​ទល់​ទ្រ​ជុំវិញ​ប្រាសាទ​ទប់ទល់​នឹង​ការបាក់​រលំ​។​លុះដល់​ឆ្នាំ​២០១៩​ទើប​ក្រុមការងារ​មានលទ្ធភាព​ក្នុងការ​ជួសជុល​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ប្រាសាទ​ឱ្យមាន​លំនឹង​ឡើងវិញ​ក៏ដូចជា​ការលើកតម្លៃ​មរតក​ដូនតា​ដែលជា​ស្ថាបត្យកម្ម​ដ៏​សំខាន់​មួយ​នៃ​មន្ទីរពេទ្យ​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ឱ្យមាន​រូបរាង​ល្អប្រសើរ​ឡើងវិញ​។​

​ចំពោះ​ដំណើរការ​ជួសជុល​ប្រាសាទទន្លេស្ងួត​បុរាណ​វិទូ​រូបនេះ​អះអាងថា​វា​មាន​ភាពលំបាក​និង​ស្មុគស្មាញ​ខ្លាំង​ព្រោះ​គ្រឹះ​ប្រាសាទ​ធ្វើ​ពី​ថ្មបាយក្រៀម​បាន​ខូច​ទាំងស្រុង​មិនអាច​ទ្រ​លំនឹង​តួ​ប្រាសាទ​ធ្វើ​ពី​ថ្មភក់​បាន​។​ដូច្នេះ​កិច្ចការ​នេះ​ត្រូវ​ទាមទារ​ពេលវេលា​យូរ​អ្នកជំនាញ​និង​បច្ចេកទេស​ច្បាស់លាស់​ដោយ​ចែកជា​ពីរ​ដំណាក់កាល​៖

ទី​១​រុះរើ​តួ​ប្រាសាទ​ទាំងអស់​ពីលើ​ដល់​គ្រឹះ​ហើយ​ប្រមូល​ថ្ម​ចុះបញ្ជី​ថ្ម​ចុះ​លេខ​ថ្ម​សម្រង់​ប្លង់​ប្រាសាទ​និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​៤​កន្លែង​ដើម្បី​សិក្សា​ពី​ស្ថានភាព​គ្រឹះ​មុននឹង​ធ្វើការ​ជួសជុល​។​ទី​២​គឺ​ការ​រៀបសា​ឡើងវិញ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ដើម​ទម្រង់​ដើម​ដោយមាន​ការសិក្សា​យ៉ាង​ល្អិតល្អន់​ទាំង​គ្រឹះ ជញ្ជាំង​និង​ដំបូល​ព្រមទាំង​ធ្វើការ​សិក្សា​រក​ថ្ម​រ៉ា​យ​ប៉ាយ​ប្រមូល​រៀប​ផ្គុំ​សាកល្បង​ហើយ​យក​ដាក់​បំពេញ​ទីតាំង​ដើម​វិញ​ក្នុងពេល​ជួសជុល​។​

​ប្រាសាទ​ឬ​មន្ទីរ​ពេ​ទ​ន្យ​ទន្លេ​ស្ងួត​កាលពី​ឆ្នាំ​២០១៧​ធ្លាប់បាន​កំណាយ​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​បុរាណវិទ្យា​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រកឃើញ​ទ្វារបាល​កម្ពស់​ជិត​២​ម៉ែត្រ​ព្រះពុទ្ធ​ស្តេច​ថ្នាំ​បដិមា​ជាច្រើន​អង្គ បំណែ​កជើង​ទ្វារបាល និង​ស្លាកស្នាម​រស់នៅ​របស់​ប្រជាជន​នា​អតីតកាល​ជាច្រើន​។

ប្រាសាទ​នេះ​មិន​ធ្លាប់មាន​ការជួសជុល​ឡើយ​ពីមុន​គឺ​មានតែ​អ្នកជំនាញ​បារាំង​បាន​ចូលមក​ថែទាំ​សម្អាត​និង​កាប់​ដើមឈើ​ដុះ​លើ​ប្រាសាទ​នា​ឆ្នាំ​១៩៣០ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ផ្នែក​តួ​ម៉ប​ជ្រុង​អាគ្នេយ៍ និង​ជុំវិញ​ប្រាសាទ​ដើម្បី​បក​យក​កំណក​ដី​លើ​ខឿន​ប្រាសាទ​ហើយ​ប្រមូល​ថ្ម​ដែល​ធ្លាក់​ពីលើ​មក​ទុក​មួយកន្លែង និង​ចងក្រង​ឯកសារ​ខ្លះៗ​តែប៉ុណ្ណោះ​៕S/​

#