អាជ្ញាធរ​ថៃ​ចាប់បាន​ជនជាតិខ្មែរ​២​នាក់ ក្នុង​ជន​ខ្មែរ​និង​ថៃ​ជិត​៤០​នាក់ ដែល​លួច​ចូល​កាប់​ឈើ​គ្រញូង​

344

(​ប្រទេស​ថៃ​) ៖ អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ជនជាតិខ្មែរ​២​នាក់ ក្នុង​ជន​ខ្មែរ និង​ថៃ ចំនួន ៣៨​នាក់ ដែល​ធ្វើ​សកម្មភាព​ស្ពាយ និង​ជញ្ជូន​ឈើ​គ្រញូង ចេញពី​ព្រៃ​ក្នុង​តំបន់ហាមឃាត់​របស់​ប្រទេស​ថៃ ក្រោយពេល​ពួកគេ​កាប់​និង​ជ្រៀក​រួចរាល់​។ ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​២៨​នាទី រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ ដោយ​កំលាំងចម្រុះ រួមមាន កម្លាំង​អធិការដ្ឋាន​តម្រួត​ស្រុក កម្លាំង​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត​ស្រះកែវ និង​អាជ្ញាធរ​គ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ ប៉ាង​ស៊ី​ដា ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​សេចក្ដីរាយការណ៍​ពី​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​៣៨​នាក់ ដែល​ក្នុង នោះ មាន​ខ្មែរ និង​ថៃ បាន​លួច​ចូលទៅ​ក្នុងព្រៃ នៃ​ឧទ្យាន ជាតិ​ប៉ាង​ស៊ី​ដា ដើម្បី​កាប់​ឈើ​គ្រញូង យកទៅលក់​ឲ្យ​ឈ្មួញ​។​
​ក្រោយពី​បានរៀបចំ​ផែនការ​រួចមក កម្លាំង​បានចេញ​ដំណើរ ឆ្ពោះទៅកាន់​គោលដៅ ព្រមទាំង​បាន​ដេញចាប់​ក្រុម​ប្រព្រឹត្ត​បទល្មើស​រត់​ប្រសេចប្រសាច​ពេញ​ព្រៃ ដោយ​ជា​លទ្ធផល គឺ កំលាំង​បានធ្វើការ​ចាន់​ខ្លួន​ជនជាតិខ្មែរ​បាន​២​នាក់​តែប៉ុណ្ណោះ ក្រៅពីនោះ គឺ​ពួកគេ​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ដោយឡែក​ឈើ​ដែល​ពួកគេ​រឹបអូស​បាន គឺអាច​ដាក់​បាន​មួយ កុងតឺន័រ រីឯ​ឈើ​ដែល​នៅ​សេសសល់​ក្នុងព្រៃ គឺ​មិន​ក្រោម​ពី ១០០​ដុំ​ឡើយ ដែល​ពួកគេ​ដាក់​នៅ​រាយប៉ាយ​ពាសពេញ​ព្រៃ ដោយ​មានតែ​ការ​ស្ពាយ ឬ​ជញ្ជូន​ចេញមក​តែប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ នាក់​ដែល​ភាគី​ថៃ​មិនបាន​បញ្ចេញ​អត្តសញ្ញាណ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​តម្រួត​ខេត្ត​ស្រះកែវ ដើម្បី​ធ្វើការ​សាកសួរ បន្ត​និង​ប្រគល់​ទៅ​ឲ្យ​អង្គភាព​ជំនាញ​ចាត់ចែង​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​