អាជ្ញាធរ​ជំនាញ​កោះកុង ត្រៀម​បង្ក្រាប​សេវា​សុខាភិបាល និង​ការ​ចរាចរ​ឱសថ​ខុសច្បាប់​

154
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខេត្តកោះកុង បាន​អះអាងថា ខ្លួន​នឹង​វិធានការ​បង្ក្រាប និង​លើកកម្ពស់​សុខភាព​សាធារណៈ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ចាត់​អោយ​អាជ្ញាធរ​សមត្ថកិច្ច​ឃ្លាំមើល​រាល់​សកម្មភាព​របស់​ជ​ន​ខិលខូច លួច​បើក​អាជីវកម្ម​បម្រើសេវា​សុខាភិបាល ឬ​ចរាចរ​ឱសថ​ខុសច្បាប់​។​

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទី​សុខាភិបាល​ខេត្តកោះកុង និង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ បាន​គូសបញ្ជាក់​បន្ទាប់ពី​កិច្ចប្រជុំ​ប្រកាស​កែសម្រួល​សមាសភាព​គណៈ​កម្ម​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ថា ដំណាក់កាល​នេះ អាជ្ញាធរ​ជំនាញ​មិន​លើកលែង​បានទេ​ចំពោះ​ជន​ណា​ដែល​លួចលាក់​បើក​សេវា​សុខាភិបាល ឬ​ផលិត ស្តុក​ទុក នាំចូល ចែកចាយ​ទិញ​លក់​ឱសថ​ខុសច្បាប់ ក្រោយពី​មានការ​ចុះ​ស្រង់​ស្ថិតិ និង​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​សាធារណជន​យល់ដឹង​អស់​រយៈ​ជាច្រើន​ឆ្នាំ​មកនេះ​។​

​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​កត់សម្គាល់ថា អំឡុងពេល​ស្រង់​ស្ថិតិ​សេវា​សុខាភិបាល មាន​ជនខិលខូច​មួយចំនួន​បាន​បើក​គ្លីនិក​សេវា​ពិនិត្យ និង​ព្យាបាល​គ្មាន​ការអនុញ្ញាត​ពី​មន្ទីរ និង​រដ្ឋបាលខេត្ត ដែលជា​ហេតុ​មិន​ថ្វី​ប្រហែស​បាន​។ ដូច្នេះ គណៈកម្មការ​ជំនាញ កំពុង​ចាត់​ដល់​មន្ត្រី​សុខាភិបាល សហការ​ជាមួយ​មេភូមិ ចៅសង្កាត់​មេឃុំ និង​ក្រុង​ស្រុក ជួយ​តាមដាន​ឃ្លាំមើល​អោយបាន​ជាក់លាក់​អំពី​ស​កម្ម​ភាព​របស់​ជនខិលខូច​ណាមួយ​ហ៊ាន​បើក​អាជីវកម្ម​សុខាភិបាល ឬ​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់ ដើម្បី​បង្ក្រាប និង​វិធាន​ការឃាត់​ប​ញ្ចូ​ន​រឹបអូស​វត្ថុតាង​ទៅ​តុលាការ​អនុវត្ត​នីតិវិធី​តែម្តង​។​

​ទន្ទឹម​នោះ លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកោះកុង​ទាំងមូល ចាំបាច់​ត្រូវ​បានមក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ផ្សេងៗ​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ស្រុក ខេត្ត ឬ​គ្លី​និ​ច​ឯកជន ដែលមាន​លិខិតអនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល ជៀសវាង​ប៉ះពាល់​សុខភាព និង​គ្រោះថ្នាក់​ប្រកាស​ណាមួយ​។ ចំពោះ​អង្គភាព​សេវា​សុខាភិបាល​ឯកជន​ណា ហួស​សុពល​អាជ្ញា​បណ្ណ​លិខិតអនុញ្ញាត ត្រូវ​ប្រញាប់​មក​ចុះ​ស្ថិត​បន្ត​សុពល ភាព​ប្រើប្រាស់​របស់ខ្លួន​។​

​ទាក់ទិន​ការលើកឡើង​ពី​ការដាក់ចេញ​នូវ​វិធាន​យ៉ាង​ម៉ត់ចត់​នេះ លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេ​ម​ភូមិន្ទ បាន​គាំទ្រ​ចំពោះ​វិធានការ​ការពារ និង​ទប់ស្កាត់​សកម្មភាព​នៃ​បើក​សេវា​បម្រើ​សុខាភិបាល ឬ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​គ្មាន​គុណភាព​ដែល​បង្ក​គ្រោះថ្នាក់​សុខភាព​សាធារណៈ ដើម្បី​សុវត្ថិភាព និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​លោក​អភិបាលក្រុង​ខេមរភូមិន្ទ ស្វាគមន៍​រាល់​កិច្ចសហការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​ជាមួយ​គណៈកម្មការ​លុបបំបាត់​ឱកាស​ខូចគុណភាព ដោយ​ពង្រឹង​យន្តការ​ជំរុញ​ដល់​មេភូមិ ចៅសង្កាត់ និង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​កត់សម្គាល់​នូវ​សកម្មភាព​លួចលាក់​បើក​សេវា​ថែទាំ ព្យាបាល​ជម្ងឺ ការផលិត ស្តុក​ទុក និង​លក់ដូរ​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត​។ ពិសេស​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ជ្រូត​ជ្រាប​ពី​ផលប៉ះពាល់ និង​ភាព​ងាយ​រងគ្រោះ​ដល់​សុខភាព​សាធារណៈ​ដែល​បណ្តាលមកពី​ការប្រើប្រាស់​ផលិត​សុខាភិបាល និង​សេវា​សុខាភិបាល​ពុំមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ប្រចាំ​ខែសីហា ឆ្នាំ​២០១៩ បង្ហាញថា បច្ចុប្បន្ន មាន​ឱសថស្ថាន សេវា​ពិគ្រោះ​ព្យាបាល​អ្នក​ជម្ងឺ កន្លែង​ធ្វើ​ធ្មេញ និង​ព្យាបាល​ជម្ងឺ​ភ្នែក​សរុប​ជិត​១១០​ទីតាំង​។ កន្លងទៅ បាន​ចុះបង្ក្រាប និង​បិទ​ទីតាំង​បណ្តោះអាសន្ន​នូវ​ពេទ្យធ្មេញ​ចំនួន​២​កន្លែង​ក្នុង​ក្រុង​ខេ​ម​ភូមិន្ទ​៕ ល​